តារាចម្រៀងដ៏ល្បីឈ្មោះម្នាក់នៅលើពិភពអ្នកនាង Coco Lee ដែលទទួលបាននូវភាពល្បីល្បាញនៅអាស៊ីក្នុងទសវត្សរ៍ឆ្នាំ 1990 និង 2000 បានទទួលមរណភាពក្នុងអាយុ 48 ឆ្នាំ។
Coco Lee មានដើមកំណើតនៅក្នុងទីក្រុងហុងកុង ហើយបន្ទាប់មកក៏បានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិក កាលពីក្មេង ហើយនាងបានចេញអាល់ប៊ុមចម្រៀងជាភាសាចិនកុកងឺ និងជាភាសាអង់គ្លេសបញ្ចូលគ្នាថែមទៀតផង។
Coco Lee បានសម្តែងជាតួឯកនៅក្នុងកំណែភាសាចិនកុកងឺ នៃខ្សែភាពយន្តល្បីរបស់ Disney ដែលមានឈ្មោះថា Mulan និងបានសម្តែងបទចម្រៀងពីបទភ្លេងរបស់ Crouching Tiger, Hidden Dragon ក្នុងកម្មវិធី Oscar កាលពីឆ្នាំ 2001 ។
បងប្អូនស្រីរបស់នាងបាននិយាយថា នាងបានសន្លប់ចាប់តាំងពីការប៉ុនប៉ងធ្វើអត្តឃាតកាលពីចុងសប្តាហ៍។
Lee បានធ្លាក់ខ្លួនឈឺអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមក ដែលមហាលជនបានដឹងពីស្ថានភាពរបស់នាង គឺនូវពេលដែលប្អូនស្រីរបស់នាងដែលមានឈ្មោះថា Carol និង Nancy បានសរសេរ នៅក្នុងការបង្ហោះលើបណ្តាញសង្គម Facebook ។
នាងបានព្យាយាមសម្លាប់ខ្លួនឯងនៅផ្ទះកាលពីថ្ងៃអាទិត្យ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ជាកន្លែងនាងបានស្លាប់កាលពីថ្ងៃពុធ។
Coco Lee បានចូលប្រឡូកក្នុងឆាក Mandopop ក្នុងឆ្នាំ 1994 ជាមួយនឹងអាល់ប៊ុមភាសាចិនកុកងឺចំនួនពីរ។ នៅឆ្នាំបន្ទាប់ នាងបានចេញអាល់ប៊ុមជាភាសាអង់គ្លេស ក៏ដូចជាអាល់ប៊ុមភាសាចិនកុកងឺទីបីផងដែរ។
ប្អូនស្រីរបស់ Coco Lee បាននិយាយថា “មិនត្រឹមតែធ្វើឱ្យយើងសប្បាយរីករាយជាមួយនឹងបទចម្រៀង និងរាំរបស់នាងក្នុងរយៈពេល 29 ឆ្នាំមុនប៉ុណ្ណោះទេ នាងក៏បានខិតខំប្រឹងប្រែងដើម្បីបំបែកមូលដ្ឋានថ្មីសម្រាប់តារាចម្រៀងចិននៅក្នុងឆាកតន្ត្រីអន្តរជាតិ និងបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបញ្ចេញពន្លឺសម្រាប់ជនជាតិចិនផងដែរ” ។
Coco Lee គឺជាតារាដ៏មានទេពកុសល្យមួយរូប នាងមិនត្រឹមតែអាចច្រៀងបានច្រើនភាសាប៉ុណ្ណោះទេ នាងក៏ជាតារាសម្តែងដ៏ល្បីឈ្មោះថែមទៀតផង។ Coco Lee ក៏ជាបានច្រៀងជាភាសាចិនកុកងឺនៃបទចម្រៀង Mulan, Reflection; ខណៈពេលដែលបទចម្រៀងរបស់នាង Before I Fall in Love គឺនៅលើបទភ្លេងនៃខ្សែភាពយន្តហូលីវូដកាលពីឆ្នាំ 1999 Runaway Bride ដែលសម្តែងដោយ Julia Roberts និង Richard Gere ។
ការសម្តែងរបស់ Coco Lee រួមមានការប្រគុំតន្ត្រីអត្ថប្រយោជន៍ Michael Jackson & Friends នៅប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ 1999 ហើយនាងគឺជាចៅក្រម លើកម្មវិធីទូរទស្សន៍ដែលមានទេពកោសល្យរួមទាំង Idol របស់ចិនផងដែរ។
កាលពីថ្ងៃចូលឆ្នាំសកលកន្លងទៅ Coco Lee បាននិយាយនៅក្នុងការបង្ហោះ Instagram ថានាងបាន “ប្រឈមមុខនឹងបញ្ហាផ្លាស់ប្តូរជីវិត” ហើយបានពណ៌នាពីជីវិតរបស់នាង នៅក្នុងឆ្នាំ 2022 គឺជា ឆ្នាំដ៏លំបាកមួយ ដែលមិនគួរឱ្យជឿ” ។
កាលពីខែមីនា នាងបាននិយាយនៅលើហ្វេសប៊ុកថា នាងបានទទួលការវះកាត់ត្រគាក និងភ្លៅបន្ទាប់ពីរបួសជើងចាស់អំឡុងពេលហាត់រាំកាលពីចុងឆ្នាំមុន។
ក្នុងឆ្នាំ 2011 Coco Lee បានរៀបការជាមួយ Bruce Rockowitz អតីតនាយកប្រតិបត្តិនៃខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ធំ ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង Li & Fung ។ ពួកគេមានកូនស្រីពីរនាក់ពីអាពាហ៍ពិពាហ៍ពីមុនរបស់គាត់។
ពាក្យចចាមអារ៉ាមដែលថាពួកគេបានបែកគ្នាបានចាប់ផ្តើមលេចឡើងប្រហែល 3 ឆ្នាំមុន ប៉ុន្តែ Coco Lee មិនដែលបកស្រាយរឿងរបស់ពួកគេនោះទេ។
កាលពីថ្ងៃពុធ បងប្អូនស្រីរបស់ Lee បានសរសេរថា “បន្ថែមពីលើការនឹកឃើញដល់ Coco Lee ខ្ញុំសង្ឃឹមថាអ្នកនឹងចែករំលែកស្នាមញញឹមដ៏ភ្លឺស្វាង ភាពស្មោះត្រង់ និងសេចក្តីសប្បុរសរបស់នាងជាមួយមនុស្សគ្រប់គ្នាដែលនៅជុំវិញអ្នក ហើយបន្តការជូនពរចំពោះ Coco Lee ថាអ្នកនៅជុំវិញនាង នឹងមានអារម្មណ៍ស្រលាញ់ និងមានអារម្មណ៍ថារីករាយជាមួយនាង”។
ផលប៉ះពាល់ដោយបញ្ហាសុខភាពផ្លូវចិត្ត វាគឺជារឿងមួយដែលអាចកើតជុំវិញខ្លួនយើង ព្រមទាំងខ្លួនរបស់យើងផ្ទាល់ផងដែរ។