មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ MFP លោក Pita Limjaroenrat កាលពីថ្ងៃអង្គារបានផ្ញើសារទៅកាន់សមាជិកសភា និងសមាជិកព្រឹទ្ធសភាទាំងអស់អស់ ដោយជាការស្នើសុំឱ្យប្រទេសថៃ ត្រូវបានអនុញ្ញាតឱ្យមានរដ្ឋាភិបាលភាគច្រើន គឺតាមបែបប្រជាធិបតេយ្យដើម្បីជាការឆ្លើយតបទៅនិងឆន្ទៈរបស់ប្រជាជន នៅពេលពួកគេបានធ្វើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីកាលពីខែឧសភា។
លោក Pita ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីតែមួយគត់របស់ MFP បានធ្វើការអំពាវនាវតាមរយៈវីដេអូរបស់លោក ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកផ្ទាល់។
នៅក្នុងវីដេអូដែលមានរយៈពេល 4 នាទី 33 វិនាទី មេដឹកនាំ MPF រូបនេះបានចាប់ផ្តើមដោយនិយាយថា ថ្ងៃទី 14 ខែឧសភា គឺជាថ្ងៃដែលឆន្ទៈរបស់ប្រជាជនថៃត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈសន្លឹកឆ្នោត ដែលបង្ហាញពីសម្លេងឆ្នោតចំនួន 14,438,851 ទៅកាន់ MFP ដែលផ្តល់ឱ្យបក្សមួយនេះទទួលបាននូវជ័យជម្នះ និងច្រើនបំផុត ដែលស្មើនិង ១៥២អាសនៈ ។
លោកបានបន្តថា៖ «នេះជាសំឡេងដ៏ច្រើនលើសលប់មួយ ដែលទូទាំងប្រទេសបានបង្ហាញថាទស្សនៈនៃប្រជាពលរដ្ឋគឺពិតជាចង់បានការផ្លាស់ប្តូរ។ ខ្ញុំ និងចលនាឆ្ពោះទៅមុខនឹងប្រកាន់ខ្ជាប់នូវអាណត្តិរបស់ប្រជាជន ដើម្បីឆ្ពោះទៅមុខ និងបង្កើតរដ្ឋាភិបាលថ្មី។ យើងបានប្រមូលសន្លឹកឆ្នោតរបស់គណបក្សចម្រុះចំនួនប្រាំបី ដែលតំណាងឱ្យ 72% នៃអ្នកបោះឆ្នោតដែលបានប្រើសិទ្ធិបោះឆ្នោតរបស់ពួកគេ។
លោក Pita បាននិយាយទៀតថា “នៅក្នុងនយោបាយធម្មតា យើងដែលជារដ្ឋាភិបាលចម្រុះ ដែលដឹកនាំដោយ MPF គឺជាអ្នកដែលមានសិទ្ធគ្រប់គ្រងប្រទេសរួចហើយ ហើយក៏ជាអ្នកដែលនិងត្រៀមខ្លួនដើម្បីដោះស្រាយបញ្ហារបស់ប្រជាជនរួចហើយផងដែរ”។
លោកបានបន្តទៀតថា វាត្រូវចំណាយពេលជិតពីរខែ ដើម្បីទៅបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីចាប់តាំងពីការបោះឆ្នោតសកល។ សម្ព័ន្ធភាពប្រាំបីគណបក្សនៅតែរង់ចាំការសម្រេចចិត្តរបស់សមាជិកព្រឹទ្ធសភាស្តីពីការបង្កើតរដ្ឋាភិបាលស្របតាមឆន្ទៈរបស់ប្រជាជនដែរឬអត់។
“ថ្ងៃនេះ វាច្បាស់ណាស់ថាប្រទេសថៃស្ថិតក្នុងស្ថានភាពនយោបាយមិនធម្មតា។ អាណត្តិរបស់ប្រជាជនដែលទទួលបានតាមរយៈការបោះឆ្នោតត្រូវបានផ្ដួលរំលំម្តងហើយម្តងទៀតដោយរដ្ឋប្រហារ ច្បាប់ និងការរំលាយគណបក្សជាដើម។ ភាពមិនប្រក្រតីនេះកើតឡើងដោយរដ្ឋធម្មនុញ្ញកាលពីឆ្នាំ ២០១៧ ហើយវាក៏មិនអាចបដិសេធនូវរឿងដែលបានឡើងហើយផងដែរ។
