ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយនៅក្នុងបទសម្ភាសមួយដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ថា ប្រទេសអ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចដើម្បីបើកការវាយលុក ហើយវាគឺជាការទន្ទឹងរង់ចាំជាយូរមកហើយរបស់ខ្លួនដើម្បីដណ្តើមយកទឹកដីដែលកាន់កាប់ដោយរុស្ស៊ីត្រឡប់មកវិញ។
លោក Zelenskiy បានប្រាប់កាសែត Wall Street Journal ថា “យើងជឿជាក់យ៉ាងមុតមាំថាយើងនឹងទទួលបាននូវជោគជ័យ” ។
“ខ្ញុំមិនដឹងថាវាត្រូវចំណាយពេលយូរប៉ុណ្ណាទេ ប៉ុន្តែបើនិយាយឱ្យត្រង់ទៅ នីតិវិធីអាចមានច្រើនបែបខុសៗគ្នា ប៉ុន្តែយើងនឹងធ្វើវា ហើយពួកយើងនៅពេលនេះបានត្រៀមលក្ខណៈរួចរាល់ហើយផងដែរ”។
ទីក្រុង Kyiv សង្ឃឹមថា ការវាយលុកដើម្បីដណ្តើមយកទឹកដីខ្លួនត្រឡប់មកវិញ នឹងផ្លាស់ប្តូរសក្ដានុពលនៃសង្គ្រាម ដែលបានផ្ទុះឡើងចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពានប្រទេសជិតខាងដែលតូចជាងរបស់ខ្លួនកាលពី 15 ខែមុន។
បើយោងតាម វីឌីអូរដែល លោក Zelenskiy បាននិយាយកាលពីខែមុនថា អ៊ុយក្រែនចាំបាច់ត្រូវរង់ចាំរថពាសដែក (រថក្រោះ) របស់លោកខាងលិចបន្ថែមទៀតសិន មុនពេលយើងចាប់ផ្តើមការវាយលុក។ លោកបានជំរុញការទូតដើម្បីរក្សាការគាំទ្ររបស់លោកខាងលិច ដោយស្វែងរកជំនួយផ្នែកយោធា និងសព្វាវុធបន្ថែមទៀត ព្រោះវាជាគន្លឹះសម្រាប់អ៊ុយក្រែនក្នុងការសម្រេចបាននូវផែនការរបស់ខ្លួនមួយនេះ។
ប្រទេសរុស្ស៊ីបានកាន់កាប់ទឹកដីអ៊ុយក្រែននៅភាគខាងកើត ខាងត្បូង និងភាគអាគ្នេយ៍។
ដូច្នេះហើយសម្រាប់អាកាសធាតុស្ងួតដ៏យូរនៅតំបន់ខ្លះនៃប្រទេសអ៊ុយក្រែន បានជំរុញឱ្យមានការរំពឹងទុកថាការវាយលុកអាចនឹងកើតមានពិតមែន។ ហើយអស់រយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ អ៊ុយក្រែនបានបង្កើនការវាយប្រហារលើឃ្លាំងរំសេវ និងផ្លូវដឹកជញ្ជូនរបស់រុស្ស៊ីជាច្រើនកន្លែងថែមទៀតផង។
កាលពីថ្ងៃសៅរ៍ យោធាអ៊ុយក្រែនបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃថា Mariinka នៅក្នុងតំបន់ Donetsk ភាគខាងកើត នៃអ៊ុយក្រែន គឺជាចំណុចផ្តោតនៃការប្រយុទ្ធ។ របាយការណ៍បាននិយាយថា កងកម្លាំងអ៊ុយក្រែនបានវាយប្រហារតបត រាល់ការវាយប្រហាររបស់ទាហ៊ានរុស្ស៊ីទាំង ១៤ នៅទីនោះ។