យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រក្នុងទីក្រុង COPENHAGEN នៅថ្ងៃទី 28 ខែកក្កដាបានឲ្យដឹងថា ប្រទេសន័រវេស និងហ្វាំងឡង់ គឺកំពុងតែប្រឈមមុខនឹងការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយបក្សីនៅក្នុងឆ្នាំនេះ។ ហើយវាបានសម្លាប់សត្វសមុទ្ររាប់ពាន់ក្បាល និងប្រភេទសត្វដទៃជាច្រើនទៀត ចំពោះជំងឺមួយនេះផងដែរ វាបានធ្វើឱ្យសត្វចិញ្ចឹមក៏ត្រូវប្រឈមមុខនឹងហានិភ័យ និងការរឹតបន្តឹងនៃការធ្វើដំណើរនៅក្នុងតំបន់មួយចំនួនថែមទៀតផង។
ជំងឺគ្រុនផ្តាសាយបក្សី ដែលជាទូទៅគេហៅថាជំងឺផ្តាសាយបក្សីបានរីករាលដាលពាសពេញទ្វីបអឺរ៉ុបក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលនាំឱ្យមានការ សម្លាប់ សត្វស្លាបរាប់លានក្បាល នៅក្នុងកសិដ្ឋានរបស់ប្រទេសបារាំងតែម្នាក់ឯង ដែលនាំឲ្យមានផលប៉ះពាល់ដល់ការផ្គត់ផ្គង់សាច់ និងស៊ុតរបស់បក្សីផងដែរ។
មន្ត្រីនៅក្នុងទីក្រុង Vadso នៃតំបន់អាក់ទិក ដែលជាផ្នែកមួយនៃស្រុក Finnmark របស់ប្រទេសន័រវេស បាននិយាយថា ពួកគេបានប្រមូលសត្វស្លាបងាប់ជាង 10,000 ក្បាលនៅក្នុងតំបន់នេះ ហើយអាជ្ញាធរសុវត្ថិភាពចំណីអាហារប្រទសន័រវេសកាលពីថ្ងៃព្រហស្បតិ៍ បានដាក់បម្រាមការធ្វើដំណើរគ្របដណ្តប់លើតំបន់អភិរក្សធម្មជាតិចំនួនបីធំៗនៅក្នុងប្រទេស។
លោក Ole-Herman Tronerud ប្រធានមន្ត្រីពេទ្យសត្វនៅអាជ្ញាធរសុវត្ថិភាពចំណីអាហារន័រវេសបាននិយាយថា “ការផ្ទុះឡើងដែលយើងកំពុងឃើញនៅកន្លែងផ្សេងៗនៃហ្វាំងឡង់នៅឆ្នាំនេះ គឺវាមានទំហំធំជាងដែលយើងបានឃើញនាពេលកន្លងមកនៅក្នុងប្រទេសន័រវេសទៅទៀត” ។
មេរោគ H5N1 បានរីករាលដាលក្នុងចំណោមសត្វបក្សី និងសត្វស្លាបក្នុងព្រៃអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែវាក៏បានផ្ទុះឡើងជាលំដាប់ ដោយមានការរាយការណ៍នៅទូទាំងពិភពលោកថា ចំពោះថនិកសត្វដូចជាឆ្មា mink និង otters ក៏បានឆ្លងមេរោគនេះផងដែរ។
សម្រាប់ប្រទេសដែលនៅជិតខាងហ្វាំងឡង់ក៏បាននិយាយផងដែរថា សត្វស្លាបព្រៃត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ហើយថាមេរោគ H5N1 ឥឡូវនេះត្រូវបានគេរកឃើញនៅក្នុងកសិដ្ឋានចិញ្ចឹមសត្វចំនួន 20 កន្លែង ហើយវាបានកើនឡើងលើសពី 12 ករណី នៅដើមសប្តាហ៍នេះ។
ក្រសួងសង្គមកិច្ច និងសុខភាពរបស់ប្រទេសហ្វាំងឡង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា “មេរោគត្រូវបានបញ្ជាក់ថាជា (variant) ដែលបានធ្វើចរាចរណ៍ជាពិសេសក្នុងចំណោមសត្វសមុទ្រ” ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួនបី ក្នុងខែនេះបានព្រមានថា ការផ្ទុះឡើងទូទាំងពិភពលោកបានបង្កើនការព្រួយបារម្ភថា មេរោគអាចសម្របខ្លួនទៅនឹងការឆ្លងដល់មនុស្សកាន់តែងាយស្រួល ហើយអង្គការមួយនេះបានជំរុញឱ្យប្រទេសនានានៅក្នុងពិភពលោកពង្រឹងការឃ្លាំមើលជំងឺ និងលើកកម្ពស់អនាម័យនៅកសិដ្ឋានចិញ្ចឹមសត្វផងដែរ។
ចំនែកឯអង្គការសុខភាពពិភពលោកវិញ (WHO) បាននិយាយថា ហានិភ័យចំពោះមនុស្សពីការឆ្លងមេរោគ H5N1 គឺនៅតែមានកម្រិតទាប ប៉ុន្តែ(WHO)បាននិយាយបន្ថែមថា ប៉ុន្តែរបាយការណ៍នៃការឆ្លងនៅក្នុងថនិកសត្វ ចាំបាច់ត្រូវតែតាមដានយ៉ាងដិតដល់បំផុត។