លោក Charlie Than រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ា បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ី ក្នុងសុន្ទរកថាមួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យទី 10 ខែកញ្ញាថា ប្រទេសមីយ៉ាន់ម៉ាបានទទួលការដឹកជញ្ជូនយន្តហោះចម្បាំង Su-30 ចំនួនពីរគ្រឿងដំបូងពីប្រទេសរុស្ស៊ី។
បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានឲ្យដឹងទៀតថា លោក Than បាននិយាយប្រាប់ RIA នៅខាងក្រៅវេទិកាសេដ្ឋកិច្ចបូព៌ាមួយផ្សេងទៀត ដែលជាវេទិកាប្រចាំឆ្នាំរបស់រុស្ស៊ី ក្នុងមានគោលបំណងដើម្បីអភិវឌ្ឍ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ និងលើកទឹកចិត្តដល់ការវិនិយោគបរទេសដែលចាប់ផ្តើមនៅថ្ងៃអាទិត្យនៅកំពង់ផែ Vladivostok ថា “យន្តហោះចម្បាំងពីរគ្រឿងនោះត្រូវបបានចែកចាយរួចហើយផងដែរ” ។
ចំនែកខាងអ្នកយកសារព័ត៌មាន RIA បាននិយាយថា ប្រទេសរុស្ស៊ី និងមីយ៉ាន់ម៉ាបានចុះហត្ថលេខាលើកិច្ចសន្យាមួយនៅក្នុងខែកញ្ញា ឆ្នាំ 2022 សម្រាប់ការចែកចាយយន្តហោះចម្បាំង Su-30SME រហូតដល់ចំនួន 6 គ្រឿង។
បើយោងតាមក្រុមហ៊ុន Rosoboronexport ដែលជាក្រុមហ៊ុននាំចេញសព្វាវុធនឹងគ្រប់គ្រងដោយរដ្ឋរបស់រុស្ស៊ី បានឱ្យដឹងថា យន្តហោះចម្បាំងពហុតួនាទី Sukhoi Su-30SME ត្រូវបានរចនាឡើងសម្រាប់ការវាយប្រហារតាមអាកាសរបស់សត្រូវ ក្នុងការឈ្លបយកការណ៍តាមអាកាស ការងារប្រយុទ្ធ និងការបណ្តុះបណ្តាលពីឡុតជាដើម។
ដោយឡែកលោក Charlie Than បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ីថា កិច្ចព្រមព្រៀងទ្វេភាគីមួយចំនួននឹងត្រូវបានចុះហត្ថលេខានៅវេទិកាសេដ្ឋកិច្ចបូព៌ា រួមទាំងការអភិវឌ្ឍន៍វិស័យទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។
បើទោះជាយ៉ាងណាក៏ដោយ ខាងក្រសួងការពារជាតិរុស្ស៊ីមិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ Reuters ដើម្បីសុំការអត្ថាធិប្បាយនោះទេ។
គូសបញ្ជាក់ថា ប្រទេសសហរដ្ឋអាមេរិក បានព្រមាន ថា ការគាំទ្ររបស់រុស្ស៊ីសម្រាប់មេដឹកនាំយោធាមីយ៉ាន់ម៉ាគឺមិនអាចទទួលយកបាន ព្រោះវាជាទង្វើលដែលធ្វើឱ្យមានអស្ថិរភាព ដោយសារតែការផ្គត់ផ្គង់អាវុធ វាប្រៀបបានដូចជារងើកភ្លើងក្នុងការជួយបញ្ឆេះជម្លោះដែលក្លាយជាមហន្តរាយសម្រាប់ប្រទេស។
រដ្ឋមន្ត្រីក្រសួងការពារជាតិ និងអ្នកការទូតកំពូលរបស់រុស្ស៊ី បានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ខណៈដែលប្រមុខរបបយោធាលោក Min Aung Hlaing ធ្លាប់បានទៅប្រទេសរុស្ស៊ី ជាច្រើនដងចាប់តាំងពីឆ្នាំ 2021 ថែមទាំងត្រូវបានផ្តល់សញ្ញាប័ត្របណ្ឌិតកិត្តិយសថែមទៀតផង។