ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅទីក្រុងប៉ារីសកាលពីថ្ងៃចន្ទ ទី 1 ឧសភា ដែលជាថ្ងៃប្រពៃណីនៃការហែក្បួនដឹកនាំដោយសហជីព បន្ទាប់ពីមានការផ្លាស់ប្តូរយ៉ាងខ្លាំង ចំពោះប្រព័ន្ធសោធននិវត្តន៍របស់ប្រទេសបារាំងដែលត្រូវបានចុះហត្ថលេខាកាលពីខែមុន។
អគារមួយបានឆាបឆេះនៅ Place de la Nation ខណៈរដ្ឋធានីបារាំងបានក្លាយជាការប្រយុទ្ធគ្នារវាងបាតុករ និងប៉ូលិសកុបកម្ម។
នេះបើយោងតាមសាខារបស់ CNN BFMTV ប៉ូលីសប៉ារីសបាននិយាយថា មនុស្សប្រហែល 112,000 នាក់បានចូលរួមក្នុងការតវ៉ាកាលពីថ្ងៃច័ន្ទនៅក្នុងរដ្ឋធានីរបស់ប្រទេសបារាំង។ វាគឺជាចំនួនអ្នកទៅចូលរួមច្រើនជាងគេទីពីរ បើគិតចាប់តាំងពីបាតុកម្មប្រឆាំងនឹងកំណែទម្រង់សោធននិវត្តន៍បានចាប់ផ្តើមនៅក្នុងឆ្នាំនេះ។
ក្រុម CNN នៅមូលដ្ឋានបានរាយការណ៍ពីទិដ្ឋភាពដ៏វឹកវរក្នុងការតវ៉ា ដោយគប់កាំជ្រួចមកលើប៉ូលីស ហេតុដូច្នេះហើយទើបមានការនឆ្លើយតបដោយឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីឲ្យពួកគេបានដកថយ។
ទន្ទឹមគ្នានោះផងដែរប៉ូលីសបាននិយាយថាមានអគារមួយបានឆេះ ក្រោយមកត្រូវបានពន្លត់វិញ។ អគ្គីភ័យនោះកើតឡើងនៅ Place de la Nation ជាចំណុចចុងបញ្ចប់នៃការតវ៉ា។ បើតាមការរៀបរាប់របស់ទីភ្នាក់ងារសារព័ត៍មាន CNN បានឲ្យដឹងថា នៅពេលក្រុមប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក គឺវាបានឆក់យកខ្យល់ពីទីក្រុង Place de la Nation ខណៈដែលការប៉ះទង្គិចគ្នានៅតែបន្ត ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយក្រុមបាតុករមិនបានបង្ហាញសញ្ញានៃការបំបែកខ្លួននោះទេ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង Gerald Darmanin បាននិយាយ នៅមុនការតវ៉ាថា ក្រុមប៉ូលីសបាននិយាយប្រាប់ពីហានិភ័យនៃការប្រើអំពើហឹង្សាផងដែរ ហើយនៅពេលនោះគឺ មានការឃាត់ខ្លួនសរុបចំនួន 291នាក់ ចំនែកឯក្រុមប៉ូលីសវិញ បានរងរបួសប្រហែលជាង 100 នាក់។
ការកើតឡើងមួយនេះគឺបន្ទាប់ពីសហជីពដ៏ធំបំផុតមួយរបស់ប្រទេសបារាំង CGT បានអំពាវនាវឱ្យមានការតវ៉ា “ជាប្រវត្តិសាស្ត្រ” បន្ទាប់ពីភាពចលាចលជាច្រើនខែ និងកូដកម្មបានរីករាលដាល គឺបានធ្វើឲ្យមានគំនរសំរាមនៅតាមដងវិថីនៃទីក្រុងប៉ារីសទៀតផង។
ទាំងអស់នេះគឺកើតឡើងបន្ទាប់ពី ក្រុមប្រឹក្សាធម្មនុញ្ញរបស់ប្រទេសបារាំង ដែលដើរតួនាទីស្រដៀងនឹងតុលាការកំពូលរបស់សហរដ្ឋអាមេរិក កាលពីខែមេសា បានអនុម័តនូវកំណែទម្រង់មួយដោយធ្វើ ការបង្កើនអាយុចូលនិវត្តន៍ពី 62 ទៅ 64 ឆ្នាំ។
បើទោះបីជាមានការសម្រេចរួចរាល់យ៉ាងណាក្តី ក៏សហជីពដ៏មានអំណាចមួយចំនួនរបស់ប្រទេសបារាំងនិយាយថា ពួកគេនឹងតវ៉ាបន្តរទៀត។
កំហឹងនេះនឹងញាំញីក្នុងកំឡុងពេលនៃការកាន់តំណែងរបស់លោក Macron តើប្រទេសបារាំងនឹងមានរឿងអ្វីកើតឡើងបន្ទាប់?