នាវាចម្បាំងដ៏ធំបំផុតរបស់ពិភពលោក គឺនាវាផ្ទុកយន្តហោះ USS Gerald R. Ford បានមកដល់ទីក្រុង Oslo នៃប្រទេស ន័រវេសកាលពីថ្ងៃពុធ។ ការចតរបស់នាវាចម្បាំងមួយនេះ គឺសម្រាប់ការឈប់សម្រាកតែប៉ុណ្ណោះ ប៉ុន្តែវាត្រូវបានរងការរិះគន់ដោយប្រទេសជិតខាងទៅវិញ។ រុស្ស៊ីបាននិយាយថាការចុះចតនាវាចម្បាំងនៅពេលនេះ គឺជាការបង្ហាញកម្លាំងដែល “មិនសមហេតុផល អាចនិយាយបានថាពួកគេកំពុងតែចង់បង្ករគ្រោះថ្នាក់”។
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយន័រវេស បានឱ្យដឹងថា កប៉ាល់ដើរដោយថាមពលនុយក្លេអ៊ែរប្រវែង 337 ម៉ែត្រ (1,106 ហ្វីត) បានធ្វើដំណើរចូលទៅក្នុង Oslo Fjord ដែលនឹងស្នាក់នៅជាច្រើនថ្ងៃមុនពេលធ្វើដំណើរទៅកាន់តំបន់អាក់ទិក គឺសម្រាប់ការធ្វើសមយុទ្ធយោធាតែប៉ុណ្ណោះ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយន័រវេស Erik J. Eslich មេបញ្ជាការនៃ US Carrier Strike Group 12 បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ន័រវែសគឺជាដៃគូរយុទ្ធសាស្រ្តក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាតំបន់អាក់ទិក និងអាត្លង់ទិកខាងជើងឲ្យមានសុវត្ថិភាព និងស្ថិរភាព ដើម្បីផ្តល់ផលប្រយោជន៍ និង សណ្តាប់ធ្នាប់ជូនពិភពលោក”។
យោធាន័រវេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដំណើរទស្សនកិច្ច និងវត្តមានរបស់នាវាផ្ទុកយន្តហោះគឺជាការផ្តល់ឱកាសពិសេសមួយក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់ពួកយើង គឺធ្វើជាមួយសម្ព័ន្ធមិត្តដ៏សំខាន់បំផុតនោះគឺសហរដ្ឋអាមេរិក”។
រដ្ឋមន្ត្រីក្រសួងការពារជាតិន័រវេស លោក Bjorn Arild Gram បាននិយាយថា “នេះគឺជាការបង្ហាញជាក់ស្តែងនៃទំនាក់ទំនងយ៉ាងជិតស្និទ្ធរបស់យើងជាមួយនិងសហរដ្ឋអាមេរិក ហើយវាក៏ជាការបង្ហាញនូវឆន្ទៈសម្រាប់ការការពារ និងការទប់ស្កាត់ជាសមូហភាព”ផងដែរ។ ដំណើរទស្សនកិច្ចលើកនេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ទន្ទឹមគ្នានោះផងដែរ វាក៏ស្របពេលដែល មានភាពតានតឹងកាន់តែខ្លាំងឡើង រវាងលោកខាងលិចនិងរុស្ស៊ីជុំវិញសង្គ្រាមនៅអ៊ុយក្រែនថែមទៀតផង។ អ្នកនាំពាក្យស្ថានទូតរុស្ស៊ីលោក Timur Chekanov បានប្រាប់ AFP តាមអ៊ីមែលថា “គ្មានបញ្ហាណាមួយនៅភាគខាងជើង ដែលទាមទារដោះស្រាយយោធា ហើយក៏គ្មានបញ្ហាកើតឡើងណាមួយដែលទាមទារឱ្យមានអន្តរាគមន៍ពីខាងក្រៅនោះទេ” ។
លោកបានបន្ថែមទៀតថា “គួរពិចារណាថា Oslo បានទទួលស្គាល់ថា រុស្ស៊ីមិនបង្កការគំរាមកំហែងផ្នែកយោធាដោយផ្ទាល់ដល់ប្រទេសន័រវេសនោះទេ តែការបង្ហាញកម្លាំងបែបនេះរបស់ពួកគេ វាហាក់ដូចជាគ្មានហេតុផលណាផ្សេងក្រៅពីការចង់បង្កគ្រោះថ្នាក់ដល់រុស្ស៊ីនោះ។
ចំនែកសមាជិកណាតូ ន័រវែស មានព្រំដែនគោកជាមួយរុស្ស៊ី ក៏ដូចជាព្រំដែនសមុទ្រនៅសមុទ្រ Barents គឺមាននាវា USS Gerald R. Ford ដែលអាចដឹកជញ្ជូនយន្តហោះ និងឧទ្ធម្ភាគចក្របានរហូតដល់ 90 គ្រឿង។ អ្នកវិភាគនយោបាយបានរំពឹងទុកថា នាវានឹងនៅតែចតនៅរដ្ឋធានីន័រវេសអស់រយៈពេលជាច្រើនថ្ងៃបន្តទៀត។ ហើយកំឡុងពេលនេះផងដែរ ការហាមឃាត់ដែនអាកាស និងសមុទ្រដ៏ធំក៏អាចនិងត្រូវបានអនុវត្តជុំវិញនាវាចម្បាំងមួយនោះដែរ។ បើយោងតាមគេហទំព័រ Barents Observer ប្រចាំថ្ងៃបានឲ្យដឹងថា សម្រាប់នាវាចម្បាំងដ៏ធំបំផុតរបស់ពិភពលោកមួយនេះត្រូវបានគេទស្សទាយថា នឹងធ្វើដំណើរទៅកាន់តំបន់អាក់ទិកក្នុងរយៈពេលជាច្រើនថ្ងៃមុនការចាប់ផ្តើមនៃសមយុទ្ធ Arctic Challenge នៅថ្ងៃទី 29 ខែឧសភា ដោយប្រមូលផ្តុំយន្តហោះចំនួន 150 គ្រឿង ដែលមកពីប្រទេសលោកខាងលិចចំនួន14ប្រទេស។