យោងតាមរយៈការចុះផ្សាយរបស់ទីក្រុង ឡុងដ៍ និងរដ្ឋធានី វ៉ាស៊ីនតោន កាលពីថ្ងៃទី 7 ខែសីហា ឆ្នាំ 2023 បាននិយាយថា ក្រុមឥស្សរជននៃពួក Hacker កូរ៉េខាងជើងបានរំលោភបំពានលើបណ្តាញកុំព្យូទ័រដោយសម្ងាត់នៅឯក្រុមហ៊ុនអភិវឌ្ឍន៍កាំជ្រួចរបស់ប្រទេសរុស្ស៊ីដ៏សំខាន់មួយ។ បើយោងតាមភស្តុតាងបច្ចេកទេស ដែលត្រូវបានពិនិត្យដោយ Reuters និងការវិភាគដោយអ្នកស្រាវជ្រាវ សន្តិសុខ បានឲ្យដឹងទៀតថា ក្រុម Hacker របស់របស់កូរ៉េខាងជើងបានជ្រៀតចូលទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រុមហ៊ុនខាងលើនេះ អស់រយៈពេលប្រហែល 6 ខែ កាលពីឆ្នាំមុន។
ទីភ្នាក់ងាររបស់រ៉យទ័រ បានរកឃើញថា ក្រុមចារកម្មតាមអ៊ីនធឺណិត ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលកូរ៉េខាងជើង ដែលអ្នកស្រាវជ្រាវសន្តិសុខហៅថា ScarCruft និង Lazarus បានដំឡើងប្រព័ន្ធឌីជីថលសម្ងាត់ចូល ទៅក្នុងប្រព័ន្ធនៅ NPO Mashinostroyeniya ដែលជាការិយាល័យរចនារ៉ុក្កែត និងមានមូលដ្ឋាននៅទីក្រុង Reutov គឺជាទីក្រុងតូចមួយនៅជាយក្រុងម៉ូស្គូ។
សម្រាប់ក្រុមអ្នកសារព័ត៌មាន Reuters មិនអាចកំណត់បានថា តើទិន្នន័យណាមួយត្រូវបានគេយកក្នុងអំឡុងពេលការឈ្លានពាន ឬព័ត៌មានអ្វីដែលអាចត្រូវបានមើលឃើញនោះទេ។ នៅក្នុងរយៈពេលប៉ុន្មានខែបន្ទាប់ពីការបំបែកប្រព័ន្ធឌីជីថលនៅក្នុងទីក្រុងព្យុងយ៉ាងបានប្រកាសពីការអភិវឌ្ឍន៍ជាច្រើន នៅក្នុងកម្មវិធីមីស៊ីលផ្លោងអន្តរទ្វីប ប៉ុន្តែវាក៏មិនភាពច្បាស់លាស់នោះទេ ថាតើការផលិតអាវុធមួយប្រភេទនេះរបស់ទីក្រុងព្យុងយ៉ាង វាទាក់ទងនឹងការបំពាននេះឬយ៉ាងណា។
ចំពោះអ្នកជំនាញនិយាយថា ឧបទ្ទវហេតុនេះអាចបង្ហាញពីរបៀប ដែលប្រទេសឯកោនឹងកំណត់គោលដៅសម្ព័ន្ធមិត្តរបស់ខ្លួន ដូចជារុស្ស៊ី ក្នុងគោលបំណងដើម្បីទទួលបានបច្ចេកវិទ្យាសំខាន់ៗ។
NPO Mashinostroyeniya មិនបានឆ្លើយតបទៅនឹងសំណើរបស់ Reuters សម្រាប់ការធ្វើអត្ថាធិប្បាយទេ។ ចំនែកឯស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងវ៉ាស៊ីនតោនវិញ ក៏មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយតាមអ៊ីមែលទេ។ ហើយបេសកកម្មរបស់កូរ៉េខាងជើងទៅកាន់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ក៏មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយនោះដែរ។
ដំណឹងនៃការ hack បានកើតឡើងភ្លាមៗបន្ទាប់ពី ការធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីខែមុនដោយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu សម្រាប់ខួបលើកទី 70 នៃសង្គ្រាមកូរ៉េ។ ដំណើរទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីទៅកាន់កូរ៉េខាងជើង អាចនិយាយបានថាវាជាដំណើរទស្សនកិច្ចលើដំបូង បើគិតចាប់តាំងពីការបែកបាក់សហភាពសូវៀតនៅឆ្នាំ ១៩៩១។
ក្រុមហ៊ុនគោលដៅដែលត្រូវបានគេស្គាល់ជាទូទៅថា NPO Mash បានដើរតួជាអ្នកត្រួសត្រាយអ្នកបង្កើតកាំជ្រួចល្បឿនលឿន បច្ចេកវិទ្យាផ្កាយរណប និងសព្វាវុធផ្លោងជំនាន់ថ្មី នេះបើយោងតាមអ្នកជំនាញខាងផលិតកាំជ្រួចមីសីល។
បើយោងតាមប្រភពមួយបានសរសេរថា តំបន់ចំនួនបីដែលមានការចាប់អារម្មណ៍ចំពោះកូរ៉េខាងជើង គឺចាប់តាំងពីខ្លួនបានចាប់ផ្តើមបេសកកម្មរបស់ខ្លួន ដើម្បីបង្កើតអាវុធជំនាន់ថ្មី។ ចំពោះមីស៊ីលផ្លោងអន្តរទ្វីប (ICBM) របស់ទីក្រុងព្យុងយ៉ាងបានបង្ហាញថា វាអាចមានសមត្ថភាពដើម្បីវាយប្រហារដល់ទៅសហរដ្ឋអាមេរិកដីគោក។
យោងតាមទិន្នន័យបច្ចេកទេស ការឈ្លានពានបានចាប់ផ្តើមនៅចុងឆ្នាំ 2021 ហើយបន្តរហូតដល់ខែឧសភា ឆ្នាំ 2022 នៅពេលដែលយោងតាមការទំនាក់ទំនងផ្ទៃក្នុងរបស់ក្រុមហ៊ុន ដែលត្រូវបានពិនិត្យដោយ វិស្វករ IT Reuters បានរកឃើញនូវសកម្មភាពរបស់ពួកក្រុម Hacker ។ NPO Mash កាន់តែមានភាពល្បីល្បាញក្នុងអំឡុងសង្គ្រាមត្រជាក់ ក្នុងនាមជាអ្នកបង្កើតផ្កាយរណបឈានមុខគេសម្រាប់កម្មវិធីអវកាសរបស់រុស្ស៊ី និងជាអ្នកផ្តល់កាំជ្រួចដើម្បីធ្វើដំណើរ។