របបយោធាដែលកំពុងតែកាន់អំណាចនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបណ្តេញអ្នកការទូតកំពូលរបស់ទីម័រខាងកើត ជុំវិញទំនាក់ទំនងរបស់ប្រធានាធិបតីទីម័រឡេស្តេ លោក Jose Ramos-Horta ជាមួយនឹងអតីតរដ្ឋាភិបាលមីយ៉ាន់។ ដោយក្នុងនោះ មេដឹកនាំយោធាមីយ៉ាន់ម៉ា បាននិយាថា រដ្ឋាភិបាលរួបរួមជាតិ (អតីតរដ្ឋាភិបាល) គឺជាអង្គការភេរវកម្ម នេះបើយោងតាមការចេញផ្សាយរបស់ VOA កាលពីថ្ងៃទី 03 ខែកញ្ញា ឆ្នាំ 2023។
បើទោះជាយ៉ាងណាក៏ដោយ ក្រុមរដ្ឋាភិបាលរួបរួមជាតិ បានចាត់ទុកថា របបយោធាមីយ៉ាន់ម៉ា ថាជាក្រុម អង្គការភេរវករយ៉ាងពិតប្រាកដ ព្រោះថាកាលពីនៅក្នុងខែមិថុនា ឆ្នាំ 2021 របបយោធាមួយនេះ បានសម្លាប់ជនស៊ីវិលរាប់រយនាក់ ព្រមទាំងមានការឃុំឃាំងដោយបំពាន ជាមួយនឹងការធ្វើទារុណកម្មយ៉ងឃោឃៅ ជាពិសេសគឺមានការប្រើអំពើហិង្សាផ្លូវភេទថែមទៀតផង។
បើយោងតាម អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសមីយ៉ាន់ម៉ា បានឲ្យដឹងថា ក្រុមប្រឹក្សារដ្ឋបាល “មិនមែនជារដ្ឋាភិបាលស្របច្បាប់ ហើយមិនគួរត្រូវបានទទួលស្គាល់ ឬចូលរួមជាមួយនោះទេ” ដោយលើកហេតុផលថា ខ្លួនមិនមានលទ្ធិប្រជាធិបតេយ្យ ឬរដ្ឋធម្មនុញ្ញស្របច្បាប់” និង «ខ្វះការគ្រប់គ្រងប្រទេសប្រកបដោយប្រសិទ្ធភាព»។
យន្តការស៊ើបអង្កេតឯករាជ្យសម្រាប់មីយ៉ានម៉ា ដែលបញ្ជាដោយអង្គការសហប្រជាជាតិ ដើម្បីប្រមូលភស្តុតាងនៃការរំលោភច្បាប់អន្តរជាតិធ្ងន់ធ្ងរបំផុតនៅក្នុងប្រទេសបាន រាយការណ៍ ថា នៅចន្លោះខែកក្កដាឆ្នាំ 2022 ដល់ខែមិថុនា ឆ្នាំ 2023 យោធា និងក្រុមជីវពលដែលជាប់ពាក់ព័ន្ធរបស់ប្រទេសមីយ៉ាន់ម៉ា បានចូលរួមក្នុងឧក្រិដ្ឋកម្មសង្គ្រាមបីប្រភេទ។
បើយោងតាមទិន្នន័យបានបង្ហាញថា ឧក្រិដ្ឋកម្មទាំងនោះ គឺរួមមានការទម្លាក់គ្រាប់បែកដោយមិនរើសអើង ឬមិនសមាមាត្រលើជនស៊ីវិល ការសម្លាប់ជនស៊ីវិល ឬអ្នកប្រយុទ្ធដែលត្រូវបានឃុំខ្លួនក្នុងអំឡុងពេលប្រតិបត្តិការ និងការដុតបំផ្លាញលំនៅដ្ឋានជនស៊ីវិល និងអគារស៊ីវិលដទៃទៀតក្នុងទ្រង់ទ្រាយធំ និងដោយចេតនា។
បើយោងតាមការសើបអង្កេតរបស់អង្គការសហប្រជាជាតិបានឲ្យដឹងទៀតថា ប្រទេសរុស្ស៊ីបានផ្គត់ផ្គង់ និងថែទាំយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រដែលប្រើប្រាស់ក្នុងការវាយប្រហារទាំងនោះថែមទៀតផង។
ក្នុងនោះផងដែរ កាសែត New York Times បានរាយការណ៍ កាលពីថ្ងៃទី 31 ខែកក្កដាថា “អំពើឃោរឃៅប្រឆាំងនឹងជនស៊ីវិល” របស់របបយោធាកំពុង “គឺកាន់តែមានការកើនឡើង” ។
ជាឧទាហរណ៍ កាលពីថ្ងៃទី 11 ខែមេសា យោធាមីយ៉ាន់ម៉ាបានទម្លាក់អ្វីដែលអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានកំណត់ ថាជាគ្រាប់បែក “កំដៅ” លើភូមិ Pa Zi Gyi ក្នុងតំបន់ Sagaing ភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា។
ប៉ុន្តែរឿងនេះត្រូវបានរបបយោធាបានអះអាងថា ខ្លួនបានសម្លាប់ “ភេរវករ” តែប៉ុណ្ណោះ។
យ៉ាងណាមិញ កាសែត Washington Post បានរកឃើញ ថា នៅក្នុងហេតុការនោះមានកុមារយ៉ាងហោចណាស់ ២៥ នាក់ស្ថិតក្នុងចំណោមមនុស្ស ១៥៧ នាក់ដែលបានសម្លាប់ដោយរបបយោធាមីយ៉ានម៉ា។
ប្រភពខាងលើនេះបានឲ្យដឹងទៀតថា Sagaing ដែលជាតំបន់បេះដូងប្រវត្តិសាស្ត្ររបស់ប្រទេសមីយ៉ាន់ម៉ា វាគឺជា កន្លែង នៃ ការសម្លាប់រង្គាល ម្តងហើយម្តងទៀត ដោយកងកម្លាំងយោធាឥតឈប់ឈរ។
ហើយនៅក្នុងទិន្នន័យសម្រាប់មីយ៉ាន់ម៉ា (D4M) ដែលជាអង្គការឯករាជ្យដែលបានចងក្រងទិន្នន័យអំពីការវាយប្រហារដោយភ្លើងឆេះ បានរាយការណ៍ កាលពីខែសីហាថា ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈឆ្នាំ 2021 កងកម្លាំងយោធាបានដុតផ្ទះជិត 75,000 ខ្នងនៅក្នុងតំបន់ចំនួនប្រាំមួយ និងរដ្ឋចំនួនប្រាំពីរ។ ហើយតំបន់ Sagaing គឺមានចំនួន 77% នៃផ្ទះទាំងអស់ដែលត្រូវបានដុត។
ទិន្ន័យនេះបានឲ្យដឹងទៀតថា របបយោធាមីយ៉ាន់ម៉ាបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ 1,595 នាក់ក្នុងការសម្លាប់រង្គាល នៅចន្លោះខែកុម្ភៈ ឆ្នាំ 2021 ដល់ខែកក្កដា ឆ្នាំ 2023 ។
សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) ដែលគ្រប់គ្រងដោយពលរដ្ឋមីយ៉ាន់ម៉ា ដែលកំពុងនិរទេសខ្លួន បាននិយាយ កាលពីថ្ងៃទី 28 ខែសីហាថា មនុស្សចំនួន 4,009 នាក់ ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបក្រោយរដ្ឋប្រហារទាំងអស់។