ថ្ងៃទី 11 ខែកក្កដា – ទំនប់ទឹកមួយពីរដ្ឋធានីរដ្ឋ Vermont កំពុងដំណើរការនៅកម្រិតអតិបរមាកាលពីថ្ងៃអង្គារ បន្ទាប់ពីទឹកជំនន់ បានបង្ករឲ្យមានការបិទផ្លូវដែលចេញពីទីក្រុង Montpelier និងបានជាប់គាំងមនុស្សជាច្រើននៅក្នុងផ្ទះរបស់ពួកគេ។
មន្ត្រីទីក្រុងបាននិយាយថា ទំនប់ Wrightsville ដែលបង្កើតជាអាងស្តុកទឹកដែលមានប្រវែង 4 ម៉ាយ (6.4 គីឡូម៉ែត្រ) ភាគខាងជើងនៃទីក្រុង Montpelier នៅជិតភាគខាងជើងនៃទន្លេ Winooski ។
គ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរមួយនេះត្រូវបានគេហៅថា “ជាគ្រោះមហន្តរាយនៃ ទឹកជំនន់” ហើយវាបានកើតឡើងនៅក្នុងសង្កាត់នៃទីប្រជុំជនដ៏ស្រស់ស្អាតមួយរបស់ Montpelier គឺជាកន្លែងដែលមានមនុស្សដើរច្រើន តែនៅតាមដងផ្លូវត្រូវបានជន់លិចទឹក ហើយទឹកជំនន់នេះបានលិចទៅដល់បង្អួចនៃផ្ទះអាជីវកម្ម និងដំបូលរថយន្តថែមទៀតផង។
អ្នកវិទ្យាសាស្ត្រអាកាសធាតុបាននិយាយថា ការកើនឡើងប្រេកង់ និងអាំងតង់ស៊ីតេនៃអាកាសធាតុធ្ងន់ធ្ងរនៅទូទាំងសហរដ្ឋអាមេរិក គឺជាការផ្តល់នូវសញ្ញានៃការប្រែប្រួលអាកាសធាតុសកល ដែលជំរុញដោយកក្កតាមនុស្ស។
ខណៈពេលដែលរដ្ឋធានីរដ្ឋភាគឦសានស្ថិតនៅក្រោមទឹកជំនន់ សីតុណ្ហភាពនៃមហាសមុទ្របានកើនឡើងដល់ 90 Fahrenheit (32 អង្សាសេ) ក្នុងរដ្ឋ Florida ហើយរដ្ឋ Texas ក៏កំពុងតែក្តៅ ដូចស្ថិតនៅក្រោមដំបូលកំដៅ ហើយរដ្ឋកាលីហ្វ័រញ៉ាគឺកំពុងទប់ទល់នឹងសីតុណ្ហភាពដែឡើងដល់ 120 F (49 C) នៅក្នុង តំបន់វាលខ្សាច់នៅចុងសប្តាហ៍នេះ។
ភាគច្រើននៃភាគឦសានរបស់សហរដ្ឋអាមេរិក រួមទាំងផ្នែកខ្លះនៃទីក្រុងញូវយ៉ក រដ្ឋ Massachusetts និង Connecticut មានភ្លៀងធ្លាក់រហូតដល់ 8 អ៊ីញ (20 សង់ទីម៉ែត្រ) ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
អភិបាលរដ្ឋ Vermont លោក Phil Scott បាននិយាយនៅក្នុងសន្និសីទខ្លីមួយកាលពីថ្ងៃអង្គារថា “ការធ្វើខុស ការបំផ្លិចបំផ្លាញ គឺបណ្តាលឲ្យមានទឹកជំនន់ ដែលយើងកំពុងជួបប្រទះនៅទូទាំងរដ្ឋ Vermont នៅពេលនេះ គឺជាប្រវត្តិសាស្ត្រ នៃគ្រោះមហន្តរាយផងដែរ” ។
អ្នកគ្រប់គ្រងទីក្រុង Montpelier លោក William Fraser នៅក្នុងការបង្ហោះ Facebook បានជំរុញឱ្យមនុស្ស 8,000 របស់ទីក្រុងត្រូវត្រៀមខ្លួនដើម្បីផ្លាស់ទីទៅជាន់ខាងលើនៃផ្ទះរបស់ពួកគេ ខណៈដែលមានការបិទផ្លូវហាយវេ ដែលនាំឱ្យមានការជម្លៀសប្រជាពលរដ្ឋចេញពីការលំបាកមួយនេះ។
