យោងតាមទីភ្នាក់ងារ CNN បានចុះផ្សាយកាលពីថ្ងៃទី 21 ខែ សីហា ឆ្នាំ 2023 បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានគ្រោងនឹងបើកដំណើការឡើងវិញនូវជើងហោះហើរ ទៅកាន់រុស្ស៊ី បើគិតចាប់តាំងពីមានការផ្អាកដោយការរាតត្បាតនៃជំងឺ Covid-19។
Air Koryo ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសកូរ៉េខាងជើង កំពុងដំណើរការជើងហោះហើរចំនួនបួនរវាងទីក្រុងព្យុងយ៉ាង និងទីក្រុង Vladivostok ភាគអាគ្នេយ៍នៃប្រទេសរុស្ស៊ីក្នុងខែនេះ ជាលើកដំបូង បើគិតចាប់តាំងពីឆ្នាំ 2020 មក នេះបើយោងតាមមន្ត្រីអាកាសយានដ្ឋាន Vladivostok បានបញ្ជាក់ប្រាប់ CNN ។
ជើងហោះហើរ Air Koryo 271 និង 272 គ្រោងនឹងដំណើរការមួយថ្ងៃម្តង នៅថ្ងៃសុក្រ ទី 25 ខែសីហា និងថ្ងៃច័ន្ទ ទី 28 ខែសីហា។ ដោយជើងហោះហើរនឹងចេញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Vladivostok (VVO) នៅម៉ោង 8:45 ព្រឹក ដើម្បីមកដល់អាកាសយានដ្ឋានអន្តរជាតិ Pyongyang ( FNJ) នៅម៉ោង 11:15 នាទីព្រឹក ខណៈដែលជើងហោះហើរត្រឡប់មកវិញបានចាកចេញពីរដ្ឋធានីរបស់ប្រទេសកូរ៉េខាងជើងនៅម៉ោង 1:15 រសៀល ដើម្បីចុះចតនៅប្រទេសរុស្ស៊ីនៅម៉ោង 1:55 រសៀល ម៉ោងនៅក្នុងតំបន់របស់ Vladivostok គឺមួយម៉ោងមុនកូរ៉េខាងជើង។
ទីក្រុងទាំងពីរនេះមានចម្ងាយប្រហែល 680 គីឡូម៉ែត្រ (423 ម៉ាយ) ហើយត្រូវបានតភ្ជាប់ដោយខ្សែរថភ្លើងផងដែរ។ មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានធ្វើដំណើរទៅកាន់ទីក្រុង Vladivostok តាមរយៈរថភ្លើងឯកជនរបស់គាត់ សម្រាប់កិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីនៅក្នុងឆ្នាំ 2019 ។
ប្រទេសកូរ៉េខាងជើងដែលមានព្រុំដែនគ្រប់គ្រងយ៉ាងតឹងរ៉ឹងបំផុតមួយចំនួនរបស់ពិភពលោករួចហើយនោះ បានបិទប្រទេសជាសំខាន់ក្នុងអំឡុងពេលនៃការរាតត្បាតនៃមេរោគឆ្លង។
គួររំលឹកផងដែរថា អ្នកការទូតរុស្ស៊ី និងគ្រួសាររបស់ពួកគេបានចាកចេញពីកូរ៉េខាងជើងដោយរទោះរុញដោយដៃដើម្បីធ្វើដំណើរតាមផ្លូវដែកនៃរថភ្លើង ព្រោះកាលនោះមានការរឹតបន្តឹង Covid-19។
ជាលទ្ធផល អ្នកការទូតរុស្ស៊ីជាច្រើននាក់ត្រូវចាត់វិធានការយ៉ាងខ្លាំងដើម្បីចាកចេញពីមុខតំណែងរបស់ពួកគេនៅក្នុងប្រទេសកូរ៉េខាងជើងអំឡុងពេលជំងឺរាតត្បាត។
ហើយកាលពីនៅក្នុងខែកុម្ភៈ ឆ្នាំ 2021 វីដេអូបានលេចចេញឡើងអំពីអ្នកការទូតម្នាក់ ព្រមទាំងភរិយា និងកូនៗរបស់ពួកគេបានឆ្លងព្រំដែនតាមរយៈ រទេះរុញដែលធ្វើដោយដៃ នៅលើផ្លូវដែក។
យោងតាមព័ត៌មានដែលបានចែករំលែកដោយស្ថានទូតរុស្ស៊ីនៅពេលនោះ ការជិះរទេះរុញគ្រាន់តែជាផ្នែកមួយនៃការធ្វើដំណើររយៈពេលពីរថ្ងៃដើម្បីចាកចេញពីប្រទេសកូរ៉េខាងជើងតែប៉ុណ្ណោះ។
គ្រួសារនេះត្រូវបានគេរាយការណ៍ថាបានចំណាយពេល 32 ម៉ោងនៅលើផ្លូវរថភ្លើងយឺតដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េខាងជើង ប្តូរទៅឡានក្រុង បន្ទាប់មកយកអីវ៉ាន់ទៅជាមួយពួកគេដោយរទេះរុញមួយគីឡូម៉ែត្រ (0.6 ម៉ាយ) ដើម្បីឆ្លងកាត់ទន្លេ Tumen ដែលបំបែកប្រទេសទាំងពីរ មុនពេលទៅដល់ Khasan ។ វាគឺជាការតាំងទីលំនៅរបស់រុស្ស៊ីដែលនៅជិតបំផុត។
ផ្ទុយទៅវិញ ការធ្វើដំណើររវាងទីក្រុង Vladivostok និង Pyongyang ដោយយន្តហោះត្រូវចំណាយពេលត្រឹមតែមួយម៉ោង។