ព្រះមហាក្សត្រថៃទ្រង់បានព្រះរាជទានលើកលែងទោសដល់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ដោយកាត់បន្ថយការជាប់ពន្ធនាគាររួមរបស់អតីតនាយករដ្ឋមន្ត្រីពីប្រាំបីឆ្នាំមកនូវត្រឹមមួយឆ្នាំវិញ នេះបើយោងតាមសេចក្តីប្រកាសមួយដែលបានចេញផ្សាយនៅក្នុង Royal Gazette កាលពីថ្ងៃសុក្រ ទី 01 ខែកញ្ញា ឆ្នាំ 2023។
សូមបញ្ជាក់ថា ការលើកលែងទោសគឺបានចុះថ្ងៃទី៣១ ខែសីហា ហើយនឹងត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីចាំផ្ទះ លោក ប្រាយុទ្ធ ចាន់អូចា។
អ្នកទោសមហាសេដ្ឋីវ័យ 74 ឆ្នាំរូបនេះ បានដាក់ញត្តិជាផ្លូវការសម្រាប់ការលើកលែងទោសពីព្រះមហាក្សត្រតែមិនយូរប៉ុន្មានបន្ទាប់ពីគាត់បានវិលត្រឡប់ពីការនិរទេសដោយខ្លួនឯងអស់រយៈពេល 15 ឆ្នាំនៅបរទេសកាលពីថ្ងៃទី 22 ខែសីហា ទីបំផុតបំណងរបស់លោកក៏ទទួលបានជោគជ័យ។
កាលពីថ្ងៃដែលលោក ថាក់ស៊ីបានត្រឡប់មកវិញ តុលាការកំពូលបានកាត់ទោសលោកថាក់ស៊ីន ដាក់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំ – ដោយបីឆ្នាំដំណាលគ្នាក្នុងសំណុំរឿងពីរ និងប្រាំឆ្នាំក្នុងសំណុំរឿងទីបី – ពីបទទំនាស់ផលប្រយោជន៍ និងការរំលោភបំពានសិទ្ធិអំណាច ខណៈលោកនៅកាន់តំណែងជានាយករដ្ឋមន្ត្រីនៅដើមទសវត្សរ៍ឆ្នាំ 2000 ។
បើគិតចាប់តាំងពីគាត់ត្រលប់មកវិញ លោកថាក់ស៊ីនបានជាប់ទោសរយៈពេល 10 ថ្ងៃ លើកលែងតែប៉ុន្មានម៉ោងប៉ុណ្ណោះ នៅមន្ទីរពេទ្យប៉ូលីសទូទៅ គឺជាកន្លែងដែលគាត់ត្រូវបានផ្ទេរ ក្រោមហេតុផលសុខភាពភ្លាមៗ បន្ទាប់ពីរាយការណ៍ទៅពន្ធនាគារ Remand ទីក្រុងបាងកកកាលពីរសៀលថ្ងៃទី 22 ខែសីហា។
បើតាមច្បាប់ជាផ្លូវការ គាត់នៅសល់ទោសជាប់ពន្ធនាគារ ៧ឆ្នាំ ១១ខែ និង ២០ថ្ងៃ។
នៅក្នុងញត្តិដែលថ្វាយព្រះមហាក្សត្របានបញ្ជាក់ថា កាលដែលលោក ថាក់ស៊ីន ដឹកនាំរដ្ឋាភិបាល លោកបានចូលរួមចំណែកដ៏មានប្រយោជន៍ជាច្រើនដល់ប្រទេស និងប្រជាជន។ លោកថាក់ស៊ីន គឺជាមនុស្សស្មោះត្រង់នឹងជាអ្នកស្រលាញ់របបរាជានិយមផងដែរ។
នៅពេលដែលគាត់ត្រូវបានគេចោទប្រកាន់ ហើយតុលាការបានសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ «គាត់ក៏គោរពដំណើរការ ដោយការសារភាពកំហុសរបស់គាត់ បន្ទាប់មករូបលោកបានទទួលយកសាលក្រមរបស់តុលាការ»។
«តែបច្ចុប្បន្ន លោក ថាក់ស៊ីន គឺកាន់តែមានវ័យចំណាស់ ហើយព្រមទាំងមានជំងឺប្រចាំកាយច្រើនមុខថែមទៀតផង ហេតុដូច្នេះហើយ ទើបគាត់ត្រូវការការថែទាំពីគ្រូពេទ្យជាប្រចាំ»។
នៅក្នុងញត្តិស្នើសុំលើកលែងទោសឲ្យអតីតមេដឹកនាំរូបនេះ គឺមានគោលបំណងក្នុងការប្រើប្រាស់ «ចំណេះដឹង សមត្ថភាព និងបទពិសោធន៍របស់ខ្លួនដែលមាន ដើម្បីជួយផ្តល់ជាប្រយោជន៍ដល់ប្រទេសជាតិ សង្គម និងប្រជាជនទៅថ្ងៃអនាគត»។
បើយោងតាមអត្ថបទដែលបានចុះផ្សាយក្នុង ព្រះរាជសារលិខិត ព្រះមហាក្សត្របានទទួលស្គាល់ញត្តិនេះ និងបានការបន្ធូបន្ធយទោសពីព្រះមហាក្សត្ររួចរាល់ហើយផងដែរ។
ចំនែកឯនាយករដ្ឋមន្ត្រីថ្មី លោក ស្រីថា ថាវីស៊ីន នៅពេលសួរកាលពីថ្ងៃសុក្រអំពីបញ្ហានេះ លោកបាននិយាយថា លោកមិនបានទទួលដំណឹងថា លោកថាក់ស៊ីន បានដាក់ញត្តិសុំលើកលែងទោសទេ ដោយលោកបាននិយាយទៀត ថាវាជារឿងផ្ទាល់ខ្លួនរបស់អតីតនាយករដ្ឋមន្ត្រី។
ម្យ៉ាងវិញទៀត លោក ថាក់ស៊ីន ក៏បានទទូចថា ញត្តិរបស់លោក គឺមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយទេ។
ការវិលត្រឡប់របស់លោក ថាក់ស៊ីន ទៅកាន់ប្រទេសថៃ បានធ្វើឡើងនៅថ្ងៃតែមួយដែលលោក ស្រេត ថា ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីក្នុងសភា ក្នុងឋានៈជាប្រមុខរដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃ ដែលលោកថាក់ស៊ីនបានបង្កើតជាងពីរទសវត្សរ៍មុន។