មន្ត្រីជាន់ខ្ពស់រុស្ស៊ីលោក Dmitry Medvedev បាននិយាយកាលពីថ្ងៃអាទិត្យថា បុគ្គលិកប្រហែល 280,000 នាក់ ទៀតត្រូវបានទទួលយកចូលទៅក្នុងយោធារុស្ស៊ីសម្រាប់សេវាកម្មតាមកិច្ចសន្យាចាប់តាំងពីដើមឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNN កាលពីថ្ងៃទី 04 ខែកញ្ញា ឆ្នាំ 2023។
លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបានធ្វើការអះអាងនៅក្នុងវីដេអូមួយ ដែលបានបង្ហោះនៅលើ Telegram មុនពេលកិច្ចប្រជុំស្តីពីបុគ្គលិកយោធាជាមួយប្រមុខ នៃតំបន់ភាគខាងកើតឆ្ងាយរបស់រុស្ស៊ី។ គឺលោក Dmitry បាននិយាយនៅក្នុងវីដេអូថា “មនុស្សទាំងអស់នេះ មានខ្លះស្ថិតនៅក្នុងបំរុង ហើយពួកគេខ្លះទៀតក៏ជាក្រុមអ្នកស្ម័គ្រ ” ។
បើយោងតាមប្រភពមួយបាននិយាយថា៖ បុរសរាប់ពាន់នាក់បានភៀសខ្លួនចេញពីប្រទេសរុស្ស៊ី ដើម្បីជៀសវាងការជាប់ឃុំឃាំង ហើយចំនួនពិតប្រាកដនៃទាហ៊ានរុស្ស៊ី ដែលបានសម្លាប់ និងរងរបួសក្នុងការប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ុយក្រែនមិនត្រូវបានបង្ហាញជាសាធារណៈទេ។ ចំនែកឯកាលពីដើមឆ្នាំនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានគាំទ្រផែនការពង្រីកកងកម្លាំងប្រដាប់អាវុធរុស្ស៊ីរហូតដល់ ១,៥ លាននាក់ ថែមទៀតផង។
ចំនែកឯស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែនបច្ចុប្បន្នបានឲ្យដឹងថា មន្ត្រីអ៊ុយក្រែនម្នាក់បាននិយាយកាលពីថ្ងៃច័ន្ទថា កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក “ដ៏ធំ” លើតំបន់ទន្លេ Danube របស់អ៊ុយក្រែនសម្រាប់យប់ទីពីរជាប់គ្នានេះ គឺប៉ុន្មានម៉ោងមុនពេលប្រធានាធិបតីរុស្ស៊ីគ្រោងនឹងជួបជាមួយសមភាគីទួរគី ដើម្បីពិភាក្សាអំពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅដ៏សំខាន់។
នៅក្នុងការបង្ហោះ Telegram កាលពីថ្ងៃច័ន្ទ កងកម្លាំងការពារភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែនបាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន 17 គ្រឿង ប៉ុន្តែការវាយប្រហារនៅក្នុងតំបន់ Odesa បានបំផ្លាញគោលដៅជាច្រើន រួមទាំងឃ្លាំង និងឧបករណ៍កសិកម្មផងដែរ។
កងកម្លាំងបាននិយាយថា៖ «សត្រូវបានផ្គើននិងវាយប្រហារយ៉ាងខ្លាំងក្លាម្ដងទៀតនៅភាគខាងត្បូងនៃតំបន់ Odesa»។ ហើយ “ការវាយប្រហារពេញមួយយប់ដ៏ធំដោយយន្តហោះគ្មានមនុស្សបើក Shahed-136 បានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងតំបន់ Danube” ។ តែការវាយប្រហារនោះមិនមានរបាយការណ៍ណាមួយដែលបង្ហាញពីការស្លាប់និងរបួសនោះទេ។
លោក Oleh Kiper ប្រធានរដ្ឋបាលយោធាតំបន់ Odesa បានរាយការណ៍ពីការខូចខាតនៅក្នុងស្រុក Izmail ដែលជាផ្ទះរបស់កំពង់ផែ Danube ដ៏សំខាន់មួយរបស់ប្រទេសអ៊ុយក្រែន។
បើតាមករសង្កេតគឺគេតែងតែឃើញ ការវាយប្រហារធំៗមកលើតំបន់ Odesa និងកំពង់ផែ Danube កើតឡើងជាញឹកញាប់ គឺបន្ទាប់ពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ។ ព្រោះការវាយប្រហារតាមអាកាសនៅលើតំបន់កំពុងដ៏ធំនៃប្រទេសអ៊ុយក្រែន គឺជាការប៉ុនប៉ងចុងក្រោយបង្អស់របស់ទីក្រុងមូស្គូ ដើម្បីកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់អ៊ុយក្រែន ចាប់តាំងពីខែកក្កដា នៅពេលដែលរុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលអនុញ្ញាតឱ្យកប៉ាល់អ៊ុយក្រែនឆ្លងកាត់ការបិទច្រករបស់រុស្ស៊ីនៃកំពង់ផែអ៊ុយក្រែន និងរុករកការឆ្លងកាត់ប្រកបដោយសុវត្ថិភាពតាមរយៈផ្លូវទឹកទៅកាន់ប្រទេសទួរគីជាមុនសិន ហើយច្រកសមុទ្រនោះមានឈ្មោះថា Bosporus ដើម្បីឈានទៅដល់ទីផ្សារពិភពលោក។
គួរបញ្ជាក់ថានៅថ្ងៃច័ន្ទនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គ្រោងនឹងជួបជាមួយប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan នៅទីក្រុង Sochi ខណៈដែលទីក្រុង Ankara ព្យាយាមបញ្ចុះបញ្ចូលទីក្រុងម៉ូស្គូឱ្យពិចារណា ឡើងវិញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ធ្លាប់បាននិយាយថា រុស្ស៊ីនឹងត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិឡើងវិញ នៅពេលខ្លួនបានឃើញការធានាថា អត្ថប្រយោជន៍ដែលបានសន្យាចំពោះទីក្រុងម៉ូស្គូ នឹងត្រូវបានអនុវត្ត។