ប្រធានអង្គការណាតូលោក Jens Stoltenberg បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃច័ន្ទនៅទីក្រុងប៊ែរឡាំងថា មិនមានការពិភាក្សាបន្តអំពីអ៊ុយក្រែនចូលរួមជាមួយអង្គការណាតូនៅក្នុងកិច្ចប្រជុំកំពូលខែកក្កដាខាងមុខនៅទីក្រុងវីលនីស នៃប្រទេសលីទុយអានីនោះទេ។
លោក Jens Stoltenberg បាននិយាយថាការប្រជុំនៅក្នុងខែកក្កដា នឹងមិនមានការអញ្ជើញជាផ្លូវការចំពោះអ៊ុយក្រែនឲ្យចូលទៅក្នុងសម្ព័ន្ធភាពអាត្លង់ទិកខាងជើងនោះទេ ប៉ុន្តែអាចនឹងមានការពិភាក្សាយ៉ាងសកម្មក្នុងអំឡុងពេលកិច្ចប្រជុំកំពូលដោយស្តីពី “របៀបផ្លាស់ទីរបស់អ៊ុយក្រែនឱ្យខិតទៅជិតអង្គការណាតូ” ។ លោកបាននិយាយថា ការផ្តោតលើតែចំណុចសំខាន់នៃកិច្ចប្រជុំកំពូលនេះ នឹងការផ្តោតលើវិធីមួយដើម្បីជួយដល់អ៊ុយក្រែនដោយជោគជ័យ ព្រមទាំងអាចការពារខ្លួន ក្នុងប្រឆាំងនឹងរុស្ស៊ីថែមទៀតផង។ លោកបានបន្ថែមថា អ្នកចូលរួមក្នុងការប្រជុំអាចលើកយកប្រទេសមួយនេះមកធ្វើជាប្រធានបទបាន “លុះត្រាតែអ៊ុយក្រែនយកឈ្នះសង្គ្រាមសិន បើដូច្នោះទេ គឺមិនមានបញ្ហាអ្វីដែលត្រូវលើកយកមកពិភាក្សានៅក្នុងសមាជិកភាពជាដាច់ខាត”។
លោក Stoltenberg បានបញ្ជាក់ថា មានការឯកភាពគ្នាក្នុងចំណោមសមាជិកណាតូថា ថ្ងៃណាមួយអ៊ុយក្រែននឹងចូលរួមជាមួយសម្ព័ន្ធមិត្ត ដោយយើងអាចកត់សម្គាល់ថា រុស្ស៊ីមិនមានអំណាចណាមួយដែលអាចជះឥទ្ធិពលមកលើការសម្រេចចិត្តរបស់យើងបាននោះទេ។
មហិច្ឆតារបស់អ៊ុយក្រែនក្នុងការចូលជាសមាជិកណាតូ ត្រូវបានគេព្យាករណ៍ដឹងមុន តាំងពីមានការឈ្លានពានរបស់រុស្ស៊ីកាលពីឆ្នាំមុន និងការបញ្ចូលតំបន់គ្រីមៀររបស់ខ្លួនក្នុងឆ្នាំ ២០១៤ មកម្ល៉េះ។
ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋបាលរបស់លោកនឹងមិន “ធ្វើឱ្យមានភាពងាយស្រួល” សម្រាប់អ៊ុយក្រែនក្នុងការចូលរួមជាមួយអង្គការ NATO នោះទេ។ ដោយលោកបានកត់សម្គាល់ថា ប្រទេសដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាម គឺត្រូវតែបំពេញតាមលក្ខណៈវិនិច្ឆ័យដូចគ្នាទៅនឹងរដ្ឋដែលសមាជិកដទៃទៀតដូចគ្នា។
យោងតាមផែនការសកម្មភាពសមាជិកភាពរបស់អង្គការណាតូ ប្រទេសដែលជាបេក្ខភាពត្រូវតែធ្វើកំណែទម្រង់យោធា និងលទ្ធិប្រជាធិបតេយ្យ មុនពេលពួកគេត្រូវបានចាត់ទុកថាជាសមាជិក NATO ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានជំរុញថ្នាក់ដឹកនាំណាតូ និងសហភាពអឺរ៉ុប ឱ្យកំណត់ពេលវេលាស្តីពីការចូលជាសមាជិករបស់អ៊ុយក្រែន។
នៅក្នុងវីដេអូ ដែលថតនៅពេលយប់របស់គាត់កាលពីថ្ងៃច័ន្ទ លោក Zelenskyy បានលើកសរសើរការឈានទៅមុខរបស់អ៊ុយក្រែនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។ លោកបានមានប្រសាសន៍ថា “យើងមិនមានមុខតំណែងណាដែលបាត់បង់ទេ ហើយក៏មានតែអ្នករំដោះថែមទៀតផង”។
