យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី 21 ខែ សីហា ឆ្នាំ 2023 បានឲ្យដឹងថា បន្ទាប់ពីអនុប្រធានាធិបតីកោះតៃវ៉ាន់ លោក Lai William បានបញ្ចប់ដំណើរទស្សនៈកិច្ចទៅកាន់សហរដ្ឋអាមេរិច កាលពីសប្តាហ៍មុន គឺបានធ្វើឲ្យចិនមានការខឹងសម្បា ហើយភ្លាមៗនោះទីក្រុងប៉េកាំងបានឆ្លើយតប ដោយការធ្វើសមយុទ្ធយោធា ទឹកផ្លូវទឹក និង អាកាសនៅក្បែរកោះមួយនោះ។
បើយោងតាមក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយកាលពីព្រឹកថ្ងៃអាទិត្យថា ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ យន្តហោះកងទ័ពអាកាសចិនចំនួន 25 គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់មធ្យមរបស់ច្រកសមុទ្រតៃវ៉ាន់ ដែលបានបម្រើការជារបាំងមិនផ្លូវការរវាងភាគីទាំងពីរ។ ដោយក្នុងនោះត្រូវបានក្រសួងការពារជាតិសង្កេតឃើញថា យន្តហោះចល័តទាំងនោះមានដូចជា យន្តហោះចម្បាំងប្រភេទ Su-30 និង J-11 បើទោះបីជាមិនមានសញ្ញាភ្លាមៗណាមួយបានបង្ហាញថា ចិនអាចបន្តធ្វើសមយុទ្ធរបស់ខ្លួនទៀតឬយ៉ាងណាក៏ដោយ។
ប្រទេសចិន តែងតែទាមទារយកកោះតៃវ៉ាន់ ដោយនិយាយថា វាជាទឹកដីរបស់ខ្លួន។ ប្រទេសចិនក៏មានការមិនពេញចិត្តជាពិសេសចំពោះលោក Lai ដែលជាអ្នកនាំមុខក្នុងការស្ទង់មតិនៅមុនការបោះឆ្នោតប្រធានាធិបតីនៅខែមករា ដោយសារតែការអត្ថាធិប្បាយពីមុនរបស់គាត់បាននិយាយអំពីការធ្វើជា “កម្មករដើម្បីឯករាជ្យភាពតៃវ៉ាន់”។
គូសបញ្ជាក់ផងដែរថា ក្នុងដំណើរទស្សនកិច្ចរបស់លោក Lai គាត់បានព្យាយាមបញ្ជាក់ជាច្រើនដងថា ក្នុងដំណើរមួយនេះ លោកមិនបានជួបមន្ត្រីជាន់ខ្ពស់អាមេរិក ឬសមាជិកសភាណាមួយក្នុងអំឡុងពេលនោះទេ។ ហើយជាពិសេសទៅទៀតនោះ នៅក្នុងព្រឹត្តិការណ៍ជាសាធារណៈរបស់គាត់ លោក Lai បាននិយាយដោយផ្តោតទៅលើសន្តិភាព និងការសន្ទនាដោយសន្តិវិធី បើទោះបីជាគាត់បាននិយាយថា តៃវ៉ាន់នឹងមិនថយក្រោយនោះទេ បើទោះជាយើងត្រូវប្រឈមមុខនឹងការគំរាមកំហែងយ៉ាងណាក៏ដោយ។
លោក Ma Chen-kun អ្នកជំនាញយោធាចិននៅសាកលវិទ្យាល័យការពារជាតិតៃវ៉ាន់បាននិយាយថា “កងទ័ពរំដោះប្រជាជនមិនអាចរកលេសដើម្បីធ្វើរឿងធំបានទេ” ព្រោះថា សមយុទ្ធទាំងនេះមានផ្គរលាន់ច្រើន ប៉ុន្តែភ្លៀងតិច។
ចិនមិនមានធាតុផ្សំនៃការបាញ់ផ្ទាល់នោះទេ វាមិនដូចកាលពីខែសីហាឆ្នាំមុននោះទេ គឺនៅពេលដែលចិនធ្លាប់បានបាញ់មីស៊ីលលើកោះតៃវ៉ាន់ តែសមយុទ្ធលើកនេះវាមានរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានធ្វើការវាយប្រហារផ្ទាល់ខ្លួនជាបន្តបន្ទាប់លើលោក Lai ក៏ដោយ។
ក្រសួងការពារជាតិតៃវ៉ាន់ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនបានស្តីពីចលនារបស់ចិនក្នុងរយៈពេល 24 ម៉ោងមុន ដោយកោះមួយនេះបាននិយាយនៅព្រឹកថ្ងៃច័ន្ទថា ខ្លួនមិនបានឃើញយន្តហោះយោធាចិនចូលច្រកសមុទ្រតៃវ៉ាន់ក្នុងរយៈពេលនោះទេ។
នៅពេលនេះ ទាំងតៃវ៉ាន់ និងសហរដ្ឋអាមេរិកបានព្យាយាមរក្សាដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិករបស់ លោក Lai ដោយពណ៌នាជាផ្លូវការថា វាជាការឈប់សម្រាកនៅលើផ្លូវរបស់គាត់ទៅ និងមកពីប៉ារ៉ាហ្គាយ ហើយថែមទាំងនិយាយទៀតថា វាជាទម្លាប់រយៈពេលជាច្រើនទសវត្សរ៍សម្រាប់ប្រធានាធិបតីតៃវ៉ាន់ក្នុ ងការឆ្លងកាត់នៅសហរដ្ឋអាមេរិកក្នុងអំឡុងពេលធ្វើដំណើរទៅក្រៅប្រទេសដូច្នេះ។ ចិនមិនគួរប្រើដំណើរទស្សនកិច្ចនេះជា “លេស” សម្រាប់សមយុទ្ធយោធានោះទេ។
លោក Shen Dingli អ្នកប្រាជ្ញផ្នែកទំនាក់ទំនងអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃបាននិយាយថា ក្នុងរយៈពេលវែង ប្រទេសចិនទំនងជាមិនត្រូវបានបន្ធូរបន្ថយនោះទេ ព្រោះទីក្រុងប៉េកាំងជឿថា លោក Lai គឺជាអ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់បំផុត ដែលអាចជំរុញឯករាជ្យភាពតៃវ៉ាន់នៅពេលគាត់ឈ្នះការបោះឆ្នោត។
លោកបាននិយាយថា “ប្រសិនបើលោក Lai Ching-te ក្លាយជាប្រធានាធិបតី ហើយត្រឡប់ទៅរកជំហរដើមរបស់គាត់ ឬសូម្បីតែពង្រឹងវា គាត់គឺជាមនុស្សតែម្នាក់គត់ ដែលអាចបង្ខំឱ្យចិនដីគោកដោះស្រាយជាមួយតៃវ៉ាន់ដោយប្រើមធ្យោបាយមិនសន្តិភាព”ថែមទៀតផង។