ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យក្រុមអ្នកប្រយុទ្ធ Wagner ចុះហត្ថលេខាលើពាក្យសន្យាមួយ ចំពោះប្រទេសរុស្ស៊ី បន្ទាប់ពីមានឧប្បត្តិហេតុធ្លាក់យន្តហោះ ដែលគេជឿថាបានសម្លាប់លោក Yevgeny Prigozhin ដែលជាប្រធានក្រុមស៊ីឈ្នួល Wagner កាលពីដើមសប្តាហ៍ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី 26 ខែសីហា ឆ្នាំ2023។
លោកពូទីនបានចុះហត្ថលេខាលើកិច្ចសន្យាមួយ ដែលនាំមកនូវការផ្លាស់ប្តូរដោយមានប្រសិទ្ធិភាពភ្លាមៗកាលពីថ្ងៃសុក្រ គឺបន្ទាប់ពីវិមានក្រឹមឡាំងបាននិយាយថា ការផ្តល់យោបល់របស់លោកខាងលិច ដែលថា លោក Prigozhin ត្រូវបានសម្លាប់តាមការបញ្ជារបស់ខ្លួនគឺជា “ពាក្យសម្តីមិនពិត និងគ្មានភស្តតាងទាំងស្រុង” ។ វិមានក្រឹមឡាំងបានបដិសេធ ដោយមិនបញ្ជាក់ច្បាស់អំពីការស្លាប់របស់ប្រធានទាហ៊ានស៊ីឈ្នួលនោះទេ។
អាជ្ញាធរអាកាសចរណ៍រុស្ស៊ីបាននិយាយថា លោក Prigozhin បាននៅលើយន្តហោះឯកជនមួយ ដែលបានធ្លាក់កាលពីល្ងាចថ្ងៃពុធ ភាគពាយព្យនៃទីក្រុងមូស្គូ ដោយគ្មានអ្នកនៅរស់រានមានជីវិត វាជារឿងពិតប្រាកដណាស់ នៅរយៈពេលពីរខែបន្ទាប់ពីគាត់បានដឹកនាំការបះបោរបរាជ័យប្រឆាំងនឹងមេទ័ពរុស្ស៊ី។
លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារនៃអ្នកស្លាប់ ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះកាលពីថ្ងៃព្រហស្បតិ៍ និងបាននិយាយអំពីលោក Prigozhin ក្នុងភាពតានតឹងកន្លងមកផងដែរ។
គាត់ត្រូវបានគេដកស្រង់សម្តីតាម “ព័ត៌មានបឋម” ដែលបង្ហាញថាលោក Prigozhin និងសហការី Wagner កំពូលរបស់គាត់ត្រូវបានសម្លាប់ទាំងអស់ ហើយវាជាពេលដែលលោកនិយាយថា លោក Prigozhin គាត់ក៏បានសាង “កំហុសធ្ងន់ធ្ងរ” មួយចំនួនផងដែរ។
ការណែនាំរបស់លោកពូទីនអំពីការស្បថជាកាតព្វកិច្ចសម្រាប់និយោជិតរបស់ Wagner និងអ្នកម៉ៅការយោធាឯកជនផ្សេងទៀត វាគឺជាការផ្លាស់ប្តូរច្បាស់លាស់មួយ ដើម្បីនាំយកក្រុមទាំងនេះឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋកាន់តែតឹងរ៉ឹង។
ក្រឹត្យក្រមនេះត្រូវបានចេញផ្សាយនៅលើគេហទំព័ររបស់វិមានក្រឹមឡាំង នឹងតម្រូវឱ្យគ្រប់គ្នាដែលបំពេញការងារក្នុងនាមជាយោធា ឬគាំទ្រនូវអ្វីដែលទីក្រុងម៉ូស្គូហៅថា “ប្រតិបត្តិការយោធាពិសេស” របស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ដើម្បីធ្វើសច្ចាប្រណិធានជាផ្លូវការចំពោះប្រទេសរុស្ស៊ី។
គួរបញ្ជាក់ផងដែរថា នៅក្នុងក្រឹត្យនេះ វាជាជំហានមួយក្នុងការបង្កើតមូលដ្ឋានគ្រឹះខាងវិញ្ញាណ និងសីលធម៌នៃការការពាររបស់ប្រទេសរុស្ស៊ី ព្រោះពាក្យសម្បថគឺជាពាក្យដែលអ្នកទទួលហ៊ានសន្យាថា ខ្លួននឹងធ្វើតាមបញ្ជារបស់មេបញ្ជាការ និងមេដឹកនាំជាន់ខ្ពស់ជានិច្ច។
អ្នកនយោបាយ និងអ្នកអត្ថាធិប្បាយរបស់ពួកលោកខាងលិច បានស្នើដោយបង្ហាញភស្តុតាងថា លោក ពូទីន មិនមែនជាអ្នកបញ្ជាឱ្យសម្លាប់លោក Prigozhin។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃសុក្រថា ការចោទប្រកាន់នេះ វាជាការប្រឌិត ដោយទម្លាក់កំហុសមកលើលោកពូទីនតែប៉ុណ្ណោះ។
