យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា មជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីនៃទីក្រុងហុងកុងត្រូវបានលិចទឹកកាលពីថ្ងៃសុក្រ ដោយសារតែមានភ្លៀងធ្លាក់ខ្លាំង ហើយវាក៏បានបង្ករឲ្យមានមនុស្សចំនួន 83 នាក់បានរងរបួស នឹងបីនាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលអាកាសធាតុមានភ្លៀងធ្លាក់ខុសពីធម្មតា ក្នុងរយៈពេល១៤០ ឆ្នាំ ចុងក្រោយ ដែលបណ្តាលមកពីព្យុះទីហ្វុង។
បើយោងតាមប្រភពខាងលើបានឲ្យដឹងទៀតថា មានវីដេអូមួយបានបង្ហាញពីទឹកហូរចុះតាមជម្រាលភ្នំដ៏ចោតក្នុងអតីតអាណានិគមចក្រភពអង់គ្លេស ដែលធ្វើឲ្យជន់លិចតាមផ្លូវតូច និងធំ ទឹកជំនន់ដោយសារទឹកភ្លៀងនេះទៀតសោត បានជន់លិចដល់ផ្សារទំនើប ស្ថានីយ៍រថភ្លើងក្រោមដី និងផ្លូវរូងក្រោមដីថែមទៀតផង។
ភ្លៀងធ្លាក់ខ្លាំងក៏បាននាំមកនូវភាពចលាចលដល់ទីក្រុង Shenzhen របស់ចិនដែលនៅជិតនោះ វាគឺជាមជ្ឈមណ្ឌលបច្ចេកវិទ្យាមួយដែលមានមនុស្សជាង 17.7 លាននាក់ ជាមួយនឹងទំនាក់ទំនងពាណិជ្ជកម្ម និងការដឹកជញ្ជូនឆ្លងកាត់តំបន់ដីសណ្ដទន្លេ Pearl River ដ៏មានសារៈសំខាន់មួយខាងសេដ្ឋកិច្ច ត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
បើតាមប្រភពបានឲ្យថា ភ្លៀងធ្លាក់ខ្លាំងគឺបណ្តាលមកពីព្យុះទីហ្វុង Haikui ដែលបានបោកបក់នៅខេត្ត Fujian របស់ប្រទេសចិនកាលពីថ្ងៃអង្គារ។ បើទោះបីជានៅពេលនេះ វាបានចុះខ្សោយទៅជាព្យុះត្រូពិចក៏ពិតមែន តែការផ្លាស់ទីរបស់វាគឺយឺត ចំហាយនៃព្យុះមួយនេះ បានទម្លាក់បរិមាណទឹកភ្លៀងដ៏ច្រើនលើសលប់។
ខាងការិយាល័យអាកាសធាតុរបស់ហុងកុងបានចេញការព្រមានអំពីព្យុះភ្លៀង “ខ្មៅ” ខ្ពស់បំផុតរបស់ខ្លួន ហើយបាននិយាយថា ភ្លៀងជាង 200 មីលីម៉ែត្រ (7.9 អ៊ីញ) ត្រូវបានកត់ត្រានៅលើកោះសំខាន់របស់ហុងកុង ស្រុក Kowloon និងផ្នែកភាគឦសាននៃដែនដីថ្មីរបស់ទីក្រុងចាប់ពីចុងថ្ងៃព្រហស្បតិ៍។
ថ្នាក់ដឹកនាំនៃទីក្រុង លោក John Lee បាននិយាយថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅក្នុងតំបន់ភាគច្រើននៃទឹកដី ហើយលោកបានណែនាំដល់នាយកដ្ឋានទាំងអស់ឱ្យឆ្លើយតបជាមួយនឹង “កិច្ចខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព” ។
បច្ចុប្បន្នអាជ្ញាធរហុងកុងបានបិទសាលារៀននៅថ្ងៃសុក្រនេះ ហើយបានប្រាប់កម្មករឱ្យស្នាក់នៅផ្ទះ សម្រាប់ផ្សារហ៊ុនមិនបានបើកសម្រាប់ការជួញដូរពេលព្រឹកនោះទេ ហើយនឹងនៅតែបិទនៅពេលរសៀល ប្រសិនបើការព្រមានអំពីព្យុះភ្លៀង “ខ្មៅ” នៅតែមាននៅពេលថ្ងៃត្រង់។
តាមការរាយការណ៍បានឲ្យដឹងទៀតថា ផ្លូវរូងក្រោមដីសម្រាប់ឆ្លងកាត់កំពង់ផែរបស់ទីក្រុង ដែលជាសរសៃឈាមដ៏សំខាន់មួយក្នុងការតភ្ជាប់ពីកោះហុងកុងទៅកាន់ទីក្រុង Kowloon ត្រូវបានជន់លិចទាំងស្រុង ហើយផ្សារទំនើបមួយនៅក្នុងសង្កាត់ Chai Wan ត្រូវបានលិចទឹកពាក់កណ្តាល។
ប្រតិបត្តិការសម្រាប់អ្នកដំណើរ និងទំនិញមួយចំនួននៅចំណុចព្រំដែនពីររវាងទីក្រុងហុងកុង និង ក្រុង Shenzhen ត្រូវបានផ្អាកដោយសារតែទឹកជំនន់។
នឹងចំនែកឯប្រតិបត្តិករសាឡាងនៅម៉ាកាវក្នុងទីក្រុងហុងកុងបាននិយាយថា ទូកក្តោងជាច្រើននឹងត្រូវបានផ្អាកការធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលល្បែង។