កាលពីថ្ងៃទី 08 ខែសីហា ឆ្នាំ 2023 យោងតាមរយៈក្រុមអ្នកសារព័ត៌មាន CNN បាននិយាយថា អ្នកការទូតកំពូលរបស់ចិន លោក Wang Yi បានប្រាប់សមភាគីរុស្ស៊ីថា ទីក្រុងប៉េកាំងនៅតែ “មិនលំអៀង” លើសង្រ្គាមនៅអ៊ុយក្រែន គឺនូវមួយថ្ងៃបន្ទាប់ពីគណៈប្រតិភូចិនបានចូលរួមក្នុងកិច្ចពិភាក្សាអន្តរជាតិស្តីពីការបញ្ចប់ជម្លោះ ដែល រួមមានទីក្រុង Kyiv ប៉ុន្តែមិនមែនជាទីក្រុងម៉ូស្គូទេ។
នៅក្នុងការអំពាវនាវមួយកាលពីថ្ងៃច័ន្ទ លោក Wang បានសង្កត់ធ្ងន់ទៅកាន់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ថា ប្រទេសចិន និងរុស្ស៊ីគឺជា “មិត្តល្អ និងជាដៃគូដ៏គួរឱ្យទុកចិត្តថែមទៀតផង” ។
លោក Wang បាននិយាយថា “ចំពោះវិបត្តិរបស់ប្រទេសអ៊ុយក្រែន ប្រទេសចិននឹងរក្សាជំហរឯករាជ្យ និងមិនលំអៀងទៅភាគីណាមួយនោះទេ។ ការលើកឡើងរបស់អ្នកការទូតជាន់ខ្ពស់របស់ប្រទេសចិនរូបនេះ បានបញ្ចេញនូវសម្លេងដែលប្រកបដោយឆន្ទៈ និងសមហេតុផល ដែលបានជំរុញឲ្យកិច្ចចរចាប្រព្រឹត្តទៅដោយសន្តិភាពនិងសកម្ម សម្រាប់ការខិតខំស្វែងរកដំណោះស្រាយនយោបាយក្នុងឱកាសពហុភាគីអន្តរជាតិ”។ នេះបើយោងតាមសេចក្តីអំពាវនាវដែលចេញផ្សាយដោយក្រសួងការបរទេសចិន។
ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សារយៈពេលពីរថ្ងៃ ដែលរៀបចំដោយប្រទេសអារ៉ាប៊ីសាអូឌីត រួមទាំងសម្ព័ន្ធមិត្តអ៊ុយក្រែនសំខាន់ៗដូចជា សហរដ្ឋអាមេរិក អង់គ្លេស និងអាល្លឺម៉ង់ ព្រមទាំងឥណ្ឌា និងប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា បានជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីដំណោះស្រាយនៃជម្លោះដែលបានកើតឡើងប្រហែល 18 ខែ បើគិតចាប់តាំងពីការលុកលុយរបស់ទីក្រុងម៉ូស្គូបានចាប់ផ្តើម។
យោងតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់អារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា ក្រុមនេះបានយល់ព្រមលើសារៈសំខាន់នៃការសន្ទនាអន្តរជាតិដើម្បីស្វែងរក “មូលដ្ឋានរួមដែលនឹងត្រួសត្រាយផ្លូវសម្រាប់សន្តិភាព” ។
ក្នុងនោះផងដែរ លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ីបាន “កោតសរសើរ និងស្វាគមន៍ចំពោះតួនាទីស្ថាបនារបស់ប្រទេសចិន” ដែលមានបំណងឆ្ពោះទៅរកដំណោះស្រាយនយោបាយនៃ “វិបត្តិអ៊ុយក្រែន” ដោយលោកបានសម្តែងការពេញចិត្តចំពោះ ក្រសួងការបរទេសចិនដែលបាននិយាយ នៅក្នុងការអានការអំពាវនាវរបស់ពួកគេកាលពីថ្ងៃច័ន្ទ។
តើចិនពិតជាមានតួនាទីក្នុងការបង្កើតសន្តិភាពពិតមែនឬ?
នៅមុនកិច្ចពិភាក្សានៅទីក្រុង Jeddah រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានទទួលការអញ្ជើញឲ្យចូលរួមពីខាងប្រទេសចិន (នេះអាចបង្ហាញថា “វាជារបកគំហើញដ៏អស្ចារ្យ និងជាជ័យជម្នះជាប្រវត្តិសាស្ត្រមួយ”។
អ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិច បានបង្ហាញក្តីសង្ឃឹមជាយូរមកហើយថា ប្រទេសចិន និងមេដឹកនាំរបស់ខ្លួន លោក Xi Jinping ដែលជាមិត្តសម្លាញ់ របស់លោកប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អាចដើរតួក្នុងការជំរុញទីក្រុងម៉ូស្គូឆ្ពោះទៅរកសន្តិភាព។
ព្រោះថាលោកលោក Xi Jinping ត្រូវបានគេមើលឃើញថា លោកពិតជាមានសមត្ថភាពក្នុងការធ្វើឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនអាចកែប្រែឥរិយាបទ។
ការចូលរួមរបស់ចិននៅក្នុងកិច្ចចរចា នៅទីក្រុង Jeddah បានកើតឡើងនៅពេលដែលប្រទេសនេះបាន ពង្រឹងទំនាក់ទំនងរបស់ខ្លួន ជាមួយអារ៉ាប៊ីសាអូឌីត ហើយក៏កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារទំនាក់ទំនងរបស់ខ្លួនឡើងវិញជាមួយដៃគូសេដ្ឋកិច្ចសំខាន់ៗនៅអឺរ៉ុប ស្របពេលដែលមានវិបត្តិសេដ្ឋកិច្ច។
ក្រសួងការបរទេសចិនបាននិយាយថា ទីក្រុងប៉េកាំងនឹងបន្តពង្រឹងការសន្ទនាជាមួយប្រទេសរុស្ស៊ី ដោយផ្អែកលើគោលជំហររបស់ខ្លួនចំនួន 12 ចំណុច ដោយស្តីអំពីដំណោះស្រាយនយោបាយចំពោះវិបត្តិសេដ្ឋកិច្ច នេះបើយោងតាម Reuters ។
យ៉ាងណាមិញ ប្រទេសអ៊ុយក្រែន និងរុស្ស៊ីនៅតែប្តេជ្ញាចិត្តជាសាធារណៈចំពោះលក្ខខណ្ឌ មុនធ្វើការចរចាដោយផ្ទាល់ ប៉ុន្តែសម្រាប់ភាគីទាំងសងខាងនៅតែយល់ថាមិនអាចទទួលយកបាន។