ការវាយប្រហារតាមផ្លូវអាកាសបានសម្លាប់ជនស៊ីវិល ព្រមទាំងបានវាយលុកផ្នែកជាច្រើននៃរដ្ឋធានីរបស់ប្រទេសស៊ូដង់កាលពីថ្ងៃសៅរ៍ ខណៈដែលក្រុមយោធាដែលកំពុងប្រយុទ្ធគ្នាទាំងពីរនោះ បានយល់ព្រមបទឈប់បាញ់ដើម្បីបញ្ឈប់អំពើហិង្សាក៏ដោយ។
ការប្រយុទ្ធគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) កំពុងឈានចូលដល់ខែទី 3 របស់ខ្លួន ដោយភាគីទាំងពីរមិនទាន់ទទួលបាននូវអត្ថប្រយោជន៍ណាមួយនៅឡើយទេ។
អង្គការសហប្រជាជាតិបាននិយាយថា សង្គ្រាមនេះបានធ្វើឱ្យប្រជាជនស៊ូដង់ចំនួន 2.2 លាននាក់ផ្លាស់ទីលំនៅ។ ហើយចំនែករដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសស៊ូដង់វិញបាននិយាយថា សង្គ្រាមមួយនេះ វាបានសម្លាប់មនុស្សជាង 3.000 នាក់ និងរងរបួសជាង 6.000 នាក់ ។
កាលពីល្ងាចថ្ងៃសៅរ៍ សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីតបាននិយាយថា បក្សពួកទាំងពីរបានយល់ព្រមលើបទឈប់បាញ់ថ្មីរយៈពេល 72 ម៉ោង ដែលនឹងចាប់ផ្តើមនៅព្រឹកថ្ងៃអាទិត្យ។ បទឈប់បាញ់លើកមុនមិនមានការគ្រប់គ្រង ទើបធ្វើឱ្យការប្រយុទ្ធគ្នាមិនអាចឈានដល់ការបញ្ឈប់ទាំងស្រុង។
ក្រុមកងទ័ពស៊ូដុងមានគុណសម្បត្តិលើថាមពលផ្លូវអាកាសនៅក្នុងទីក្រុង Khartoum និងទីក្រុងជិតខាង Omdurman និង Bahri ខណៈដែល RSF បានបង្កប់ខ្លួននៅក្នុងសង្កាត់លំនៅដ្ឋាន។ កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ កងទ័ពស៊ូដុងបានបង្ហាញខ្លួន ដើម្បីបង្កើនការវាយប្រហារផ្លូវអាកាស ដោយពួកគេវាយប្រហារតាមសង្កាត់លំនៅឋានរបស់ប្រជាពលរដ្ឋអស់មួយចំនួនផងដែរ។
នៅក្នុងសុន្ទរកថាដែលបានបង្ហោះដោយកងទ័ពស៊ូដុងកាលពីថ្ងៃសុក្រ លោកឧត្តមសេនីយកំពូល Yassir Al-Atta បានព្រមានប្រជាជនឱ្យនៅឆ្ងាយពីផ្ទះដែល RSF បានកាន់កាប់។ ហើយលោកបាននិយាយទៀតថា ៖ «ព្រោះនៅត្រង់ចំណុចនេះ យើងនឹងវាយប្រហារពួកគេគ្រប់ទីកន្លែង។ នៅពេលនេះ”រវាងពួកយើង និងពួកឧទ្ទាមទាំងនោះ គឺមានតែគ្រាប់កាំភ្លើងតែប៉ុណ្ណោះ” ហេតុផលមួយនេះវាហាក់ដូចជាចង់ច្រានចោលការប៉ុនប៉ងសម្របសម្រួល។
ក្រសួងសុខាភិបាល Khartoum បានបញ្ជាក់របាយការណ៍ចំពោះក្រុមអ្នកស្ម័គ្រចិត្តក្នុងតំបន់កាលពីថ្ងៃសៅរ៍ថា មនុស្ស 17 នាក់រួមទាំងកុមារ 5 នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ Mayo នៃភាគខាងត្បូង Khartoum និងផ្ទះចំនួន 25 ល្វែងត្រូវបានបំផ្លាញទាំងស្រុង។
