ប្រធានាធិបតីបេឡារុស្សលោក Alexander Lukashenko បានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសរបស់លោកបានទទួលអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រមួយចំនួនរបស់រុស្ស៊ីរួចហើយ ហើយលោកបាននិយាយថា លោកមិនមានការស្ទាក់ស្ទើរក្នុងការបញ្ជាឱ្យកងទ័ពរបស់លោកប្រើប្រាស់អាវុធទាំងអស់នោះទេ ប្រសិនបើបេឡារុសត្រូវប្រឈមមុខនឹងការឈ្លានពានពិតមែននោះ។
ការអត្ថាធិប្បាយពីលោក Alexander Lukashenko គឺផ្ទុយនឹងសេចក្តីថ្លែងការណ៍មុនរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលបាននិយាយថា អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី នឹងត្រូវដាក់ពង្រាយទៅកាន់ប្រទេសបេឡារុស្សនៅខែក្រោយ សកម្មភាពទាំងនោះបើកើតឡើងពិតមែនគឺមានន័យថា ប្រទេសមួយនេះនឹងស្ថិតនៅក្រោមការគ្រប់គ្រងផ្តាច់មុខរបស់ទីក្រុងម៉ូស្គូ។
កាលពីដើមឆ្នាំនេះ លោក ពូទីន បានប្រកាសពីផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែររយៈចម្ងាយខ្លីទៅកាន់ប្រទេសជិតខាងរបស់ទីក្រុងមូស្គូ ជាពិសេសសម្ព័ន្ធមិត្តរបស់លោក គឺបេឡារុស្សក្នុងសកម្មភាពដែលគេមើលឃើញយ៉ាងទូលំទូលាយថា វាជាការព្រមានដល់លោកខាងលិច ខណៈដែលពួកគេបង្កើនការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន។
ក្នុងអំឡុងពេលកិច្ចប្រជុំរបស់គាត់កាលពីថ្ងៃសុក្រជាមួយ លោក Alexander Lukashenko លោក Putin បាននិយាយថាការងារលើការសាងសង់កន្លែងសម្រាប់សព្វាវុធនឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី 7-8 ខែកក្កដា ហើយសម្ភារៈទាំងអស់នោះនឹងត្រូវផ្លាស់ប្តូរទៅកាន់ទឹកដីបេឡារុស្សភ្លាមៗផងដែរ។
លោក Alexander Lukashenko បាននិយាយកាលពីថ្ងៃអង្គារថា “អ្វីគ្រប់យ៉ាងគឺរួចរាល់” សម្រាប់ការដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីដោយបន្ថែមថា “វាអាចចំណាយពេលតែពីរទៅបីថ្ងៃសម្រាប់ពួកយើងដើម្បីទទួលបាននូវអ្វីដែលយើងបានស្នើសុំ” ។ មានការចោទសួរដោយពិធីករទូរទស្សន៍រដ្ឋរុស្ស៊ីផងដែរជុំវិញទំនាក់ទងខាងលើ ដោយមានសំនួរមួយបានសួរថា តើបេឡារុស្សបានទទួលអាវុធខ្លះហើយឬនៅ? លោក Alexander Lukashenko បានឆ្លើយតបយ៉ាងមឺងម៉ាត់ថា “ការទទួលបាននោះអាចនិយាយបានថា គឺបន្តិចម្ដងៗ”។
លោកបានមានប្រសាសន៍ថា “យើងបានទទួលមីស៊ីល និងគ្រាប់បែកពីរុស្ស៊ី” ដោយលោកបានបន្ថែមថា អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ដែលនឹងត្រូវដាក់ពង្រាយនៅបេឡារុស្ស គឺខ្លាំងជាងគ្រាប់បែកបរមាណូរបស់អាមេរិក បីដង ដែលបានទម្លាក់លើទីក្រុង ហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី របស់ជប៉ុនកាលពីឆ្នាំ ១៩៤៥។
