BRISBANE ថ្ងៃទី 28 ខែមិថុនា (Reuters) បានឲ្យដឹងថា- អង្គការណាសាកំពុងស្វែងរកការអភិវឌ្ឍធនធាននៅលើភពព្រះច័ន្ទ ដែលដំបូងឡើយរួមមានអុកស៊ីហ៊្សែននិងទឹក ប៉ុន្តែនៅទីបំផុតវាអាចពង្រីកទៅជាដែកនិងរ៉ែកម្រ នៅពេលនេះ NASA បានចាត់វិធានការរួចហើយ ក្នុងការឆ្ពោះទៅរកការជីកយកដីពីព្រះច័ន្ទនៅឆ្នាំ 2032 ។
ទីភ្នាក់ងារអវកាសរបស់ប្រទេសសហរដ្ឋអាមេរិក គ្រោងនឹងបញ្ជូនជនមនុស្សរបស់ខ្លួនឲ្យត្រឡប់ទៅឋានព្រះច័ន្ទវិញ ដែលជាផ្នែកមួយនៃបេសកកម្ម Artemis ហើយបេសកកម្មមួយនេះមាន រួមទាំងស្ត្រីដំបូងគេផងដែរ សម្រាប់ផែនការនៅក្នុងឆ្នាំ 2025 ហើយវាជាបេសកកម្មមួយនៃការសាកល្បងដើម្បីជួយសម្រួលដល់ការធ្វើដំណើរទៅកាន់ភពព្រះអង្គារផងដែរ។
ផ្នែកសំខាន់នៃបេសកកម្ម គឺការជំរុញឱកាសពាណិជ្ជកម្មឲ្យមាននៅក្នុងលំហ លោក Gerald Sanders អ្នកវិទ្យាសាស្ត្ររ៉ុក្កែតនៅមជ្ឈមណ្ឌលអវកាស Johnston របស់ NASA អស់រយៈពេល 35 ឆ្នាំមកហើយនោះ បាននិយាយថា ទីភ្នាក់ងារនេះកំពុងស្វែងរកបរិមាណធនធានដែលមានសក្តានុពល រួមទាំងថាមពល ទឹក និងដី ពីក្នុងភពព្រះច័ន្ទ ដែលជាគោលដៅទាក់ទាញនៃការវិនិយោគពាណិជ្ជកម្មអន្តរជាតិ។
លោក Gerald Sanders បាននិយាយថា ការអភិវឌ្ឍន៍លទ្ធភាព ដើម្បីទទួលបានធនធាននៅលើព្រះច័ន្ទនឹងជាគន្លឹះក្នុងការកាត់បន្ថយការចំណាយ និងការអភិវឌ្ឍសេដ្ឋកិច្ចរាងជារង្វង់។
គាត់បានប្រាប់សន្និសីទស្តីពីការ រុករករ៉ែនៅទីក្រុង Brisbane ថា “យើងកំពុងព្យាយាមវិនិយោគក្នុងដំណាក់កាលរុករក និងស្វែងយល់ពីធនធាន ដើម្បី (កាត់បន្ថយ) ហានិភ័យ ដូចជាការវិនិយោគពីខាងក្រៅ ដែលអាចនាំទៅដល់ការអភិវឌ្ឍន៍នៃផលិតកម្ម” ។
លោកបានថ្លែងថា៖ «យើងគ្រាន់តែកោសផ្ទៃរបស់វាតែប៉ុណ្ណោះ ហើយនៅដំណាច់ខែនេះ ណាសានឹងបញ្ជូនឧបករណ៍ខួងយករ៉ែ ទៅឋានព្រះច័ន្ទ ហើយយើងគ្រោងនឹងជីកដីពីភពព្រះច័ន្ទកម្រឹតទ្រង់ទ្រាយធំ ឬ regolith ហើយបង្កើតជារោងចក្រកែច្នៃក្នុងការសាកល្បងនៅឆ្នាំ 2032 ។
អតិថិជនដំបូងគេត្រូវបានគេរំពឹងថា ជាក្រុមហ៊ុនរ៉ុក្កែតពាណិជ្ជកម្ម ដែលអាចប្រើប្រាស់ធនធានរបស់ភពព្រះច័ន្ទសម្រាប់ប្រេងឥន្ធនៈ ឬធ្វើជាអុកស៊ីសែន។
លោក Samuel Webster ជំនួយការនាយកនៅទីភ្នាក់ងារនេះបាននិយាយថា ទីភ្នាក់ងារអវកាសអូស្ត្រាលីចូលរួមនៅក្នុងការអភិវឌ្ឍយានពាក់កណ្តាលស្វយ័ត ដែលនឹងយកគំរូ regolith នៅក្នុងបេសកកម្មរបស់ NASA នៅដើមឆ្នាំ 2026 ។
Rover នឹងបង្ហាញពីការប្រមូលផ្តុំនៃដីពីភពព្រះច័ន្ទ ដែលមានអុកស៊ីហ្សែនក្នុងទម្រង់ជាអុកស៊ីដកម្ម។
លោកបាននិយាយថា ការប្រើប្រាស់ឧបករណ៍ដាច់ដោយឡែកពីគ្នា ដែលត្រូវបានបញ្ជូនទៅឋានព្រះច័ន្ទជាមួយនឹងយាន Rover នោះ NASA នឹងមានបំណងទាញយកអុកស៊ីសែននៅទីនោះមកពិសោធន៍។
លោក Samuel Webster បាននិយាយនៅក្នុងសន្និសីទថា “នេះគឺជាជំហ៊ានដ៏សំខាន់មួយ ក្នុងការឆ្ពោះទៅរកការបង្កើតវត្តមានរបស់មនុស្សប្រកបដោយនិរន្តរភាពនៅក្នុងភពព្រះច័ន្ទ ក៏ដូចជា ការគាំទ្របេសកកម្មនាពេលអនាគតទៅកាន់ភពព្រះអង្គារ”ផងដែរ ។