បើយោងតាមសារព័ត៌មានក្នុងនៃប្រទេសថៃបានឲ្យដឹងថា បច្ចុប្បន្នលោក Pita Limjaroenrat មេដឹកនាំគណបក្សឆ្ពោះទៅមុខ (MFP)អាចនិងត្រូវគេដកសិទ្ធិពីការធ្វើជានាយករដ្ឋមន្ត្រី បន្ទាប់ពីមានបណ្តឹងជុំវិញសមាសភាពរបស់លោក ។ លោក Wissanu Krea-ngam បាននិយាយថា សម្រាប់ការបោះឆ្នោតសកល នៅក្នុងខែឧសភាគឺនៅមិនទាន់ដឹងច្បាស់ថា គួរតែត្រូវបានលុបចោលឬក៏អត់នោះ។
លោក Wissanu ដែលជាអ្នកច្បាប់នៃគណៈរដ្ឋមន្ត្រីបច្ចុប្បន្ន បាននិយាយនៅឯវិមានរដ្ឋាភិបាលកាលពីថ្ងៃពុធថាព័ត៌មានលម្អិតនៅក្នុងពាក្យបណ្តឹង គឺមានការប្រឆាំងនឹងការកាន់កាប់ភាគហ៊ុនរបស់លោក Pita Limjaroenrat នៅក្នុង iTV Plc គឺជាកត្តាដ៏សំខាន់បំផុត។
លោកបានបន្តថា ប្រសិនបើពាក្យបណ្តឹងដាក់គោលដៅលើសិទ្ធិរបស់លោក Pita ក្នុងការធ្វើជាសមាជិកសភា គាត់អាចនៅតែជានាយករដ្ឋមន្ត្រីបាន ព្រោះតំណែងនាយករដ្ឋមន្ត្រីមិនតម្រូវឱ្យធ្វើជាសមាជិកសភានោះទេ។
លោក Wissanu បាននិយាយទៀតថា ប្រសិនបើពាក្យបណ្តឹងនោះសំដៅទៅលើលក្ខណៈសម្បត្តិរបស់នាយករដ្ឋមន្ត្រីលោក Pita គាត់នៅតែអាចក្លាយជាសមាជិកសភាដដែល។
លោកបានបន្ថែមទៀតថា “ប្រសិនបើក្នុងពាក្យបណ្តឹងមានគោលដៅទាំងពីរ តុលាការនឹងពិនិត្យ មើលទាំងពីរតែម្តង”។
លោក Wissanu បាននិយាយថា ពាក្យបណ្តឹងក៏អាចចោទសួរពីការយល់ព្រម ពីសមាជិកភាពនៅក្នុងគណបក្សឆ្ពោះទៅមុខ(MFP)ចំពោះលោក Pita ផងដែរ។
លោកបានថ្លែងថា៖ «ក្នុងករណីនោះនឹងអាចត្រូវមានការបោះឆ្នោតសកលសាជាថ្មីទូទាំងប្រទេស»។
លោក Wissanu បាននិយាយថា ការនិយាយរបស់លោកនៅពេលនេះ គឺមិនមែនជាការផ្តល់អនុសាសន៍ណាមួយ ក្នុងការសរសេរពាក្យបណ្តឹងនោះទេ។
លោកបានមានប្រសាសន៍ថា ជាក់ស្តែងគឺ “វាអាស្រ័យលើដើមបណ្តឹង តុលាការ [ធម្មនុញ្ញ] នឹងសម្រេចលើបញ្ហាពិសេសក្នុងពាក្យបណ្តឹង”។
នៅក្នុងរដ្ឋធម្មនុញ្ញបានហាមប្រាមម្ចាស់ភាគហ៊ុននៃអង្គការប្រព័ន្ធផ្សព្វផ្សាយមិនឱ្យឈរឈ្មោះក្នុងការបោះឆ្នោតទូទៅ ហើយចំពោះលក្ខណៈសម្បត្តិរបស់លោក Pita ត្រូវបានគេជំទាស់ដោយសារតែលោកនៅតែកាន់កាប់ភាគហ៊ុន របស់គាត់នៅក្នុង iTV Plc ដែលត្រូវបានរួមបញ្ចូលគ្នាជាយូរមកហើយជាមួយ Thai PBS ។
សម្រាប់ពាក្យបណ្តឹងដែលដាក់ទៅគណៈកម្មការរៀបចំការបោះឆ្នោត គឺពាក់ព័ន្ធនឹងការស្រាវជ្រាវពីលោក Pita ឲ្យបានច្បាស់លាស់សិន ជុំវិញការកាន់កាប់ភាគហ៊ុននៃប្រព័ន្ធផ្សព្វផ្សាយរបស់លោកដែលថាជាមរតកពីឪពុកលោក។
លោក Wissanu បាននិយាយថា “នៅពេលនេះយើងមិនគួរមានការស្រមើស្រមៃឆ្ងាយបែបនេះទេ យើងគួរពិចារណាមួយជំហ៊ានម្តងៗ ព្រោះថានៅពេលនេះគណៈកម្មាធិការរៀបចំការបោះឆ្នោតមិនបានចាត់វិធានការណាមួយនៅឡើយទេ។”