ក្រុមសង្គ្រោះបន្ទាន់នៅទីក្រុងមូស្គូបាននិយាយថា កាលពីថ្ងៃទី 13 ខែសីហា ប្រទេសរុស្ស៊ីបានបញ្ជូនក្រុមការងារមួយចំនួន ដើម្បីទៅត្រួតពិនិត្យការបោសសម្អាតផ្នែកខ្លះនៃតំបន់ Far East របស់ប្រទេសកាលពីថ្ងៃអាទិត្យ គឺបន្ទាប់ពីព្យុះទីហ្វុង Khanun បានឆ្លងកាត់តំបន់ Primorye នេះបើយោងតាមការចេញផ្សាយរបស់ទីសារព័ត៌មានរ៉យទ័រ។
ចំនែកទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីវិញ បានដកស្រង់សម្តីក្រសួងដែលបាននិយាយថា ចំនួនផ្ទះដែលត្រូវបានជន់លិចគឺមានរហូតដល់ទៅ ៤.៣៦៨ ខ្នង ហើយអគារផ្ទះល្វែងចំនួន ៧ ក៏ត្រូវបានជន់លិចផងដែរ។
ទីភ្នាក់ងារនេះបាននិយាយទៀតថា ផ្ទះដែលរងផលប៉ះពាល់ភាគច្រើន គឺនៅក្នុងទីក្រុង Ussuriysk Spassk-Dalny និងនៅក្នុងសង្កាត់ Oktyabrsky ដែលស្ថិតនៅក្នុងតំបន់ Primorye គឺជាកន្លែងកំពង់ផែ Vladivostok និងមជ្ឈមណ្ឌលរដ្ឋបាល។
ក្រសួងបាននិយាយនៅក្នុងបណ្តាញ Telegram របស់ខ្លួនថា ក្រុមការងារនឹង “សម្របសម្រួលការងារដើម្បីលុបបំបាត់ផលវិបាកនៃទឹកជំនន់” ។ ខាងក្រសួងបាននិយាយថា យន្តហោះរបស់ខ្លួនបានផ្តល់ជំនួយមនុស្សធម៌ ហើយឧទ្ធម្ភាគចក្រ Mi-8 បានជួយផ្ទេរអ្នកជួយសង្គ្រោះទៅកាន់កន្លែងនោះ។
ប៉ុន្តែក្រសួងមិនមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសនោះទេ ហើយថាវាបានជៀសវាងការខូចខាតធ្ងន់ធ្ងរបន្ថែមទៀតដោយការបញ្ជូនអង្គភាពនៅដើមដំបូង។ TASS បាននិយាយថា ទឹកជំនន់នៅ Ussuriysk ដែលជាទីក្រុងធំទីពីរនៅ Primorye គឺអាក្រក់បំផុត និងធំបំផុតក្នុងរយៈពេលមួយទសវត្សរ៍ ហើយវាបានប៉ះពាល់នៅចន្លោះពី 35 ទៅ 40 ភាគរយនៃទឹកដីរបស់ខ្លួន។