លោកបានបន្ថែមថា “នៅតំបន់ខ្លះអ្នកចម្បាំងរបស់យើងកំពុងឆ្ពោះទៅមុខ នៅតំបន់ខ្លះពួកគេកំពុងការពារទីតាំងរបស់ពួកគេ និងទប់ទល់នឹងការវាយលុករបស់អ្នកកាន់កាប់ និងការវាយប្រហារកាន់តែខ្លាំង” ។
លោក Zelenskyy បាននិយាយថា “យើងនៅលើទឹកដីរបស់យើង ហើយវានេះហើយបានផ្តល់ឱ្យយើងនូវកម្លាំងដ៏អស្ចារ្យបំផុត” ។
អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក Hanna Maliar បាននិយាយកាលពីថ្ងៃច័ន្ទថា កងកម្លាំងរបស់អ៊ុយក្រែនបាននាំយកមកវិញនូវការតាំងទីលំនៅចំនួនប្រាំបី ក្នុងអំឡុងពេលពីរសប្តាហ៍ចុងក្រោយនេះ រួមទាំង Piatykhatky នៅក្នុងតំបន់ Zaporizhzhia ផងដែរ។
ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុករបស់អ៊ុយក្រែនក្នុងគោលបំណងដណ្តើមយកមកវិញនូវការគ្រប់គ្រងតំបន់ដែលរឹបអូសដោយកងកម្លាំងរុស្ស៊ីមក លោក Maliar បាននិយាយថា អ៊ុយក្រែនបានរំដោះទឹកដីចំនួន 113 គីឡូម៉ែត្រការ៉េផងដែរ។
ទាហ៊ានអ៊ុយក្រែនបានកាន់ទង់ជាតិពណ៌លឿង និងខៀវក្នុងវីដេអូមួយដែលបានបង្ហោះលើបណ្តាញសង្គមដោយនិយាយថាពួកគេកំពុងតាំងជុំរំនៅខាងក្នុង Piatykhatky។ ការតាំងទីលំនៅនេះគឺនៅជិតទីតាំងមួយក្នុងចំណោមទីតាំងរុស្ស៊ីដែលមានកម្លាំងខ្លាំងបំផុតនៅភាគខាងត្បូង។
ដោយឡែក ប្រមុខគាំទ្រដោយរុស្ស៊ីនៃផ្នែកមួយនៃតំបន់ Donetsk របស់អ៊ុយក្រែន ដែលគ្រប់គ្រងដោយកងកម្លាំងរបស់ទីក្រុងមូស្គូ លោក Denis Pushilin បាននិយាយកាលពីថ្ងៃច័ន្ទថា ការបាញ់ផ្លោងរបស់អ៊ុយក្រែនបានសម្លាប់ក្មេងស្រីអាយុប្រាំមួយឆ្នាំ និងជនស៊ីវិល 20 នាក់ ឲ្យរងរបួសនៅក្នុងទីក្រុង Volnovakha ។
ទីភ្នាក់ងារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ការអះអាងរបស់គាត់បានទេ ហើយមិនមានការអត្ថាធិប្បាយភ្លាមៗពីអ៊ុយក្រែនលើការចោទប្រកាន់របស់រុស្ស៊ីនោះដែរ។
ប្រសិនបើមានការកសាងឡើងវិញនៅអ៊ុយក្រែន (ដើម្បីស្នើរចូលជាសមាជិកអង្គការណាតូ)
អ៊ុយក្រែនត្រូវស្វែងរកមូលនិធិចំនួន 40 ពាន់លានដុល្លារសម្រាប់ដំណាក់កាលដំបូងនៃ “ផែនការ Green Marshall” ដើម្បីជួសជុលសេដ្ឋកិច្ចរបស់ខ្លួន។ ក្នុងអំឡុងពេលកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅទីក្រុងឡុងដ៍ ដែលចាប់ផ្តើមពីថ្ងៃពុធ អ្នកនយោបាយ និងអ្នកវិនិយោគនឹងពិភាក្សាអំពីការកសាងឡើងវិញនូវសេដ្ឋកិច្ចរយៈពេលខ្លី និងរយៈពេលវែងរបស់អ៊ុយក្រែន ដែលរួមមានការអភិវឌ្ឍឧស្សាហកម្មដែក និងធ្យូងថ្ម។
អនុប្រធានការិយាល័យរបស់លោក Volodymyr Zelenskyy លោក Rostyslav Shurma បាននិយាយបានប្រាប់រ៉យទ័រថា “ប្រសិនបើអ្នកត្រូវតែសាងសង់ឡើងវិញ វាជាឡូជីខលក្នុងការកសាងឡើងវិញនូវពណ៌បៃតងស្របតាមបច្ចេកវិទ្យាថ្មីៗ។ សម្រាប់ចក្ខុវិស័យរបស់យើង គឺការកសាងឧស្សាហកម្មដែកពណ៌បៃតងចំនួន 50 លានតោននៅអ៊ុយក្រែន។
