ប្រធានាធិបតីបារាំងលោក Emmanuel Macron កំពុងរៀបចំកម្រាលព្រំក្រហមសម្រាប់នាយកប្រតិបត្តិពិភពលោក ខណៈដែលលោកមានបំណងធានាបាននូវកំណត់ត្រាវិនិយោគចំនួន 13 ពាន់លានអឺរ៉ូ។ ដោយសហគ្រិនមហាសេដ្ឋី Elon Musk គឺជាអ្នកដឹកនាំធុរកិច្ចអន្តរជាតិជាង ២០០ នាក់ ដែលការណាត់ជួបនេះនឹងធ្វើឡើងនៅថ្ងៃច័ន្ទក្នុងសាលសន្និសីទប្រទេសបារាំង។
Musk គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla ដែលបានទិញបណ្តាញសង្គម Twitter ក្នុងកិច្ចព្រមព្រៀង $44 ពាន់លានដុល្លារកាលពីឆ្នាំមុន។ ហើយនៅពេលនេះលោកនឹងជួបលោក Macron នៅវិមាន Elysée មុនពេលទៅចូលរួមអាហារថ្ងៃត្រង់ជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុ Bruno Le Maire ។
លោក Le Maire បានប្រាប់ទូរទស្សន៍ BFM កាលពីថ្ងៃច័ន្ទថា កិច្ចពិភាក្សារវាងរដ្ឋាភិបាល និងលោក Musk នឹងគ្រប ដណ្តប់លើប្រធានបទជាច្រើន រួមទាំងរថយន្តអគ្គិសនីផងដែរ។ លោក Musk ក៏នឹងទៅទស្សនា កិច្ចប្រជុំកំពូល ជ្រើសរើសប្រទេសបារាំង ប្រចាំឆ្នាំលើកទីប្រាំមួយ ដែលធ្វើឡើងនៅវិមាន Versailles ទៀតផង ។ ក្នុងចំណោមអ្នកដឹកនាំធុរកិច្ចបរទេស ពាក់កណ្តាលគឺមកពីអឺរ៉ុប ២០ភាគរយគឺមកពីអាមេរិកខាងជើង និង ១៥ភាគរយទៀតគឺមកពីអាស៊ី។
កិច្ចប្រជុំកំពូលនេះធ្វើឡើងបន្ទាប់ពីការលើកទឹកចិត្តជាបន្តបន្ទាប់ដែលបានប្រកាសដោយ Macron កាលពីសប្តាហ៍មុន ដើម្បីគាំទ្រដល់ឧស្សាហកម្មច្នៃប្រឌិត និងការផ្លាស់ប្តូរឆ្ពោះទៅរកបច្ចេកវិទ្យាពណ៌បៃតង។ ពួកគេក៏បានរួមបញ្ចូលឥណទានដើម្បីជួយក្នុងវិស័យដូចជា ការផលិតថ្ម រថយន្តអគ្គិសនី អ៊ីដ្រូសែន និងថាមពលខ្យល់ ដោយជួយរពន្លឿនការអនុញ្ញាតសម្រាប់គម្រោងឧស្សាហកម្មខាងលើនេះឲ្យឆាប់រហ័សទៀតផង។
លោក Macron បាននិយាយកាលពីថ្ងៃសុក្រថា “ប្រទេសបារាំងកំពុងផ្លាស់ប្តូរ ដោយសម្របខ្លួនទៅនឹងដំណើររបស់ពិភពលោក ហើយខ្ញុំជឿថា យើងកំពុងដើរតាមផ្លូវដ៏ត្រឹមត្រូវបំផុត ដែលជាការកសាងឡើងវិញនូវឧស្សាហកម្ម ដើម្បីឱ្យកាន់តែមានអធិបតេយ្យភាព និងការគោរពចំពោះអាកាសធាតុ និងជីវចម្រុះ”។
នាយកប្រតិបត្តិមកពីក្រុមហ៊ុនតៃវ៉ាន់បាននិយាយកាលពីសប្តាហ៍មុន ប្រទេសបារាំងបានយកឈ្នះការប្រកួតប្រជែងពីប្រទេសអាល្លឺម៉ង់ និងហូឡង់សម្រាប់ រោងចក្រផលិតអាគុយរថយន្តនៅបរទេសដំបូងគេរបស់ Prologium ដោយសារតែការបញ្ចុះបញ្ចូលរបស់រដ្ឋាភិបាលជាមួយនិង កិច្ចព្រមព្រៀងដ៏ផ្អែមល្ហែម។
ហើយនៅពេលនេះផងដែរក្រុមហ៊ុនយក្សស៊ុយអែត Ikea បានប្រកាសកាលពីសប្តាហ៍មុនថាខ្លួននឹងវិនិយោគបន្ថែម 906 លានអឺរ៉ូនៅក្នុងប្រទេសបារាំងឲ្យបានមុនឆ្នាំ 2026 ។ ទោះជាយ៉ាងនាក៏ដោយលោក Macron ក៏ឆ្លៀតស្វែងរកការគាំទ្រពីប្រជាជនក្នុងប្រទេសរបស់ខ្លួនផងដែរ ក្នុងឃ្លាមួយដែលលោកនិយាយថាយើងនិងឆ្ពោះទៅរកឧស្សាហកម្មពណ៌បៃតង។