Yoo Ah-in គឺជាតារាសម្តែង ហើយក៏ជាអ្នកដឹកនាំការច្នៃប្រឌិត និងជាវិចិត្រករដែលល្បីឈ្មោះម្នាក់របស់ជនជាតិកូរ៉េខាងត្បូង។ គាត់ត្រូវបានគេស្គាល់ថាជាតួអង្គចម្រុះនៅក្នុងទូរទស្សន៍ និងខ្សែភាពយន្ត ដែលជារឿយៗគាត់តែងបង្ហាញខ្លួនជាតួអង្គដែលមានថាមពលដ៏សំខាន់ម្នាក់។ ហើយលោកគឺជាតារាសម្តែងមួយដែលទទួលបានពានរង្វាន់ជាច្រើន ទាំងរឿងសម្តែងក្នុងប្រទេស និងក្រៅប្រទេស។
មកដល់បច្ចុប្បន្ននេះ សារព័ត៍មានក្នុងស្រុកមួយបាននិយាយថាតារាសម្តែង Yoo Ah-in បានបង្ហាញខ្លួននៅចំពោះមុខប៉ូលីសកាលពីព្រឹកថ្ងៃអង្គារ ដើម្បីការសាកសួរលោកជាលើកទីពីរជុំវិញការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀន។ រឿងនេះបានកើតឡើងនៅប្រាំថ្ងៃបន្ទាប់ពីលោកបានលុបចោលការបង្ហាញខ្លួនតាមកាលវិភាគរបស់កម្មវិធីក្នុងស្រុកមួយកន្លងមក។
តារាសម្តែងវ័យ 37 ឆ្នាំរូបនេះបានមកដល់ទីស្នាក់ការប៉ូលីសក្រុងសេអ៊ូលនៅម៉ោង 9 ព្រឹកដើម្បីធ្វើការសួរចម្លើយ ដោយរំពឹងថាការសាកសួរនឹងផ្តោតទៅលើប្រភេទ និងបរិមាណនៃគ្រឿងញៀនដែលលោកបានប្រើប្រាស់។ ព្រោះថាប្រភពនៃសារធាតុញៀន ជាច្រកមួយដែលឲ្យប៉ូលីសអាចស្វែងរកអ្នកដែលមានការពាក់ព័ន្ធ និងអ្នកសមគំនិតនៅក្នុងរឿងមួយនេះ។ តារាសម្ដែងYoo Ah-in រូបនេះបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ព្រោះតែនៅពេលនោះគឺមានអ្នកសារព័ត៌មានជាច្រើនបានសួរថា៖តើលោកបដិសេធការចោទប្រកាន់នេះឬយ៉ាងណា។
ដំបូងឡើយលោក Yoo គ្រោងនឹងបង្ហាញមុខនៅក្នុងកម្មវិធីមួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ខណៈពេលដែលគាត់មកជិតដល់ តែក៏មានការកោះហៅពីភ្នាក់ងារប៉ូលីសនៅថ្ងៃនោះដូចគ្នាដែរ។ ទើបរូបលោកបានសម្រេចចិត្តលុបចោលការចូលរួមភ្លាមៗហើយត្រលប់ទៅផ្ទះវិញដោយនិយាយថាមានវត្តមានអ្នកសារព័ត៌មានច្រើនពេក។
បន្ទាប់មកនៅព្រឹកថ្ងៃច័ន្ទ ប៉ូលិសបានព្រមានចាប់ខ្លួនលោក Yoo ប្រសិនបើគាត់នៅតែបដិសេធការសាកសួរនេះបន្តទៀត។ Yoo កំពុងស្ថិតក្រោមការស៊ើបអង្កេតលើការសង្ស័យនៃការប្រើប្រាស់ថ្នាំខុសច្បាប់ចំនួនប្រាំផ្សេងគ្នាសម្រាប់គោលបំណងដែលមិនមែនជាវេជ្ជបញ្ជា ការប្រើប្រាស់នោះមានដូចជា៖ propofol, កញ្ឆា, កូកាអ៊ីន, ketamine និង zolpidem ដែលជាថ្នាំងងុយគេង។ ក្រុមមន្ត្រីបាននិយាយថា ប៉ូលីសនឹងសម្រេចថាតើត្រូវស្នើសុំដីកាចាប់ខ្លួនលោក Yoo ដែរឬទេបន្ទាប់ពីបញ្ចប់ការសាកសួរ។