ការធ្វើដូច្នេះអាចអនុញ្ញាតឱ្យប្រទេសនេះក្លាយជាអ្នកផ្គត់ផ្គង់ដែក “បៃតង” ដែលមានតម្លៃថោកបំផុតនៅក្នុងពិភពលោក ដែលផលិតដោយគ្មានការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល និងជាការគាំទ្រដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់អឺរ៉ុបក្នុងការ decarbonize ដែលជំរុញដោយការជំរុញការវិនិយោគនៅក្នុងខ្យល់ថ្មី ដោយប្រើថាមពលព្រះអាទិត្យ។ (នេះបើតាមការរាយការណ៍របស់ Reuters)
យោងតាមធនាគារពិភពលោក ការកស្តារឡើងវិញរបស់ប្រទេសអ៊ុយក្រែន នឹងអាចចំណាយប្រាក់លើសពី ៤០០ ពាន់លានដុល្លារ ដែលស្មើនឹង ៣ ដងនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសមួយនេះ។ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ 2022 អ្នកគាំទ្រខាងក្រៅបានផ្តល់ជំនួយជាសាក់ប្រាក់ចំនួន 59 ពាន់លានដុល្លារចូលទៅក្នុងប្រទេសអ៊ុយក្រែនដើម្បីគាំទ្រក្នុងអំឡុងពេលសង្រ្គាម។
បញ្ហាមួយក្នុងចំណោមបញ្ហាដែលគេរំពឹងថា នឹងត្រូវបានពិភាក្សាក្នុងអំឡុងសន្និសីទមួយដែលស្តីពី ការងើបឡើងវិញរបស់អ៊ុយក្រែនក្នុងរយៈពេលពីរថ្ងៃ គឺថាតើប្រាក់បម្រុងធនាគារកណ្តាលរុស្ស៊ីដែលជាប់គាំងប្រមាណ 300 ពាន់លានដុល្លារ នឹងទៅដល់អ៊ុយក្រែនដែរឬទេ?
ប្រទេសអង់គ្លេសកាលពីថ្ងៃច័ន្ទបានណែនាំច្បាប់ ដែលនឹងអនុញ្ញាតឱ្យខ្លួនរក្សាការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីនៅនឹងកន្លែង រហូតដល់ទីក្រុងម៉ូស្គូផ្តល់សំណងសម្រាប់ការចំណាយនៃការឈ្លានពានរបស់ខ្លួនទៅលើអ៊ុយក្រែនរួចរាល់សិន។
រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក James Cleverly បាននិយាយថា “តម្រូវការការកសាងឡើងវិញរបស់អ៊ុយក្រែនគឺពិតជាមានទំហំធំ”ពិតមែន ។ បើ “តាមរយៈវិធានការថ្មីរបស់យើងនៅថ្ងៃនេះ យើងកំពុងពង្រឹងវិធីសាស្រ្តដាក់ទណ្ឌកម្មរបស់ចក្រភពអង់គ្លេស ដោយបញ្ជាក់ថា ចក្រភពអង់គ្លេសបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់ទណ្ឌកម្ម ដើម្បីធានាថារុស្ស៊ីនិងចំណាយសម្រាប់ជួសជុលប្រទេស ដែលខ្លួនបានវាយប្រហារដោយមិនមានការប្រុងប្រយ័ត្ន”។
សមាជិកសភាអាមេរិកមកពីទាំងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យបានណែនាំច្បាប់មួយកាលពីថ្ងៃព្រហស្បតិ៍ ដែលនឹងធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អ៊ុយក្រែនក្នុងការទទួលបាននូវមូលនិធិក្នុងការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី ដោយជាការប្រើទ្រព្យសម្បត្តិផ្ទាល់របស់រុស្ស៊ីដែលត្រូវបានគេរឹបអូស និងបង្កក។