សង្គ្រាមផ្ទៃក្នុងនេះ គឺមានការវាយប្រហារចុងក្រោយដ៏ធំបំផុតមួយ ក្នុងការវាយប្រហារតាមអាកាស ការបាញ់កាំភ្លើងធំទៅលើសង្កាត់ក្រីក្រ ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែលពេញទីក្រុង ដែលអ្នកស្រុកភាគច្រើននៅទីនោះ គឺមិនមានលទ្ធភាពលើការចំណាយដើម្បីចាកចេញពីកន្លែងដ៏គ្រោះថ្នាក់នោះ។
កាលពីល្ងាចថ្ងៃសុក្រ គណៈកម្មាធិការតស៊ូក្នុងតំបន់បាននិយាយថា មនុស្ស 13 នាក់ត្រូវបានសម្លាប់ដោយការបាញ់ផ្លោងនៅ al-Lammab ដែលស្ថិតនៅភាគខាងលិចនៃទីក្រុង Khartoum ដោយពួកគេទាំងនោះបានហៅសង្កាត់នេះថាជា “តំបន់ប្រតិបត្តិការ” ។ អ្នកស្រុកបានរាយការណ៍ថាមានការវាយប្រហារតាមអាកាសនៅកន្លែងផ្សេងទៀតនៅភាគខាងត្បូង និងភាគខាងលិចទីក្រុង Khartoum នាពេលរសៀលថែមទៀតផង។
RSF កាលពីថ្ងៃសៅរ៍បាននិយាយថា ខ្លួនបានទម្លាក់យន្តហោះចម្បាំងរបស់កងទ័ពនៅតំបន់ Nile វាស្ថិតនៅភាគខាងលិចនៃទីក្រុង Khartoum។
មានវីដេអូដែលចែករំលែកជាមួយ Reuters បានបង្ហាញថា ផ្សែងហុយអាចត្រូវបានគេមើលឃើញថាកំពុងកើនឡើងនៅជិតដេប៉ូប្រេងឥន្ធនៈដែលស្ថិតនៅភាគខាងត្បូងនៃទីក្រុង Khartoum ។
បើយោងតាមគណៈកម្មាធិការក្នុងតំបន់នៅក្នុងសង្កាត់ Beit al-Mal បានឲ្យដឹងថា ការវាយប្រហារតាមអាកាសនៅកណ្តាល និងភាគខាងត្បូង Omdurman បានបន្តពីថ្ងៃសុក្រដល់ថ្ងៃសៅរ៍ វាមិនត្រឹមតែបំផ្លាញដល់ផ្ទះសម្បែងរបស់ប្រជាជនប៉ុណ្ណោះទេ ហើយវាថែមទាំងបានសម្លាប់មនុស្សថែមទៀតផង។
អ្នកស្រុកបាននិយាយថាសមាជិកបីនាក់នៃគ្រួសារមួយត្បានស្លាប់នៅក្នុងសង្កាត់ Sharq el-Nil បន្ទាប់ពីការវាយប្រហារតាមអាកាសកាលពីថ្ងៃសុក្រ។
នៅ El-Geneina នៅ West Darfur មនុស្សជាង 270,000 នាក់បានភៀសខ្លួនឆ្លងព្រុំដែនទៅកាន់ប្រទេស Chad បន្ទាប់ពីមនុស្សជាង 1,000 នាក់ត្រូវបានសម្លាប់ដោយការវាយប្រហារ។ ប្រទេសសហរដ្ឋអាមេរិកបានស្តីបន្ទោសទៅលើក្រុម RSF និងកងជីវពលអារ៉ាប់ដែលសម្ព័ន្ធមិត្ត ។
នៅក្នុងទីក្រុង Khartoum សង្រ្គាមបានកាត់ផ្តាច់មនុស្សរាប់លាននាក់ ដែលនៅសេសសល់ពីការដាច់អគ្គិសនី ទឹក និងលទ្ធភាពទទួលបានការថែទាំសុខភាព ហើយអ្នកស្រុកត្រូវបែងចែកអាហារដើម្បីរស់ពីមួយថ្ងៃទៅមួយថ្ងៃ គឺដោយសារតែមានការលួចបានរីករាលដាលពាសពេញកន្លែងភាសខ្លួននៃប្រទេសស៊ូដុង។