យោងតាមរយៈការចុះផ្សាយរបស់សារព័ត៌មាន VOA កាលពីថ្ងៃទី 17 ខែ សីហា ឆ្នាំ 2023 បានឲ្យដឹងថា តុលាការបស់ប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ បានធ្វើការផាកពិន័យជាទឹកប្រាក់ចំនួន 32,000 ដុល្លារសហរដ្ឋអាមេរិច ទៅលើក្រុមហ៊ុន Google សម្រាប់ការខកខានក្នុងការលុបចោលនូវព័ត៌មានមិនពិតមួយចំនួន ដែលត្រូវបានបានដាក់បង្ហោះនៅក្នុងYoutube ដោយនិយាយអំពីជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។
សូមបញ្ជាក់ផងដែរថាចំពោះចំណាត់ការរបស់តុលាការ និងរបស់ចៅក្រមរបស់រុស្ស៊ីលើកនេះ គឺបានធ្វើឡើងបន្ទាប់ពីរុស្ស៊ីកំពុងបំណងចង់ប្រឆាំង ក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិកផ្សេងទៀតនៅក្នុងដើមខែសីហានេះ វាអាចជាក្រុមហ៊ុន Apple និងក្រុមហ៊ុន Wikimedia ។
បើយោងតាមរបាយការណ៍របស់សារព័ត៌មានរុស្ស៊ីបាននិយាយថា តុលាការបានរកឃើញថាសេវាកម្មវីដេអូ YouTube ដែលជាកម្មសិទ្ធិរបស់ Google មានកំហុសក្នុងការមិនលុបវីដេអូ ដែលមានព័ត៌មានមិនត្រឹមត្រូវអំពីជម្លោះ ដែលរុស្ស៊ីចាត់ទុកថាការចុះផ្សាយទាំងនោះគឺជា “ប្រតិបត្តិការយោធាពិសេស”របស់ប្រទេសខ្លួនតែប៉ុណ្ណោះ។
ទីភ្នាក់ងារសារព័ត៌មាន VOA បាននិយាយទៀតថា Google ក៏ត្រូវបានគេរកឃើញថាមានពិរុទ្ធចំពោះការមិនលុបវីដេអូ ដែលណែនាំពីមធ្យោបាយនៃការចូលទៅកាន់កន្លែងដែលមិនបើកដំណើរការសម្រាប់អនីតិជន ហើយក្រុមហ៊ុនយក្សមួយនេះ ក៏មិនបានបញ្ជាក់ថា តើឧបករណ៍ប្រភេទណាដែលមានជាប់ពាក់ព័ន្ធនោះទេ។
នៅក្នុងប្រទេសរុស្ស៊ី តុលាការអាជ្ញាកណ្តាលជាធម្មតាគឺតែងតែដោះស្រាយការបំពានផ្នែករដ្ឋបាល និងសំណុំរឿងព្រហ្មទណ្ឌកម្រិតទាបតែប៉ុណ្ណោះ។
ប៉ុន្តែចាប់តាំងពីមានការបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ 2022 មក ប្រទេសរុស្ស៊ីបានអនុម័តវិធានការជាច្រើន ដើម្បីដាក់ទណ្ឌកម្ម ចំពោះរាល់ការរិះគន់ ឬការសាកសួរអំពីយុទ្ធនាការយោធារបស់ខ្លួនថែមទៀតផង។
បើយោងតាមឯកសារមួយបានសរសេរថា ឥស្សរជនប្រឆាំងម្នាក់ដែលមានឈ្មោះថា លោក Vladimir Kara-Murza ត្រូវបានកាត់ទោសឱ្យជាប់គុក 25 ឆ្នាំនៅ ឆ្នាំនេះ ពីបទក្បត់ជាតិ ដែលផ្តើមចេញពីការផ្សព្វផ្សាយដែលគាត់បានធ្វើឡើង ដើម្បីប្រឆាំងនឹងសកម្មភាពរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។