សម្រាប់ពេលនេះគឺជាឱកាសសម្រាប់ប្រទេសថៃក្នុងការវិលមករកភាពប្រក្រតីវិញ។ ការផ្តល់ឱកាសឱ្យប្រទេសថៃមានរដ្ឋាភិបាលស្របច្បាប់មួយដែលនឹងឈានទៅមុខ និងដើម្បីជួសជុលប្រទេសថៃដូចដែលប្រជាជនរំពឹងទុក។ ហើយវាគឺជាការផ្តល់ឱកាសឱ្យប្រទេសថៃបានវិលទៅកាន់មាគ៌ានយោបាយសភា ដែលប្រជាជនអាចមានជំនឿ និងតម្កល់ក្តីសង្ឃឹមរបស់ពួកគេបាន។
បេក្ខភាពនាយករដ្ឋមន្ត្រីរបស់ MFP រូបនេះបាននិយាយថា “សូមមេត្តាផ្តល់ឱកាសឱ្យប្រទេសថៃឆ្ពោះទៅមុខ ដើម្បីការផ្លាស់ប្តូរ និងទទួលបាននូវប្រាក់ឈ្នួលសមរម្យ អត្ថប្រយោជន៍សុខុមាលភាពទូលំទូលាយជាងមុន សេដ្ឋកិច្ចរីកចម្រើន និងយុត្តិធម៌ ជាមួយនឹងការច្នៃប្រឌិតផ្ទាល់ខ្លួន និងកាត់បន្ថយវិសមភាព និងសមភាពក្នុងសង្គមជាមួយនឹងច្បាប់ ដែលការពារសិទ្ធិ និងសេរីភាព មិនមែនការគាបសង្កត់សិទ្ធិរបស់ប្រជាជននោះទេ។
លោកបាននិយាយថា ការបោះឆ្នោតនៅថ្ងៃទី 13 ខែកក្កដាសម្រាប់នាយករដ្ឋមន្រ្តីមិនមែនគ្រាន់តែជាការបោះឆ្នោតសម្រាប់គាត់ឬ MFP នោះទេ ប៉ុន្តែវាជាឱកាសដើម្បីបញ្ជាក់ថាប្រទេសថៃនឹងឆ្ពោះទៅមុខតាមគន្លងប្រជាធិបតេយ្យធម្មតា ហើយក៏ដូចប្រទេសដែលប្រកាន់នូវលទ្ធិប្រជាធិបតេយ្យផ្សេងទៀតនៅជុំវិញពិភពលោកផងដែរ។
ទាំងអស់នេះអាចបញ្ជាក់ថា ទោះបីជាប្រជាពលរដ្ឋនៅតែរស់នៅជាមួយរដ្ឋធម្មនុញ្ញ ដែលហាក់ដូចជាគាំទ្រនយោបាយមិនធម្មតាក៏ដោយ សមាជិកសភាទាំងអស់អាចប្រើសំឡេងរបស់ពួកគេ ដើម្បីអនុវត្តឆន្ទៈរបស់ប្រជាពលរដ្ឋ ដូចដែលបានបង្ហាញតាមរយៈការបោះឆ្នោតអញ្ចឹងដែរ ដើម្បីបង្កើតរដ្ឋាភិបាលដោយជោគជ័យ គឺត្រូវមានតំណាងរាស្រ្តភាគច្រើន។ នេះជាបេសកកម្មរួមមួយសម្រាប់សមាជិកសភាទាំងអស់ ដែលតំណាងឲ្យប្រជាជនថៃនៅទូទាំងប្រទេស។
“ក្នុងឱកាសនេះ ខ្ញុំចង់បង្កើនទំនាក់ទំនងជាមួយសមាជិកសភា និងសមាជិកព្រឹទ្ធសភាទាំងអស់ ដែលប្រហែលជាពួកគេមិនចូលចិត្តវិធីសាស្រ្តនយោបាយរបស់យើង។ នៅក្នុងនយោបាយធម្មតា អ្នកអាចធ្វើការត្រួតពិនិត្យ ឬក៏អាចបោះឆ្នោតឱ្យខ្ញុំចេញពីតំណែង។ ប៉ុន្តែការបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលភាគច្រើននឹងផ្តល់ឱកាសដល់ប្រទេសថៃក្នុងការឈានទៅមុខតាមរបៀបដែលខ្លួនគួរធ្វើ»។
សម្រាប់លោក Pita ផ្ទាល់បានសន្យាថា និងធ្វើជានាយករដ្ឋមន្ត្រីសម្រាប់ប្រជាជនគ្រប់រូប មិនថាគណបក្សណាដែលខ្លួនបោះឆ្នោតឲ្យ ឬមានមនោគមវិជ្ជានយោបាយអ្វីឡើយ។
លោក Pita បាននិយាយថា “ខ្ញុំនឹងក្លាយជានាយករដ្ឋមន្ត្រីដែលគ្រប់គ្រងប្រទេស និងទទួលយកភាពចម្រុះនៃក្តីស្រមៃរបស់មនុស្សគ្រប់រូប នៃព្រះរាជាណាចក្រថៃ”។