មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងការបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានកើនឡើងរហូតដល់ជិត 400 នាក់។
លោក Thomas Bakenga អ្នកគ្រប់គ្រងដែនដី Kalehe វាជាភូមិមួយដែលរងផលប៉ះពាល់ដោយគ្រោះថ្នាក់ធម្មជាតិយ៉ាងធ្ងន់ធ្ងរ។ ហើយនៅកន្លែងនោះគេបានរកឃើញសាកសពចំនួន 394 នាក់ហើយ បន្ទាប់ពីទឹកជំនន់កាលពីសប្តាហ៍មុន។ ដោយកាលពីថ្ងៃសៅរ៍ លោកបានប្រកាសថាមានមនុស្សប្រហែល២០៣ នាក់តែប៉ុណ្ណោះដែលបានបាត់ខ្លួន។
ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ Kalehe នៃខេត្ត South Kivu កាលពីថ្ងៃព្រហស្បតិ៍ បានបណ្តាលឱ្យទឹកទន្លេហូរហៀរពាសពេញផ្ទៃដី និងបណ្តាលឱ្យមានការបាក់ស្រុតដី ហើយលេបត្របាក់ភូមិ Bushushu និង Nyamukubi ។
លោក Bakenga គាត់បានប្រាប់ AFP កាលពីថ្ងៃអាទិត្យតាមទូរស័ព្ទថា “ឥឡូវនេះយើងបានរកឃើញសាកសពជាង 390″នាក់ហើយនៅតំបន់ខាងលើនេះ ។
លោកបានបន្ថែមថាសាកសព 142 ត្រូវបានរកឃើញនៅ Bushushu, 132 នៅ Nyamukubi និង 120 ត្រូវបានគេរកឃើញអណ្តែតនៅលើបឹង Kivu ក្បែរ Idjwi ដែលជាកោះមួយនៅកណ្តាលបឹងភ្នំភ្លើងធំ។
លោក Bakenga បានបន្តទៀតថា “ចាប់តាំងពីថ្ងៃព្រហស្បតិ៍មក ពួកយើងបានស្វែងរកសាកសពរៀងរាល់នាទី ហើយយើងក៏កំពុងកប់ពួកគេទាំងនោះ”។
លោកបន្តថា រដ្ឋាភិបាលខេត្តបានបញ្ជូនទូក ដោយនាំយក សណ្ដែក ម្សៅ និងអាហារផ្សេងទៀត បូករួមទាំងក្រណាត់ និងថ្នាំពេទ្យផងដែរ។
ជាសរុបនៃប្រទេសកុងហ្គោនៅពេលនេះ គឺមានភូមិជាច្រើនត្រូវបានលិចលង់ ផ្ទះជាច្រើនត្រូវទឹកជន់លិច និងវាលស្រែត្រូវបានបំផ្លិចបំផ្លាញ នៅពេលដែលទន្លេនៅក្នុងតំបន់បានបាក់ច្រាំងដោយសារតែមានភ្លៀងធ្លាក់ខ្លាំងជាប្រចាំ។
រដ្ឋាភិបាលបានចេញសេចក្តីប្រកាសថា ថ្ងៃនៃការកាន់ទុក្ខជាតិនឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទ ដោយទង់ជាតិត្រូវបានទម្លាក់នៅពាក់ កណ្តាលដើម «ក្នុងការចងចាំដល់ជនរួមជាតិដែលបាត់បង់ជីវិត»។