នៅថ្ងៃច័ន្ទ ទី២៩ ខែឧសភានេះទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា ប្រទេសជប៉ុនបានដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចរបស់ខ្លួនជាច្រើន បន្ទាប់ពីទទួលការព្រមានពីកូរ៉េខាងជើងថា ខ្លួននឹងបាញ់ទម្លាក់មីស៊ីលជាថ្មីម្តងទៀត ដើម្បីគំរាមកំហែងដល់ទឹកដីរបស់ជប៉ុន។ ប្រទេសកូរ៉េខាងជើងបានជូនដំណឹងជាផ្លូវការថា ខ្លួននិងបាញ់បង្ហោះផ្កាយរណបនៅចន្លោះថ្ងៃទី ៣១ ខែឧសភា ដល់ថ្ងៃទី ១១ ខែមិថុនាខាងមុខនេះ។
កូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរបាននិយាយថា ខ្លួនបានបញ្ចប់ផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួនជាស្ថាពរ។ ហើយមេដឹកនាំ គីម ជុងអ៊ុន ក៏បានអនុម័តក្នុងការត្រៀមខ្លួនចុងក្រោយរបស់លោក សម្រាប់ការបាញ់បង្ហោះផ្កាយរណបមួយនេះផងដែរ។
ក្រុមអ្នកវិភាគនយោបាយបាននិយាយថា ផ្កាយរណបនេះគឺជាផ្នែកមួយនៃកម្មវិធីបច្ចេកវិទ្យាឃ្លាំមើលពិភពលោក រួមបញ្ចូលទាំងយន្តហោះគ្មានមនុស្សបើកថែមទៀតផង។ រាល់សកម្មភាពទាំងនេះគឺសរបញ្ជាក់ឲ្យឃើញថា កូរ៉េខាងជើងគឺមានសមត្ថភាពកាន់តែរីកចម្រើនឡើង លើការបំពាក់អាវុធនុយក្លេអ៊ែរ ដើម្បីវាយប្រហាលុកគោលដៅក្នុងពេលដែលមានសង្គ្រាម។
ក្រសួងការពារជាតិជប៉ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងនឹងចាត់វិធានការ ដើម្បីប្រឆាំងនឹងការផ្លោងគ្រាប់ ព្រមទាំងកាំជ្រួចផ្សេងៗជាច្រើនទៀតដែលត្រៀមបាញ់មកលើទឹកដីរបស់យើង”។ ក្រសួងការពារជាតិជប៉ុនបាននិយាយទៀតថា ខ្លួននឹងប្រើប្រាស់មីស៊ីល Standard Missile-3 (SM-3) ឬ Patriot Missile PAC-3 ដើម្បីកម្ទេចមីស៊ីលកូរ៉េខាងជើង។
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយប្រាប់អ្នកយកព័ត៌មានថា រាល់ការបាញ់កាំជ្រួចណាមួយរបស់កូរ៉េខាងជើង នឹងក្លាយជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើការដោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយអង្គការនិងធ្វើការថ្កោលទោសរាល់ប្រទេសទាំងឡាយណាដែលធ្វើសកម្មភាពនុយក្លេអ៊ែរ និងមីស៊ីល។
ការិយាល័យរបស់លោកប្រធានាធិបតីជប៉ុនបាននិយាយនៅក្នុងការបង្ហោះនៅលើ Twitter ថា “យើងនូវតែទទូចឱ្យកូរ៉េខាងជើងបញ្ឈប់ការបាញ់សាកល្បងនោះដដែល។ ដោយជប៉ុនបានបន្ថែមទៀតថាខ្លួននឹងសហការជាមួយសម្ព័ន្ធមិត្តរបស់យើងនោះគឺ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ព្រមទាំងប្រទេសដទៃជាច្រើនទៀត ហើយពួកយើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីប្រមូលទិន្នន័យ និងវិភាគទៅការបាញ់បង្ហោះទាំងនោះយ៉ាងច្បាស់លាស់។ នៅក្នុងនោះផងដែរ ប្រទេសកូរ៉េខាងត្បូងបានចូលរួមជាមួយប្រទេសជប៉ុន ក្នុងការអំពាវនាវឱ្យកូរ៉េខាងជើងលុបចោលការបាញ់បង្ហោះផ្កាយរណបដែលបានគ្រោងទុកនោះបន្ថែមពីលើជប៉ុនថែមទៀតផង។ ហើយអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូងក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងសូមជំរុញឱ្យកូរ៉េខាងជើងដកផែនការដែលខុសច្បាប់នោះជាបន្ទាន់ ប្រសិនបើកូរ៉េខាងជើងនៅតែបន្តទៅមុខ វានិងខាតបង់លើការចំនាយ ហើយថែមទាំងនាំទុក្ខដាក់ខ្លួនជាក់ជាមិន ខាន។
ប៉ុន្តែកូរ៉េខាងជើងនៅតែធ្វើការបាញ់សាកល្បងកាំជ្រួចជាបន្តបន្ទាប់ឥតឈប់ឈរ ព្រមទាំងធ្វើការសាកល្បងអាវុធជាច្រើនហូរហែរក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ ថែមទាំងសាកល្បងកាំជ្រួចមីស៊ីលអន្តរទ្វីបថ្មីប្រើដោយឥន្ធនៈរឹងថែមទៀតផង។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើងបានរាយការណ៍ថា មេដឹកនាំរបស់ខ្លួនគឺលោក Kim កាលពីខែឧសភា បានត្រួតពិនិត្យទីតាំងផ្កាយរណបយោធាមួយកន្លែង។ ហើយនៅពេលនេះកូរ៉េខាងជើងបានព្យាយាមជាច្រើនដងក្នុងការបាញ់បង្ហោះផ្កាយរណបមួយសម្រាប់ “អង្កេតផែនដី” ដែលក្នុងនោះមាន ផ្កាយរណបចំនួនពីរ ហាក់ដូចជាត្រូវបានដាក់ដោយជោគជ័យនៅក្នុងគន្លងតារាវិថី ដែលជាការដាក់ចុងក្រោយបំផុតក្នុងឆ្នាំ 2016 ។
ចំពោះប្រមុខខុទ្ទកាល័យជប៉ុន លោក Hirokazu Matsuno បានប្រាប់សន្និសីទសារព័ត៌មានមួយថា “រដ្ឋាភិបាលរបស់ខ្លួនព្រមទទួលស្គាល់ថា ផ្កាយរណបរបស់កូរ៉េខាងជើងពិតជាមានលទ្ធភាពអាចឆ្លងកាត់ទឹកដីនៃប្រទេសយើងបានផងដែរ។
ចំនែកឯប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងវិញ បានធ្វើការរិះគន់ទៅលើផែនការរបស់គូប្រជែងរបស់ខ្លួនយ៉ាងជះដៃ ក្នុងនោះមានដូចជា កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន។ ដោយកូរ៉េខាងជើងបាននិយាយថា ពួកគេទាំងនោះកំពុងតែចែករំលែកទិន្នន័យលើការបាញ់មីស៊ីលរបស់ខ្លួន ហើយជាពិសេសនោះគឺពួកគេទាំងបីនេះកំពុងតែពិភាក្សាអំពី វិធានការដ៏អាក្រក់មួយ សម្រាប់រឹតបន្តឹងលើកិច្ចខិតខំប្រែងរបស់យើង។