បច្ចុប្បន្ននៅទូទាំងរដ្ឋខាងលើនេះ ក្រុមអ្នកជួយសង្គ្រោះបានជម្លៀសមនុស្សចំនួន 117 នាក់ចេញពីផ្ទះ និងរថយន្តរបស់ពួកគេដោយប្រើទូកយ៉ាងលឿនបំផុត ខណៈដែលក្រុមមន្ត្រីបានហៅទូរស័ព្ទថា មនុស្សកាន់តែច្រើនបានជាប់នៅក្នុងផ្ទះរបស់ពួកគេនៅតំបន់ដាច់ស្រយាល លោក Mike Cannon មេដឹកនាំប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះទីក្រុងរបស់រដ្ឋបានប្រាប់ដោយ សង្ខេប។
ចំពោះមន្ត្រីរដ្ឋ Vermont បានហៅទឹកជំនន់នេះថា ជាគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតចាប់តាំងពីព្យុះសង្ឃរា Irene បានមកដល់រដ្ឋ New England វាគឺជាព្យុះត្រូពិចក្នុងឆ្នាំ 2011 ហើយបានបណ្តាលឱ្យមានការខាតបង់ប្រហែល 750 លានដុល្លារ និងមនុស្សស្លាប់ 7 នាក់នៅក្នុងរដ្ឋនេះ។
បើយោងតាមក្រាហ្វិក រ៉យទ័រ
លោក Conor Casey សមាជិកក្រុមប្រឹក្សាក្រុង Montpelier បាននិយាយថា សណ្ឋានដីរបស់ទីក្រុងដែលមានព្រំប្រទល់ជាប់នឹងភ្នំជាមួយនឹងទីប្រជុំជនក្នុងជ្រលងភ្នំ គឺជាកន្លែងដែលបង្កើនសក្តានុពលសម្រាប់ទឹកជំនន់។
ទឹកជំនន់បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងតំបន់ ដោយអ្នកព្យាករណ៍ឯកជន AccuWeather បានប៉ាន់ប្រមាណការខូចខាត និងការបាត់បង់សេដ្ឋកិច្ចគឺប្រមាណពី 3 ពាន់លានដុល្លារទៅ 5 ពាន់លានដុល្លារ។
Janet Boyd ដែលជាម្ចាស់អាជីវកម្មអាយុ 80 ឆ្នាំរួមជាមួយប្តីនិងកូនប្រុសរបស់នាងនៅភាគខាងត្បូងនៃ Green Mountains បាននិយាយថា ដំណាំភាគច្រើននៅឯកសិដ្ឋានគ្រួសារ Boyd ក្នុង Wilmington រដ្ឋ Vermont ត្រូវបានបាត់បង់ស្ទើទាំងស្រុង។
Boyd បាននិយាយថា “យើងបានបាត់បង់បន្លែទាំងអស់ ហើយនៅសល់តែផ្លែប៊្លូបឺរីរបស់យើងប៉ុណ្ណោះ” ។
លោក Joe Miles អាយុ 59 ឆ្នាំ ម្ចាស់រោងចក្រ RK Miles ដែលមានមូលដ្ឋាននៅទីក្រុង Montpelier បាននិយាយថា ទីតាំងចំនួន 3 ក្នុងចំនោមទីតាំងចំនួន 8 របស់គាត់នៅក្នុងរដ្ឋត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយពីរកន្លែងក្នុងនោះ ត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់។
ស្តុកឈើ និងឈើប្រណិតរបស់គាត់ជាច្រើនត្រូវបានបាត់បង់ដោយសារការខូចខាតទឹក។ Miles បាននិយាយថា៖ «វាជារឿងដ៏អាក្រក់ និងសោកនាដកម្ម ប៉ុន្តែជាសំណាងល្អគ្មានអ្នកណាម្នាក់រងរបួសនោះទេ» លោកសង្ឈឹមថា “យើងនឹងឆ្លងកាត់វាបាន” ។