យោងតាមរយៈការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី 12 ខែសីហា ឆ្នាំ 2023 បានឲ្យដឹងថា ឆ្នេរជាច្រើននៅក្នុងទីក្រុងសមុទ្រខ្មៅ Odesa របស់ប្រទេសអ៊ុយក្រែនបានបើកជាផ្លូវការសម្រាប់ការហែលទឹកជាលើកដំបូង បើគិតចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ីកាលពីខែកុម្ភៈឆ្នាំមុន។ បើទោះបីជាការលំហែរកាយនៅតាមឆ្នេរសមុទ្រ និងការងូតទឹកត្រូវបានហាមឃាត់ក្នុងអំឡុងពេលការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាសក៏ដោយ គឺគេនៅតែសង្កេតឃើញថាការសម្រាកលំហែរកាយគឺនៅតែមានមនុស្សច្រើនគួរសម។.
សមុទ្រខ្មៅ Odesa ដែលជាកំពង់ផែ និងជាមូលដ្ឋានទ័ពជើងទឹកដ៏ធំបំផុតរបស់អ៊ុយក្រែន ត្រូវបានរងនូវការវាយប្រហារម្តងហើយម្តងទៀតដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីឥតឈប់ឈរ ហើយទៀតសោតសមុទ្រមួយនេះត្រូវបានបង្កប់ដោយគ្រាប់មីនរាប់រយគ្រាប់ បន្ទាប់ពីការលុកលុយកាលពីមុននោះ។
ដើម្បីសុវត្ថិភាពអ្នកស្រុក និងបន្ទាប់ពីឧប្បត្តិហេតុគ្រាប់មីនផ្ទុះនៅលើឆ្នេរ ឆ្នេរសមុទ្រក៏ត្រូវបានបិទជាបណ្តោះអាសន្ន។
អភិបាលក្រុង Odesa លោក Oleh Kiper បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា ការសម្រេចចិត្ត ក្នុងការបើកឆ្នេរត្រូវបានធ្វើឡើងរួមគ្នាដោយរដ្ឋបាលស៊ីវិល និងយោធារបស់ទីក្រុង។
លោកបានមានប្រសាសន៍ថា ឆ្នេរនឹងបើកដំណើរការចន្លោះពីម៉ោង ៨ ព្រឹក ដល់ ម៉ោង៨ យប់។
លោក Oleksandr ដែលជាអ្នកការពារជីវិត និងជាអតីតអ្នកមុជទឹកម្នាក់ បាននិយាយថា សំណាញ់ប្រឆាំងមីនត្រូវបានដាក់នៅចន្លោះផែពីរ ដើម្បីការពារអ្នកហែលទឹកជួបប្រទះនឹងមីនទឹករាក់។
លោកបាននិយាយទៀតថា “សំណាញ់នឹងបញ្ឈប់ពួកគេ។ ហើយពួកគេ (មីន) ក៏នឹងអាចមើលឃើញពីច្រាំងក្រោមលក្ខខណ្ឌដែលបានដាក់ចេញនេះ។ បន្ទាប់មកបុគ្គលិកសង្គ្រោះបន្ទាន់នឹងត្រូវបានជូនដំណឹង ពួកគេនឹងមកដោះស្រាយបញ្ហាភ្លាមៗផងដែរ” ។
ការបើកឆ្នេរនេះគឺជាការស្វាគមន៍ការសម្រាកពីសង្គ្រាមសម្រាប់មនុស្ស ដោយជាការហែលទឹក និងគេហាលថ្ងៃជាដើម។ល។
លោក Svitlana អ្នកស្រុកនៅតំបន់ Odesa បាននិយាយថា “ខ្ញុំបានសុបិនចង់ទៅឆ្នេរ និងស្រូបខ្យល់អាកាសប្រៃបែបធម្មជាតិ ព្រោះថាយើងបានបាត់បង់រសជាតិជីវិតបែបនេះជាយូណាស់មកហើយ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយសុវត្ថិភាពគឺជាអាទិភាពចម្បង សម្រាប់ខ្ញុំនិងក្រុមគ្រួសាររបស់ខ្ញុំ” ។