យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២៣ បានឲ្យដឹងថា ព្យុះទីហ្វុងដ៏ខ្លាំងមួយបានបោកបក់មកលើកោះអូគីណាវ៉ាភាគនិរតីរបស់ប្រទេសជប៉ុនកាលពីថ្ងៃអង្គារ វាបានបោកបក់តំបន់នេះជាមួយនឹងខ្យល់បក់ខ្លាំង និងរលកខ្ពស់ ហើយបង្ខំឱ្យការដឹកជញ្ជូនត្រូវផ្អាក ហើយហាងនានាមួយចំនួនត្រូវបានបិទ។
ខ្យល់ព្យុះទីហ្វុង ខាន់ណុន ដែលមានន័យថាផ្លែខ្នុរជាភាសាថៃ វាកំពុងតែធ្វើដំណើរទៅកាន់ភាគពាយព្យក្នុងល្បឿន 15 គីឡូម៉ែត្រក្នុងមួយម៉ោង (9 ម៉ាយក្នុងមួយម៉ោង) កាលពីយប់ថ្ងៃអង្គារ ដោយមានកម្លាំងខ្យល់បក់បោកលើផ្ទៃដីរហូតដល់ 180 គីឡូម៉ែត្រក្នុងមួយម៉ោង (111 ម៉ាយក្នុងមួយម៉ោង)។ ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា វាស្ថិតនៅសមុទ្រភាគអាគ្នេយ៍នៃកោះសំខាន់របស់អូគីណាវ៉ា។
ការិយាល័យទីក្រុងនៅក្នុងរដ្ឋធានី Naha នៃខេត្ត Okinawan ត្រូវបានបិទដោយសារតែខ្យល់បក់បោកយ៉ាងខ្លាំង ខណៈដែលបណ្តាញផ្សារទំនើបត្រូវបានបិទ ឬដំណើរការក្នុងរយៈពេលខ្លីជាងនេះ។
តាមរយៈវីដេអូនៅលើទូរទស្សន៍សាធារណៈ NHK បានបង្ហាញថាមានដើមឈើដួលរលំនៅតាមដងផ្លូវក្នុងទីក្រុង Naha ប៉ុន្តែមិនមានការរងរបួសត្រូវបានគេរាយការណ៍នោះទេ។
យោងតាមអាកាសយានដ្ឋាន Naha បាននិយាយថា ជើងហោះហើររាប់រយជើងចូល និងចេញពីអាកាសយានដ្ឋាន Naha រួមទាំងជើងហោះហើរអន្តរជាតិជាច្រើនដែលតភ្ជាប់ទៅកាន់ទីក្រុងសេអ៊ូល ហុងកុង តៃប៉ិ និងសៀងហៃ គឺត្រូវបានលុបចោលស្ទើទាំងស្រុង។ ចំនែកឯការដឹកជញ្ជូនសាធារណៈនៅលើកោះអូគីណាវ៉ា រួមទាំងឡានក្រុង ប្រព័ន្ធដឹកជញ្ជូនផ្លូវដែកធុនស្រាល និងសាឡាងដែលភ្ជាប់អូគីណាវ៉ាទៅកោះក្បែរនោះក៏ត្រូវបានផ្អាកផងដែរ។
ទីភ្នាក់ងារឧតុនិយមបាននិយាយថា ព្យុះទីហ្វុងនេះត្រូវបានគេរំពឹងថានឹងបន្តផ្លាស់ទីទៅភាគខាងលិច និងឆ្ងាយពីប្រជុំកោះសំខាន់របស់ជប៉ុន បន្ទាប់ពីឆ្លងកាត់កោះអូគីណាវ៉ា គឺជាកន្លែងដែលវាត្រូវបានគេព្យាករណ៍ថានឹងនាំមកនូវព្យុះភ្លៀង និងរលកដ៏ខ្ពស់បំផុតរហូតដល់ 12 ម៉ែត្រ (39 ហ្វីត) ។
ទីភ្នាក់ងារឧតុនិយមបាននិយាយទៀតថា ទឹកភ្លៀងនឹងធ្លាក់រហូតដល់ 20 សង់ទីម៉ែត្រ (7.8 អ៊ីង) ដោយត្រូវបានគេទស្សទាយថា វានឹងកើតឡើងនៅក្នុងតំបន់អូគីណាវ៉ា។
មន្ត្រីបានព្រមានអ្នកស្រុកពីខ្យល់បក់ខ្លាំង រលកខ្ពស់ និងទឹកជំនន់ ហើយបានជំរុញឱ្យពួកគេនៅក្នុងផ្ទះ និងនៅឱ្យឆ្ងាយពីបង្អួចផងដែរ។
