នៅថ្ងៃទី 17 ខែកក្កដា ឆ្នាំ 2023 តាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា មានមនុស្សពីរនាក់បានបាត់បង់ជីវិត ហើយកូនស្រីរបស់ពួកគេបានរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីថ្ងៃច័ន្ទ គឺបន្ទាប់ពីមានការបំផ្ទុះនៅលើស្ពាន Crimea ដែលជាសរសៃឈាមផ្គត់ផ្គង់ដ៏សំខាន់សម្រាប់កងទ័ពរុស្ស៊ី ក្នុងការប្រយុទ្ធនៅអ៊ុយក្រែន ហើយវាក៏ជាគម្រោងមួយដ៏មានកិត្យានុភាព របស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ផងដែរ។
រូបភាពដែលបានបង្ហាញនៅក្នុងសារព័ត៌មាន Reuters ពីកន្លែងកើតហេតុ បានបង្ហាញថាគ្មានចរាចរណ៍ឆ្លងកាត់ផ្លូវ និងស្ពានផ្លូវដែកប្រវែង 19 គីឡូម៉ែត្រ (12 ម៉ាយ) ដែលតភ្ជាប់ពីរុស្ស៊ីទៅ Crimea ដែលរុស្ស៊ីបានបញ្ចូលពីអ៊ុយក្រែនក្នុងឆ្នាំ 2014 នោះទេ ។
រូបភាពដែលមិនបានផ្ទៀងផ្ទាត់ បានបង្ហាញរនាំងដែករមួល កំទេចកំទី និងរថយន្តដែលរងការខូចខាតនៅលើស្ពានដែលបានបំផ្ទុះនោះ។ តាមរយៈខ្សែវីដេអូ Dash cam បានបង្ហាញថា អ្នកបើកបរបានចាប់ហ្វ្រាំងភ្លាមៗក្រោយពេលកើតហេតុ ប៉ុន្តែទំហំនៃការខូចខាតយើងមិនទាន់ដឹងច្បាស់នៅឡើយ។
ខាងមន្ត្រីរុស្ស៊ីបានហៅគ្រោះមួយនេះ ថាជាស្ថានភាពអាសន្ន ហើយនៅប៉ុស្តិ៍ Gray Zone របស់រុស្ស៊ី ដែលជាប៉ុស្តិ៍ Telegram មួយដោយធ្វើការជាប់ពាក់ព័ន្ធជាមួយក្រុមទាហ៊ានស៊ីឈ្នួល Wagner បានរាយការណ៍ថាមានការវាយប្រហារពីរ នៅលើស្ពាននោះ កាលពីវេលាម៉ោង 03:04 ព្រឹក (0004 GMT) និង 03:20 ព្រឹក។
ចំពោះឪពុកម្តាយរបស់ក្មេងស្រីម្នាក់បានស្លាប់ និងកូនស្រីបានរងរបួសក្នុងរថយន្ត ។
លោក Vyacheslav Gladkov អភិបាលនៃតំបន់ Belgorod បាននិយាយនៅក្នុងសារមួយនៅលើកម្មវិធីផ្ញើសារ Telegram ថា “ក្មេងស្រីបានរងរបួស” ។ «អ្វីដែលពិបាកបំផុតនោះគឺឪពុកម្ដាយរបស់នាងបានបានបាត់ជីវិតអស់ទៅហើយ។
គាត់បាននិយាយថា “គ្មានពាក្យណាអាចរំងាប់ការឈឺចាប់នៃការបាត់បង់នៅទីនេះបានទេ” នៅពេលនេះផងដែរ ក្មេងស្រីរងគ្រោះរូបនោះ ត្រូវបានគេយកទៅព្យាបាលនៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។
លោក Sergei Aksyonov អភិបាលដែលដំឡើងដោយរុស្ស៊ីបាននិយាយថា ភាពអាសន្នបានកើតឡើងនៅលើសសរទី ១៤៥ នៃស្ពាន ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
អ្នកនាំពាក្យរបស់មេបញ្ជាការយោធាភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែន លោកស្រី Natalia Humeniuk បាននិយាយថា ឧបទ្ទវហេតុនៅលើស្ពាន Crimea អាចជាសកម្មភាពបង្ករឿងមួយនៅខាងក្រុងម៉ូស្គូ។
លោកស្រី Natalia Humeniuk បាននិយាយ ប្រាប់ទូរទស្សន៍ជាតិ Rada ថា “ការបង្កើតការបង្កហេតុដែលអាជ្ញាធរកាន់កាប់នៅ Crimea បានរាយការណ៍ភ្លាមៗថា វាគឺជាវិធីធម្មតានៃការដោះស្រាយបញ្ហារបស់អាជ្ញាធរនៅ Crimea ក៏ដូចជាប្រទេសឈ្លានពានដូចជារុស្ស៊ីតែប៉ុណ្ណោះ” ។
ចំនែកភាគីខាងរុស្ស៊ីវិញ បានចោទប្រកាន់ទៅលើអ៊ុយក្រែនចំពោះការវាយប្រហារលើស្ពានកាលពីខែតុលាឆ្នាំមុនវិញ។ ប៉ុន្តែប្រទេសអ៊ុយក្រែនហាក់ដូចជាបានទទួលស្គាល់ដោយប្រយោល ចំពោះការវាយប្រហារប៉ុន្មានខែក្រោយនេះ។
លោក Serhiy Bratchuk អ្នកនាំពាក្យរបស់រដ្ឋបាលយោធា Odesa របស់អ៊ុយក្រែនបានបង្ហោះរូបថតនៅលើគណនី Telegram របស់គាត់អំពីអ្វីដែលហាក់ដូចជាបង្ហាញពីផ្នែកនៃស្ពានដែលបាក់។ ហើយរូបភាពនោះ វាមិនទាន់មានភាពច្បាស់លាស់ថា តើវាពាក់ព័ន្ធនឹងការវាយប្រហារណារបស់នរណាមួយនោះទេ។
បន្ទាប់ពីការវាយប្រហារខែតុលា ឆ្នាំមុនផងដែរ លោក Putin បានបញ្ជាឱ្យជួសជុលស្ពាននោះឡើងវិញ ហើយថែមទាំងមានការបើក រថយន្ត Mercedes ឆ្លងកាត់វាទៀតផង។
ក្រសួងដឹកជញ្ជូនរបស់រុស្ស៊ីបាននិយាយថា មានការខូចខាតផ្លូវនៅលើស្ពានដែលខិតទៅជិតឧបទ្វីប Crimea ប៉ុន្តែមិនមានការខូចខាតដល់សសរស្តម្ភនោះទេ។ តែខាងសារព័ត៌មានរយទ័រ មិនបានបញ្ជាក់ថា រឿងនេះបណ្ដាលមកពីអ្វី ទើបបង្ករឲ្យមានការខូចខាតនោះទេ។