ទីក្រុងម៉ិកស៊ិកកាលពីថ្ងៃទី១៨ ខែឧសភា ទីភ្នាក់ងារសារព័ត៌មាន (Reuters)បានឲ្យដឹងថា – អាជ្ញាធរម៉ិកស៊ិកបានលុបចោលថ្នាក់រៀនផ្ទាល់សម្រាប់សិស្សជាង 100,000 នាក់ក្នុងទីក្រុងជាច្រើនដែលនៅក្បែរតំបន់ភ្នំភ្លើង ខណៈដែលសកម្មភាពដ៏កាចសាហាវនៃភ្នំភ្លើងមួយនេះកាន់តែខ្លាំងក្លាឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
យោងតាមក្រុមមន្ត្រីបានឱ្យដឹងថា ការផ្ទុះមួយនេះគឺនៅក្នុងកម្រិតតូចមែន ប៉ុន្តែវាមានកម្លាំងខ្លាំង ព្រោះភ្នំភ្លើង Popocatepetl ដែលគ្របដណ្តប់ដោយព្រិលបានបណ្តាលឲ្យមានផេះជាច្រើនបានធ្លាក់ចុះ ហេតុដូច្នេះហើយទើបធ្វើឲ្យអជ្ញាធរ ប្រកាសឲ្យថ្នាក់រៀននៅក្នុងទីក្រុងដែលរងផលប៉ះពាល់ផ្អាកជាបណ្ដោះអាសន្ន។
កំទេចផេះដែលធ្លាក់ចុះ បូករួមនឹងឧស្ម័នដែលសាយភាយដោយការផ្ទុះអាចបង្កគ្រោះថ្នាក់នៅពេលដកដង្ហើមចូល ហើយអ្វីដែលកាន់តែតែអាក្រក់ជាងនេះទៅទៀតនោះ ប្រជាជននៅក្នុងតំបន់នោះអាចតម្រូវឲ្យជម្លៀសខ្លួនចេញជាបណ្តោះអាសន្ន។
Popocatepetl មានន័យថា “ភ្នំជក់បារី” ជាភាសាកំណើត Aztec Nahuatl គឺជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើងដែលត្រូវបានគេតាមដានយ៉ាងជិតស្និទ្ធបំផុតរបស់ពិភពលោក។ វាអាចហុយឡើងនៅកំពស់ប្រហែល 45 ម៉ាយល៍ (72 គីឡូម៉ែត្រ) វាស្ថិតនៅភាគនិរតីនៃទីក្រុងម៉ិកស៊ិក ដែលមានប្រជាជនរស់នៅប្រហែល 22 លាននាក់ បើបូករួមទាំងតំបន់ទីប្រជុំជនជិតនោះ។
រូបភាពដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងផ្លាហ្សា នៃរដ្ឋធានី Puebla បានបង្ហាញថា មានមនុស្សជាច្រើនបានពាក់ម៉ាស់ដើម្បីការពារខ្លួនពីផេះនៅលើអាកាស។
ទោះបីជាសាលារៀននៅក្នុងរដ្ឋធានីរបស់រដ្ឋនៅតែបើកក៏ដោយ ក៏មន្ត្រីបានផ្តល់អនុសាសន៍ថាអ្នកស្រុកគឺជៀសវាងការធ្វើសកម្មភាពនៅខាងក្រៅផ្ទះជាដាច់ខាត។
មជ្ឈមណ្ឌលការពារគ្រោះមហន្តរាយរបស់ម៉ិកស៊ិក Cenapred បានរក្សាកម្រិតប្រកាសអាសន្នរបស់ខ្លួនសម្រាប់ភ្នំ ភ្លើងពណ៌លឿងកាលពីថ្ងៃព្រហស្បតិ៍ ដែលបង្ហាញ គឺជាហានិភ័យត្រឹមកម្រិតមធ្យមតែប៉ុណ្ណោះ។
Cenapred បានរាយការណ៍ថាក្នុងរយៈពេល 24 ម៉ោងកន្លងមកនេះ វាបានបញ្ជាក់ថា រាល់ការដកដង្ហើម គឺអាចរងផលប៉ះពាល់ជាមួយផេះ និងឧស្ម័នជាច្រើនដែលចេញពីភ្នំភ្លើងនេះ ។ បើទោះជាការផ្ទុះមានកម្រឹត “តិចតួច” តែក៏មានការរញ្ជួយដីឡូកឡំជាមួយនិងបន្ទុះភ្នំភ្លើងមួយនេះដែរ។
Popocatepetl គឺជាភ្នំភ្លើងដែលខ្ពស់ជាងគេទីពីររបស់ម៉ិកស៊ិកដែលមានកម្ពស់ 5,550 ម៉ែត្រ (18,209 ហ្វីត) ពីលើនីវ៉ូទឹកសមុទ្រ ហើយនៅថ្ងៃដ៏ច្បាស់លាស់គឺជាទិដ្ឋភាពនៃផ្ទៃមេឃដែលគេអាចមើលឃើញពណ៌របស់វាច្បាស់ គឺនៅភាគខាងត្បូងរបស់រដ្ឋធានីម៉ិកស៊ិក។