បេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សភឿថៃ លោក Srettha Thavisin បានប្រកាសកាលពីថ្ងៃអង្គារថា ប្រសិនបើសភាអនុម័តការតែងតាំងលោកឲ្យធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់ លោកនឹងមិនប៉ះពាល់មាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ដែលជាច្បាប់ប្រមាថព្រះមហាក្សត្រជាដាច់ខាត ។
លោកបាននិយាយថា “ប្រសិនបើគណបក្សភឿថៃតែងតាំងខ្ញុំក្នុងអំឡុងពេលបោះឆ្នោតសភាជុំបន្ទាប់ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីនោះ ប្រាកដណាស់ ការធ្វើវិសោធនកម្មមាត្រា 112 និងមិនអាចកើតឡើងនោះទេ”។
“ភឿថៃ បានបញ្ជាក់យ៉ាងច្បាស់ថា ច្បាប់នឹងមិនត្រូវបានធ្វើវិសោធនកម្ម ឬលុបចោលនោះទេ។ប្រសិនបើយើងចង់ឃើញប្រទេសឆ្ពោះទៅមុខ និងបង្កើតរដ្ឋាភិបាលថ្មីដោយជោគជ័យ យើងត្រូវតែជៀសវាងការកែប្រែមាត្រា ១១២”។
លោកបានមានប្រសាសន៍ថា “សព្វថ្ងៃនេះបញ្ហាសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគឺពិតជាមានសារៈសំខាន់បំផុតសម្រាប់ថ្នាក់ដឹកនាំ ហើយអ្វីដែលយើងត្រូវធ្វើមុនគេនោះ គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានការហូបចុកគ្រប់គ្រាន់ ហើយសេដ្ឋកិច្ចមានភាពកាន់តែប្រសើរឡើង”។
លោក ស្រេត ថា បាននិយាយបែបនេះ បន្ទាប់ពីសមាជិកព្រឹទ្ធសភាមួយចំនួនបង្ហាញពីការងឿងឆ្ងល់ អំពីគោលជំហររបស់លោកលើមាត្រា ១១២។ សមាជិកព្រឹទ្ធសភាបានចោទសួរទៅកាន់លោក សេរីថា ថាគួរតែធ្វើវិសោធនកម្មមាត្រា ១១២ ដែរឬអត់? ហើយវាជាបទសម្ភាសន៍មួយដែលរឈានទៅរកការបោះឆ្នោត ដោយពួកគេបាននិយាយថា ពួកគេនឹងមិនគាំទ្រលោក Srettha Thavisin ឲ្យឡើងធ្វើជានាយករដ្ឋមន្ត្រីនោះទេ លុះត្រាតែលោកពន្យល់ពីគោលជំហររបស់លោក ជុំវិញបញ្ហាដែលពាក់ព័ន្ធនឹងសំនួរខាងលើនេះជាមុនសិន។
លោក Linthiporn Warinvacharoj សមាជិកសភាបញ្ជីឈ្មោះគណបក្សភឿថៃ និងជាអ្នកនាំពាក្យបក្សស្តីទី បាននិយាយថា លោក ស្រេត ថា ក៏ធ្លាប់បានលើកឡើងអំពីបញ្ហានេះនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី ២០ ខែកក្កដា រួចរាល់ហើយផងដែរ បន្ទាប់ពី បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សចលនាឆ្ពោះទៅមុខ MFP លោក Pita Limjaroenrat មិនទទួលបានការយល់ព្រមពីសភាភាគច្រើន ដោយសារតែជំហរដ៏រឹងមាំរបស់គណបក្សលោកបាននិយាយថា លោកនឹងធ្វើវិសោធនកម្មផ្នែកទី 112 ។
នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃនោះដដែល លោក ស្រេត ថា បាននិយាយយ៉ាងច្បាស់ថា បញ្ហាត្រូវតែដោះស្រាយឲ្យបានត្រឹមត្រូវក្នុងអំឡុងពេលបោះឆ្នោតសភាបន្ទាប់សម្រាប់នាយករដ្ឋមន្ត្រី។ លោកទទួលស្គាល់ថា មាត្រា ១១២ គឺជាឧបសគ្គចម្បង។ ប៉ុន្តែគណបក្សនូវតែប៉ះពាល់មាត្រា១១២ អ្នកនឹងមិនអាចទទួលបានការគាំទ្រពីព្រឹទ្ធសភា និងគណបក្សនយោបាយជាច្រើនទៀតនោះទេ»។
តែនៅពេលដែលគេចុចសួរ ដើម្បីរកចម្លើយដែលលោក Srettha Thavisin បានជ្រើសរើសគោលជំហរអព្យាក្រឹតកាលពីថ្ងៃបោះឆ្នោតជុំទី១វិញ លោក Srettha បាននិយាយថាច្បាប់ប្រមាថមហាក្សត្រអាចត្រូវបានធ្វើវិសោធនកម្ម ប្រសិនបើសភា ឬសង្គមយល់ឃើញថាជាការចាំបាច់ ហើយរឿងនេះអាចធ្វើទៅតាមដំណើរការនៃសភាជាធម្មតា។
ចំនែកឯប្រធានសភាលោក Wan Muhamad Noor Matha បានកំណត់ជាបណ្តោះអាសន្នថា នៅថ្ងៃទី 4 ខែសីហា សភានឹងជួបប្រជុំគ្នាម្តងទៀត ដើម្បីបោះឆ្នោតលើការតែងតាំងនាយករដ្ឋមន្ត្រីថ្មី។