លោក Peskov បានប្រាប់អ្នកយកព័ត៌មានថា “ឥឡូវនេះមានការរំពឹងទុកយ៉ាងច្រើនជុំវិញការធ្លាក់យន្តហោះនេះ និងការស្លាប់ដ៏សោកនាដកម្មនៃអ្នកដំណើររបស់យន្តហោះនេះ រួមទាំង Yevgeny Prigozhin ផងដែរ។ ជាការពិតណាស់ ដែលពួកលោកខាងលិច តែងតែគិតអវិជ្ជមានមកលើមេដឹកនាំរបស់យើង។ លោកបានមានប្រសាសន៍ថា “ទាំងអស់នេះ គឺជាការចោទប្រកាន់ទាំងស្រុង ហើយនៅទីតាំងឩប្បតិ្តវហេតុនោះ គឺយើងចាំបាច់ត្រូវផ្អែកលើអង្គហេតុ។ វាមិនទាន់មានការពិតច្រើនក៏ពិតមែន តែយើងនៅតែដំណើរការក្នុងការស៊ើបអង្កេត” ។
ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ីបានបើកការស៊ើបអង្កេតទៅលើអ្វីដែលបានកើតឡើង ប៉ុន្តែមិនទាន់បាននិយាយអ្វីដែលពួកគេសង្ស័យថា មូលហេតុអ្វីទើបបណ្តាលឱ្យយន្តហោះធ្លាក់ពីលើអាកាសភ្លាមៗនោះទេ។
ពួកគេក៏មិនបានបញ្ជាក់ជាផ្លូវការអំពីអត្តសញ្ញាណសាកសពទាំង ១០ នាក់ដែលបានរកឃើញពីបំណែកយន្តហោះនោះដែរ។
នៅពេលសួរថា តើវិមានក្រឹមឡាំងបានទទួលការបញ្ជាក់ជាផ្លូវការអំពីការស្លាប់របស់ លោក Prigozhin ដែរឬទេ លោក Peskov បាននិយាយកាលពីថ្ងៃសុក្រថា “ប្រសិនបើអ្នកស្តាប់ដោយប្រុងប្រយ័ត្ននូវសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតីរុស្ស៊ី អ្នកនឹងមិនសួរនូវសំនួរមួយនេះទេ។
លោក Peskov ដែលបាននិយាយថាលោកពូទីនមិនបានជួប Prigozhin ថ្មីៗនេះក៏បាននិយាយថាវាមិនច្បាស់ថា តើការធ្វើតេស្តនិងការងារស៊ើបអង្កេតនឹងត្រូវចំណាយពេលប៉ុន្មាននោះទេ។
ដូច្នេះវាមិនអាចទៅរួចទេក្នុងការចាប់ផ្តើមនិយាយអំពីថា តើលោកពូទីននឹងចូលរួមក្នុងពិធីបុណ្យសពរបស់ Prigozhin ដែរឬទេ?
“មិនទាន់មានកាលបរិច្ឆេទសម្រាប់ពិធីបុណ្យសពនៅឡើយទេ វាមិនអាចទៅរួចទេក្នុងការនិយាយអំពីវាទាំងអស់។ រឿងតែមួយគត់ដែលខ្ញុំអាចនិយាយបានគឺថា ប្រធានាធិបតីមានកាលវិភាគដ៏មមាញឹកនៅពេលនេះ” ។
ចំនែកឯខាងប្រទេសអង់គ្លេស បាននិយាយ កាលពីថ្ងៃសុក្រថា អ្វីៗនូវមិនទាន់មានភស្តុតាងច្បាស់លាស់ដែលថា លោកPrigozhin បាននៅលើយន្តហោះនោះទេ ប៉ុន្តែរុស្ស៊ីបែរជានិយាយថា វា “ទំនងជា” គាត់បានស្លាប់។
ក្នុងនោះផងដែរ នៅមន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក បាននិយាយថា ការវាយតម្លៃដំបូងរបស់ខ្លួនគឺថា លោក Prigozhin ត្រូវបានសម្លាប់។
សារព័ត៌មាន Baza របស់រុស្ស៊ី ដែលមានប្រភពល្អក្នុងចំណោមភ្នាក់ងារអនុវត្តច្បាប់ បានរាយការណ៍ថា ក្រុមអ្នកស៊ើបអង្កេតកំពុងផ្តោតលើទ្រឹស្តីមួយដែលថា គ្រាប់បែកមួយ ឬពីរអាចត្រូវបានគេដាក់នៅលើយន្តហោះ។
នៅពេលដែលមានសំនួរ សួរអំពីអនាគតនៃក្រុម Wagner ដែលមានកិច្ចសន្យារកប្រាក់កម្រៃជាច្រើននៅទូទាំងទ្វីបអាហ្រ្វិក និងក្រុមមួយនៅបេឡារុស្សបណ្តុះបណ្តាលកងទ័ពនៅទីនោះ ប៉ុន្តែឥឡូវនេះហាក់ដូចជាគ្មានអ្នកដឹកនាំទេ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Peskov បានមានប្រសាសន៍ថា “ខ្ញុំមិនអាចប្រាប់អ្នកបាននូវពេលឥឡូវនេះទេ ព្រោះខ្ញុំក៏មិនដឹងដែរ”។