យោងតាមការចុះផ្សាយរបស់កាសែតក្នុងស្រុករបស់កូរ៉េខាងត្បូង កាលពីថ្ងៃទី 20 ខែ សីហា ឆ្នាំ 2023 បានឲ្យដឹងថា រដ្ឋាភិបាលរបស់កូរ៉េខាងត្បូងលោក Yoon Suk Yeol គ្រោងនឹងគាំទ្រកិច្ចខិតខំប្រឹងប្រែងដោយក្រុមហ៊ុនសំណង់ដែលគ្រប់គ្រងដោយរដ្ឋ និងឯកជនដែលពាក់ព័ន្ធនឹងគម្រោងមួយដែលគិតជាទឹកប្រាក់គឺមានចំនួនស្មើនឹង 140 ពាន់លានដុល្លារ (180 ពាន់ពាន់លានវ៉ុន) ដើម្បីកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងវិស័យថាមពលរបស់ប្រទេសអ៊ុយក្រែន ដែលត្រូវបានរងគ្រោះដោយសារសង្គ្រាម នេះបើយោងតាមក្រសួងនិងអ្នកសង្កេតការណ៍របស់រដ្ឋាភិបាលកាលពីថ្ងៃអាទិត្យ។
ចំពោះទឹកប្រាក់ប្រហែល 70 ពាន់ពាន់លានវ៉ុននឹងត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Samsung C&T ក្រុមហ៊ុន Hyundai Engineering & Construction ក្រុមហ៊ុន Kolon Global ក្រុមហ៊ុន HD Hyundai XiteSolution និង Hyundai Rotem – ក្រុមហ៊ុនដែលបានចូលរួមកិច្ចប្រជុំដើម្បីពិភាក្សាអំពីការកសាងឡើងវិញនៃប្រទេសអ៊ុយក្រែន នៅខាងក្រៅដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីលោក Yoon Suk Yeol ទៅកាន់ប្រទេសប៉ូឡូញ កាលពីខែមុន។
ក្រុមហ៊ុន Hyundai Engineering & Construction បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយអាកាសយានដ្ឋានអន្តរជាតិ Boryspil របស់ប្រទេសអ៊ុយក្រែន សម្រាប់គម្រោងសាងសង់ឡើងវិញ និងពង្រីកគម្រោង។ ហើយក្រុមហ៊ុន Samsung C&T ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃជាមួយ Lviv ដែលជាទីក្រុងនៅភាគខាងលិចនៃប្រទេសអ៊ុយក្រែន។
គណៈប្រតិភូដឹកនាំដោយរដ្ឋមន្ត្រីក្រសួងដែនដី នឹងត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួយសម្រួលកិច្ចសហប្រតិបត្តិការក្នុងការកសាងឡើងវិញនៅដើមខែនេះ។ ក្រុមការងារថ្នាក់ជាតិនឹងដឹកនាំដោយរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន លោក Won Hee-ryong។
បើយោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល បានឱ្យដឹងថា ក្រុមមន្ត្រីក្រសួងពាណិជ្ជកម្មជាន់ខ្ពស់ដាច់ដោយឡែកមួយក្រុមនឹងត្រូវបញ្ជូននៅក្នុងខែតុលាផងដែរ។
ការរួមបញ្ចូលក្នុងចំណោមគណៈប្រតិភូ ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងដែនដី នឹងក្លាយជាក្រុមហ៊ុនតម្រង់ទិសដៅនៃហេដ្ឋារចនាសម្ព័ន្ធ ដែលមានបទពិសោធន៍ក្នុងការសាងសង់ផ្លូវ ស្ពាន និងកន្លែងសាធារណៈ ចំណែកក្រុមហ៊ុនថាមពល និងរោងចក្រ ព្រមទាំងក្រុមហ៊ុនថាមពលផ្សេងទៀត ដែលគ្រប់គ្រងដោយរដ្ឋទំនងជានឹងទៅជាមួយក្រុមដែលរៀបចំដោយក្រសួងឧស្សាហកម្ម។
សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េក៏នឹងរៀបចំសិក្ខាសាលាមួយនៅទីក្រុងសេអ៊ូល ថ្ងៃទី 29 ខែសីហា ដោយស្តីពីបញ្ហា និងទស្សនវិស័យនៃការចូលរួមកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងប្រទេសអ៊ុយក្រែនឡើងវិញ។ ការបោះយុថ្កាផែនការរបស់រដ្ឋាភិបាលក្នុងការបង្កើនល្បឿននៃការចូលរួមក្នុងគម្រោងសាងសង់ឡើងវិញ គឺជារបាយការណ៍កាលពីខែមីនា ដែលត្រូវបានបោះពុម្ពរួមគ្នាដោយអង្គការសហប្រជាជាតិ ធនាគារពិភពលោក និងសហភាពអឺរ៉ុប។
យោងតាមរបាយការណ៍បានឱ្យដឹងថា ការខាតបង់ចំនួន 134.7 ពាន់លានដុល្លារត្រូវបានកើតឡើងនៅទូទាំងប្រទេសអ៊ុយក្រែនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីនៅក្នុងខែកុម្ភៈឆ្នាំ 2022 ។
ដើម្បីបន្ថែមពីលើគម្រោងសាងសង់ឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងថាមពលដែលមានតម្លៃ ស្មើ140 ពាន់លានដុល្លារ គឺមានចំនួនសរុបជាង 400 ពាន់លានដុល្លារ ដែលចាំបាច់សម្រាប់ការសាងសង់លំនៅដ្ឋាន និងប្រព័ន្ធទូរគមនាគមន៍ និងគម្រោងដកមីនពីតំបន់ដែលធ្លាប់កាន់កាបដោយរុស្ស៊ី។
ហើយគម្រោងទឹកប្រាក់ប្រហែល 130 ពាន់លានដុល្លារ ឬមួយភាគបីនៃចំនួនសរុប នឹងត្រូវការនៅឆ្នាំ 2026។ ដោយតម្រូវការសម្រាប់ការកសាងឡើងវិញក្នុងរយៈពេល 10 ឆ្នាំខាងមុខត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនប្រហែល $410.6 ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងចំណោមវិស័យហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ការកសាងលំនៅឋានដែលត្រូវបានបំផ្លាញឡើងវិញគឺមានចំនួនច្រើនដែលស្មើនឹង (50.4 ពាន់លានដុល្លារ) បន្ទាប់មកគឺការដឹកជញ្ជូន (35.7 ពាន់លានដុល្លារ) ពាណិជ្ជកម្ម និងឧស្សាហកម្ម (10.9 ពាន់លានដុល្លារ) និងខាងថាមពល (10.6 ពាន់លានដុល្លារ)។
អ្នកសាងសង់កូរ៉េខាងត្បូងនឹងអាចជួយប្រទេសនៅអឺរ៉ុបខាងកើត ក្នុងការកសាងផ្លូវហាយវេ និងផ្លូវថ្នល់ឡើងវិញដែលត្រូវចំណាយជាទឹកប្រាក់ប្រមាណ (26.4 ពាន់លានដុល្លារ) ក៏ដូចជាគ្រឿងបរិក្ខារអគ្គិសនីសម្រាប់ផ្លូវ និងស្ថានីយ៍រថភ្លើង បើគិតជាទឹកប្រាក់គឺស្មើនឹង (23.3 ពាន់លានដុល្លារសហរដ្ឋអាមេរិក)។