គ្រោះថ្នាក់​ឡានក្រុងបាន​សម្លាប់​ភ្ញៀវដែលរួមពិធីមង្គលការចំនួន​១០​នាក់​នៅប្រទេស​អូស្ត្រាលី​

មនុស្សចំនួន ១០ នាក់បានស្លាប់ និង ២៥ នាក់បានរងរបួស បន្ទាប់ពីរថយន្តក្រុងដឹកភ្ញៀវដែលចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍បានក្រឡាប់ធ្លាក់ពីលើផ្លូវឡើងលើនៅរង្វង់មូលមួយក្នុងរដ្ឋ New South Wales (NSW) របស់ប្រទេសអូស្ត្រាលី។

តាមដានយើងតាមរយៈ Telegram CPN Daily

ឧបទ្ទវហេតុនេះបានកើតឡើងប្រហែលម៉ោង 11:30 យប់ (1330 GMT) កាលពីថ្ងៃអាទិត្យ នៅជិតទីក្រុង Greta នៅភាគពាយព្យនៃទីក្រុងស៊ីដនី ក្នុងតំបន់ Hunter ដែលល្បីល្បាញសម្រាប់ចំការទំពាំងបាយជូរ និងកន្លែងអាពាហ៍ពិពាហ៍។

លោក Tracy Chapman ជំនួយការស្នងការប៉ូលិសស្តីទីនៃរដ្ឋ NSW បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍ថា “ខ្ញុំយល់ថាពួកគេបានចូលរួមក្នុងពិធីមង្គលការជាមួយគ្នា វាជាការយល់ឃើញរបស់ខ្ញុំតែប៉ុណ្ណោះ ហើយពួកគេបានធ្វើដំណើរជាមួយគ្នា យើងអាចសន្មតថាគឺសម្រាប់ការស្នាក់នៅរបស់ពួកគេ” ។

លោក Chapman បាននិយាយថា នៅដំណាក់កាលនេះ វាហាក់ដូចជាគ្រោះថ្នាក់ចរាចរណ៍តែម្តង។ លោកបាននិយាយថាប៉ូលីសនៅតែព្យាយាមកំណត់អត្តសញ្ញាណអ្នកដំណើរទាំងអស់។

វីដេអូ​ដែល​បាន​បង្ហាញ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អូស្ត្រាលី​បាន​បង្ហាញថា ​រថយន្តក្រុង​នោះ​បានផ្តេកនៅ​ចំហៀង​ខ្លួន ដោយប៉ូលីសបាននិយាយថា មនុស្សមួយចំនួនអាចនៅតែជាប់នៅក្រោមរថយន្ត។

លោក Chapman បាននិយាយថា អ្នកបើកបររថយន្តក្រុងនេះ ជាបុរសអាយុ 58 ឆ្នាំ ស្ថិតក្រោមការចាប់ខ្លួន ហើយត្រូវបានគេរំពឹងថានឹងត្រូវបានចោទប្រកាន់ពីបទបង្ករឧបទ្ទវហេតុ។ ហើយគាត់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ធ្វើតេស្ត​ជាតិ​អាល់កុល និង​សារធាតុ​ញៀន។

លោក Chapman បាននិយាយថា អ័ព្ទខ្លាំងមានវត្តមាននៅក្នុងតំបន់នោះនៅពេលនោះ ប៉ុន្តែមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ – អាក្រក់បំផុតនៅក្នុងប្រទេសអូស្ត្រាលីក្នុងរយៈពេលជិត 30 ឆ្នាំ – មិនត្រូវបានកំណត់ទេ។

បើតាមការសង្កេតកាលពីឆ្នាំ 1973នៅពេលដែលរថយន្តក្រុងទេសចរណ៍មួយបានធ្លាក់ពីចំណោតមួយបន្ទាប់ពីការដាច់ហ្វ្រាំងគឺបានបង្ករឲ្យមនុស្សចំនួន 18 នាក់បានបាត់បង់ជីវិត។ ហើយកាលពីឆ្នាំ1989 ក៏មានគ្រោះថ្នាក់រថយន្តដ៏ធំបំផុត២ក្នុងប្រទេសដែរ គឺរថយន្តក្រុងបានបុកគ្នា ហើយបានបានសម្លាប់មនុស្សចំនួន35 នាក់ និង 21 នាក់ ទាំង​នៅក្នុង​រដ្ឋ NSW ។

នាយករដ្ឋមន្រ្តីលោក Anthony Albanese បានសម្តែងនូវ “ការអាណិតអាសូរបំផុត” របស់គាត់ចំពោះគ្រួសាររបស់ប្រជាជនដែលបានស្លាប់និងរងរបួស។

“យើងទាំងអស់គ្នាដឹងពីភាពរីករាយនៃការទៅពិធីមង្គលការ វាគឺជាពេលវេលាដ៏រីករាយបំផុតដែលអ្នកអាចមាន។ សម្រាប់ថ្ងៃដ៏រីករាយបែបនេះនៅក្នុងកន្លែងដ៏ស្រស់ស្អាត តែបែរជាកន្លែងដែលបញ្ចប់ជីវិតនិងរបួសដ៏គួរឱ្យភ័យខ្លាចបែបនេះទៅវិញ។ ការ​សោក​ស្តាយ និង​អយុត្តិធម៌​ណាស់» ។

ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​បាន​ប្រមូល​ផ្តុំ​គ្នា​ទៅ​គោរព​វិញ្ញាណក្ខន្ធ និង​ដាក់​ផ្កា​នៅ​ក្បែរ​កន្លែង​កើត​ហេតុ។

“នៅពេលដែលយើងបានឮរឿងនេះនៅពេលព្រឹកនេះ វាដូចជា មានអារម្មណ៍តក់ស្លត់ជាខ្លាំង។ ​​ហើយពិធីមង្គលការ ដែលជាថ្ងៃដ៏រីករាយបំផុតនៃជីវិតរនៃគូរស្នេហ៍នោះ វាប្រែទៅជាថ្ងៃដ៏សោកសៅបំផុតនៃជីវិតរបស់ក្រុមគ្រួសារដែលបានជួបគ្រោះថ្នាក់ទៅវិញ។

រោងចក្រស្រាទំពាំងបាយជូរ Wandin Valley Estate ដែលរៀបចំពិធីមង្គលការត្រូវបានបិទកាលពីថ្ងៃច័ន្ទ ដែលជាថ្ងៃសម្រាកសាធារណៈ នេះបើតាមការរាយការណ៍របស់ Australian Broadcasting Corp ។

ABC បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍ពីចំការទំពាំងបាយជូរថា “យើងមានការសោកស្ដាយជាខ្លាំងដែលបានទទួលដំណឹងពីការធ្លាក់ឡានក្រុងពេញមួយយប់ ដែលបានឆក់យកជីវិតភ្ញៀវមួយចំនួនរបស់យើង” ។

scroll to top