កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ គណបក្សភឿថៃ (PTP) បានប្តេជ្ញាបន្តចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងលោក Sonthiya Sawasdee សមាជិកនៃគណបក្ស United Thai Nation (UTN) ដែលបានដាក់ញត្តិមិនពិតទៅគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) ដោយចោទប្រកាន់មកលើគណបក្សភឿថៃពីបទទាក់ទាញទឹកចិត្តអ្នកបោះឆ្នោតជាមួយ ការសន្យាយុទ្ធនាការចែកចាយតាមរយៈឌីជីថលជាទឹកប្រាក់ចំនួន 10,000 បាត។
លោក Sonthiya Sawasdee សមាជិកនៃគណបក្ស United Thai Nation (UTN) បាននិយាយថា កាលពីរដូវកាលយុទ្ធនាការឃោសនានៃការបោះឆ្នោត គណបក្សភឿកថៃបានសន្យាថា នឹងផ្តល់ប្រាក់ចំនួន 10,000 បាតក្នុងប័ណ្ណឌីជីថលដល់មនុស្សដែលមានអាយុលើសពី 16 ឆ្នាំ ដើម្បីជួយបង្កើនសេដ្ឋកិច្ច នេះគឺជាទង្វើមួយដែលទទួលរងនូវការរិះគន់ជាច្រើនពីអ្នកនយោបាយ។
លោកស្រី Treechada Srithada អ្នកនាំពាក្យរងរបស់គណបក្សភឿថៃ កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា EC បានច្រានចោលរាល់ការដាក់ញត្តិរួចរាល់ ហើយការដាក់សំណើរមួយនេះ គឺត្រូវបានគេពិនិត្យមើលសិនថា តើគោលនយោបាយនេះមានគោលបំណងបោកប្រាស់អ្នកបោះឆ្នោតដែរឬទេ។
ការចោទប្រកាន់របស់ (UTN) រួមមានទាំងញត្តិដែលដាក់ដោយ Srisuwan Janya អគ្គលេខាធិការសមាគមការពាររដ្ឋធម្មនុញ្ញ និងលោកស្រី Ruangkrai Leekitwattana អតីតបេក្ខជនបោះឆ្នោតនៃគណបក្ស Palang Pracharath ថែមទៀតផង។
លោកស្រីបាននិយាយថា គោលនយោបាយចែកចាយតាមរយៈឌីជីថល ក្នុងពេលឥឡូវនេះកំពុងត្រូវបានពិភាក្សាក្នុងចំណោមដៃគូសម្ព័ន្ធដ៏មានសក្តានុពលរបស់គណបក្សភឿថៃផងដែរ។
ដូច្នេះហើយ អ្នកស្រីបានចោទប្រកាន់លោក Sonthiya Sawasdee ថាមានចេតនាប្រើញត្តិរបស់គាត់ ដើម្បីបង្ខូចគោលនយោបាយរបស់គណបក្សភឿថៃ ពីព្រោះគាត់មិនដាក់ញត្តិទៅ EC ជុំវិញការសន្យាឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយផ្សេងទៀតនោះទេ។
ជាឧទាហរណ៍ គណបក្ស Palang Pracharath ដែលចែករំលែកប្រវត្តិសាស្រ្តជាមួយ UTN បានបរាជ័យក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃដល់ចន្លោះពី 400 ទៅ 425 បាត ដូចដែលខ្លួនបានសន្យាក្នុងឆ្នាំ 2019នោះទេ ។
នេះបង្ហាញយ៉ាងច្បាស់ថា លោក Sonthiya Sawasdee មានចេតនាបរិហារកេរ្តិ៍គណបក្សភឿថៃ ដើម្បីបំភ័ន្តសាធារណជន ដែលជាការរំលោភលើមាត្រា ១០១ នៃច្បាប់សរីរាង្គឆ្នាំ ២០១៧ ស្តីពីគណបក្សនយោបាយ។
នាងបាននិយាយថា៖ «ភឿថៃនឹងមិនមានការប៉ុនប៉ងប្រព្រឹត្តអាក្រក់បែបនេះទេ» “សម្រាប់គណបក្សភឿកថៃគឺគ្មានការសូមទោសទៀតទេ គាត់សមនឹងទទួលបានលទ្ធផលសម្រាប់អ្វីដែលគាត់បានធ្វើ” តាមផ្លូវច្បាប់ជាមិនខាន។