លោក Alexander Lukashenko ដែលត្រូវបានគេស្គាល់ថាជាមនុស្សដែលមានការនិយាយបំផ្លើស បាននិយាយនៅក្នុងសេចក្តីអធិប្បាយដែលចេញផ្សាយ ដោយការិយាល័យរបស់គាត់កាលពីថ្ងៃអង្គារថា “ព្រះហាមខ្ញុំត្រូវធ្វើការសម្រេចចិត្តក្នុងការប្រើប្រាស់អាវុធទាំងនោះនៅថ្ងៃនេះ ប៉ុន្តែវានឹងមិនមានការស្ទាក់ស្ទើរទេ ប្រសិនបើយើងប្រឈមមុខនឹងការឈ្លានពាន” ។ បន្ទាប់ពីការថ្លែងនៅថ្ងៃអង្គារ ក្រោយមកលោកក៏បានធ្វើសុន្ទរកថាមួយ ដែលចេញផ្សាយដោយទូរទស្សន៍រដ្ឋរុស្ស៊ី ដោយលោកបានបញ្ជាក់ថា លោកនឹងពិគ្រោះយោបល់ជាមួយលោកពូទីន មុននឹងសម្រេចចិត្តប្រើប្រាស់អាវុធណាមួយ។
លោក Alexander Lukashenko បានសង្កត់ធ្ងន់ថា អ្វីៗទាំងអស់គឺជារូបខ្ញុំដែលបានស្នើឱ្យលោក Putin ពង្រាយអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីទៅកាន់ប្រទេសបេឡារុស្ស។ លោកបានអះអាងថា វិធានការនេះចាំបាច់ដើម្បីរារាំងការឈ្លានពានដែលអាចកើតមានជាយថាហេតុ។
លោក Alexander Lukashenko បាននិយាយទៀតថា “ខ្ញុំជឿថាគ្មាននរណាម្នាក់មានឆន្ទៈក្នុងការប្រយុទ្ធជាមួយប្រទេសដែលមានអាវុធទាំងអស់នោះទេ” ព្រោះថា «អាវុធទាំងអស់នោះគឺជាអាវុធប្រឆាំង»។ អាវុធនុយក្លេអ៊ែយុទ្ធសាស្ត្រ មានគោលបំណងបំផ្លាញកងទ័ពរបស់សត្រូវ និងអាវុធជាច្រើនដែលប្រើប្រាស់នៅលើសមរភូមិ។ ពួកវាមានរយៈចម្ងាយខ្លី និងមានទិន្នផលទាបជាងក្បាលគ្រាប់នុយក្លេអ៊ែរដែលបំពាក់នៅមីស៊ីលផ្លោងអន្តរទ្វីប ហើយវាមានសមត្ថភាពកម្ទេចទីក្រុងទាំងមូលថែមទៀតផង។ លោក Alexander Lukashenko បាននិយាយថា ធាតុពិតប្រទេសបេឡារុស្សមិនត្រូវការការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី ទៅកាន់ទឹកដីរបស់ខ្លួននោះទេ លោកបាននិយាយថា៖ (ព្រោះខ្ញុំមិនចង់ប្រយុទ្ធជាមួយនឹងសហរដ្ឋអាមេរិកទេ)។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា បេឡារុស្ស ក៏កំពុងរៀបចំកន្លែងសម្រាប់កាំជ្រួចនុយក្លេអ៊ែរអន្តរទ្វីបផងដែរ ។
លោក Alexander Lukashenko បាននិយាយកាលពីថ្ងៃអង្គារថា រុស្ស៊ីបានប្រើប្រាស់ទឹកដីរបស់បេឡារុស ដើម្បីបញ្ជូនកងទ័ពរបស់ខ្លួនចូលទៅក្នុងអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ហើយបានរក្សាកម្លាំង និងសព្វាវុធនៅលើទឹកដីរបស់ខ្លួនថែមទៀតផង។
ចំពោះប្រទេសបេឡារុស្សនឹងជំរុញការផលិតកម្ម ឲ្យផលិតគ្រាប់រ៉ុក្កែតជាច្រើនសម្រាប់ការបាញ់ផងដែរ។លោក Alexander Lukashenko ដែលកាន់អំណាចអស់រយៈពេល 29 ឆ្នាំគឺបានពឹងផ្អែកលើការគាំទ្រផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់រុស្ស៊ីដើម្បីរស់រានមានជីវិតបន្តទៀត។ ហើយការចាប់ខ្លួនអ្នកតវាជាបន្តបន្ទាប់នៅក្នុងប្រទេសមួយនេះ បានធ្វើឲ្យប្រទេសទាំងមូលរងនូវការដាក់ទណ្ឌកម្មពីលោកខាងលិច បន្ទាប់ពីការបោះឆ្នោតនៅឆ្នាំ 2020 ។
ការកាន់អំនាចរបស់លោក Alexander Lukashenko ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយទាំងក្នុង និងក្រៅប្រទេសថា លោកគ្រាន់តែជាឧបករណ៍របស់រុស្ស៊ីតែប៉ុណ្ណោះ។