លោក Prayut Chan-o-cha បានចាប់ផ្តើមរៀបចំរបស់របរ សម្រាប់ការចាកចេញពីតំណែង នៅវិមានរដ្ឋាភិបាល

ដំណើរការក្នុងការផ្លាស់ប្តូរចេញពីតំណែងនៅក្នុងវិមានរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ត្រូវបានចាប់ផ្តើមបន្ទាប់ពីគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) កាលពីថ្ងៃច័ន្ទបានបញ្ជាក់ពីការបោះឆ្នោតសមាជិកសភាទាំង 500 រូប ទាំងប្រព័ន្ធបោះឆ្នោត និងប្រព័ន្ធបញ្ជីគណបក្ស បានបញ្ចប់។

តាមដានយើងតាមរយៈ Telegram CPN Daily

លោកឧត្តមសេនីយ៍ Prayut Chan-o-cha កាលពីថ្ងៃពុធបានរាយការណ៍ថា លោកនឹងធ្វើការដូចធម្មតា គឺស្របពេលដែលបរិយាកាសបច្ចុប្បន្នកំពុងតែមានការស្ងប់ស្ងាត់នៅឯវិមានរដ្ឋាភិបាល។

ប្រភព​មួយ​បាន​និយាយ​ថា ការ​វេច​ខ្ចប់​កំពុង​តែ​ប្រព្រឹត្ត​ទៅ ដោយសមាជិកនៅក្នុង​ក្រុម​ផ្ទាល់​របស់​លោក​ឧត្តម​សេនីយ៍ ពួកគេទាំងនោះបាន​ដក​យក​របស់​របរ និង​វត្ថុ​មាន​តម្លៃ​មួយ​ចំនួន​ពី​ការិយាល័យ​នាយក​រដ្ឋមន្ត្រី រួម​ទាំង​រូប​ព្រះពុទ្ធ​ផង​ដែរ។

វត្ថុ​មានតម្លៃទាំងអស់នោះ​ ត្រូវ​បាន​បញ្ជូន​ទៅ​គេហដ្ឋាន​របស់​លោក​ឧត្តមសេនីយ៍ Prayut Chan-o-cha  ដែលនៅ​មូលដ្ឋាន​កងវរសេនាធំ​ថ្មើរជើង​ទី​១ ក្នុង​ទីក្រុង​បាងកក។ ឯកសារសំខាន់ៗមួយចំនួន ដែលមិនគ្រប់លក្ខណៈ និងមិនបានបញ្ជាក់ឲ្យបានច្បាស់លាស់ ក៏ត្រូវបានបញ្ជូនទៅផ្ទះជាមួយលោកឧត្តមសេនីយ៍ Prayut ផងដែរ។ បើទោះបីជាឯកសារមិនសំខាន់មួយចំនួន​ ត្រូវបានខ្ចប់ទុក ក្នុងកំឡុងពេលដែលការិយាល័យកំពុងត្រូវបានសម្អាតសម្រាប់ទទួលអ្នកកាន់កាប់ថ្មីដែលត្រៀមចូលមក។

តាមប្រភពបាននិយាយថា ឧត្តមសេនីយ៍ Prayut Chan-o-cha  នឹងបំពេញតួនាទីជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ រហូតដល់គណៈរដ្ឋមន្ត្រីថ្មីបានធ្វើសច្ចាប្រណិធានរួចរាល់នៅក្នុងមុខតំណែង និ​ងការចូលកាន់តំណែងជាផ្លូវការ។

ប្រភពមួយនៅក្នុងខុទ្ទកាល័យដែលដកស្រង់សំដីពីឧបនាយករដ្ឋមន្ត្រីលោក Wissanu Krea-ngam បាននិយាយថា កិច្ចប្រជុំរួមគ្នានៃសភាតំណាងរាស្រ្ត និងព្រឹទ្ធសភា ត្រូវបានគេរំពឹងថា នឹងកោះប្រជុំនៅថ្ងៃទី 13 ខែ កក្កដា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។

ការតែងតាំងគណៈរដ្ឋមន្ត្រីថ្មី ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃទី 21 ខែកក្កដា ហើយពិធីស្បថក្នុងការចូលកាន់តំណែងសម្រាប់រដ្ឋមន្ត្រីថ្មី និងត្រូវធ្វើឡើងនៅចុងខែកក្កដានេះ ដោយបន្ថែមទៀតថា វាអាស្រ័យលើប្រធានសភាដើម្បីកំណត់កាលបរិច្ឆេទឲ្យបានជាក់លាក់។

ទន្ទឹមនឹងនេះ លោក Wissanu Krea-ngam បាននិយាយកាលពីថ្ងៃពុធថា លោក Pirapan Salirathavibhaga មិនចាំបាច់ដើចេញពីតំណែងជាអគ្គ​លេខាធិការរបស់នាយករដ្ឋមន្ត្រីនោះទេ រហូតដល់ការធ្វើសច្ចប្រណិធានដើម្បីចូលកាន់តំណែងសមាជិកសភាថ្មីត្រូវបានបញ្ចប់ជាស្ថាពរ។

លោក Pirapan Salirathavibhaga គឺជាមេដឹកនាំគណបក្ស United Thai Nation (UTN) ដែលមានលោកឧត្តមសេនីយ៍ Prayut Chan-o-cha  ជាប្រធានទីប្រឹក្សា គឺនូវតែអាចបន្តការងារនេះ ខណៈពេលដែលលោកបានចុះឈ្មោះជាសមាជិកសភាជាមួយគណកម្មាធិការរៀបចំការបោះឆ្នោត (EC)​ បានរួចរាល់ហើយក៏ដោយ។

ទោះបីជាមានច្បាប់ហាមប្រាមសមាជិកសភា មិនឱ្យកាន់តំណែងជាសាធារណៈក្នុងពេលដំណាលគ្នាក៏ដោយ ឋានៈសមាជិកសភាមួយនេះ គឺមិនត្រូវបានប្រកាសជាផ្លូវការទេ រហូតដល់ដំណើរការស្បថចូលកាន់មុខតំណែងត្រូវបានបញ្ចប់។

Reporter:
scroll to top