ចំពោះខ្យល់បក់ខ្លាំងបានវាយលុយទៅកាន់តំបន់ទេសចរណ៍ដ៏ពេញនិយមអូគីណាវ៉ា ព្រមទាំងបានកាត់ផ្តាច់ចរន្តអគ្គិសនី រហូតដល់ជាង 200,000 គ្រួសារនៅព្រឹកថ្ងៃពុធ ខណៈដែលព្យុះទីហ្វុង Khanun ដែលមានកម្លាំងខ្លាំង បានបោកបក់មកជិតកោះនៅភាគនិរតីនៃប្រទេសមួយនេះ។
បើគិតនៅព្រឹមម៉ោង 9 ព្រឹកនេះអាជ្ញាធរបាននិយាយថា មានអ្នកស្លាប់ម្នាក់ និងរបួស ១១នាក់។ យោងតាមភ្នាក់ងារគ្រប់គ្រងគ្រោះអគ្គិភ័យ និងគ្រោះមហន្តរាយបានឲ្យដឹងថា បុរសម្នាក់ត្រូវបានកិនក្រោមយានដ្ឋាន ដែលដួលរលំ ហើយក៏គាំងបេះដូង។
ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បាននិយាយថា នៅពេលនេះមនុស្សជិត 700,000 នាក់នៅក្នុងខេត្តត្រូពិច ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយម ដែលមានចម្ងាយប្រហែល 1,600 គីឡូម៉ែត្រ (1,000 ម៉ាយ) នៅភាគនិរតីនៃរដ្ឋធានីតូក្យូរបស់ប្រទេសជប៉ុនត្រូវបានគេណែនាំឱ្យជម្លៀសចេញ ដោយព្យុះនេះបានផ្លាស់ទីទៅភាគពាយព្យក្នុងល្បឿន 10 គីឡូម៉ែត្រក្នុងមួយម៉ោង (6.2 ម៉ាយក្នុងមួយម៉ោង)។
ក្រុមហ៊ុនថាមពលអគ្គិសនីអូគីណាវ៉ា រួមបញ្ចូល (OEPC) បាននិយាយថា គ្រួសារចំនួន 212,530 ឬ 34% នៃផ្ទះទាំងអស់បានជួបប្រទះនឹងការដាច់ចរន្តអគ្គិសនី នេះបើគិតត្រឹមម៉ោង 10:55 នាទីព្រឹក ម៉ោងនៅប្រទេសជប៉ុន (0155 GMT)។
ក្រុមហ៊ុនថាមពលអគ្គិសនីអូគីណាវ៉ាបាននិយាយទៀតថា ការផ្គត់ផ្គង់ថាមពលបានធ្លាក់ចុះសម្រាប់ផ្ទះ 10,030 នៅកោះ Amami ក្នុងខេត្ត Kagoshima ភាគខាងជើងនៃអូគីណាវ៉ា។
សូមបញ្ជាក់ផងដែរថា អូគីណាវ៉ាគឺជាម្ចាស់ផ្ទះសម្រាប់កងកម្លាំងអាមេរិកភាគច្រើននៅក្នុងប្រទេសជប៉ុន ហើយបុគ្គលិកនៅលើមូលដ្ឋានអាកាស Kadena ដែលជាកន្លែងដំឡើងដ៏ធំបំផុតមួយត្រូវបាន ជំរុញ ឱ្យធ្វើការប្រុងប្រយ័ត្នចាំបាច់ទាំងអស់។
JMA ព្យាករណ៍ថា ព្យុះទីហ្វុងនឹងរំកិលទៅទិសខាងលិចកាត់សមុទ្រចិនខាងកើត ឆ្ពោះទៅខេត្ត Zhejiang របស់ប្រទេសចិន និងភាគខាងជើងនៃកោះតៃវ៉ាន់ នៅថ្ងៃសុក្រ ប៉ុន្តែបន្ទាប់មកបែរមុខទៅទិសឦសាន ដែលអាចប៉ះពាល់ដល់កោះ Kyushu របស់ប្រទេសជប៉ុន។
ព្យុះទីហ្វុង Khanun បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីតំបន់នេះត្រូវបានវាយប្រហារដោយព្យុះទីហ្វុង Doksuri ដែលបាន បោកបក់ភាគខាងជើងប្រទេសចិន ក្នុងព្យុះដ៏អាក្រក់បំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍ និងបានធ្វើឱ្យខូចខាតដល់ផលិតកម្មស្រូវនៅក្នុងប្រទេសហ្វីលីពីន។