យោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តកាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣ បានឲ្យដឹងថា លោក Pita Limjaroenrat បានប្រកាសលាលែងពីតំណែងជាមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (MFP) ដើម្បីបើកផ្លូវឱ្យអ្នកស្នងតំណែងរបស់គាត់ឡើងកាន់តំណែងជាមេបក្សប្រឆាំងជំនួសវិញ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៤ ខែកញ្ញា ខាងកាសែតបាងកកប៉ុស្តទើបតែចុះផ្សាយថា លោក Pita គឺជាមនុស្សម្នាក់ដែលត្រូវបានគេបញ្ចូលទៅក្នុងបញ្ជីថ្នាក់ដឹកនាំវ័យក្មេងទាំង ១០០នាក់ នៅក្នុងពិភពលោក បើយោងតាមទស្សនាវដ្ដី Time។ ស្រាប់តែនៅរសៀលសុក្រនេះ លោក Pita បានប្រកាសលាលែងពីតំណែងតាមរយៈទំព័រ Facebook របស់គាត់ ដោយថ្លែងទៅកាន់សមាជិក MFP ទាំងអស់ និងសាធារណជនទូទៅ។
នៅក្នុងសាររបស់លោក Pita បាននិយាយថា ខណៈពេលដែល MFP មានសមាជិកសភាច្រើនជាងគេនៅក្នុងប្លុកបក្សប្រឆាំង គាត់មិនអាចទទួលយកតំណែងជាមេបក្សប្រឆាំងបានទេ ដោយសារតែមានការព្យួររបស់គាត់ដោយតុលាការធម្មនុញ្ញ ពីការបំពេញមុខងាររបស់គាត់ជាសមាជិកសភា។
«រដ្ឋធម្មនុញ្ញបច្ចុប្បន្នចែងថា មេបក្សប្រឆាំងត្រូវតែជាសមាជិកសភា ដែលដឹកនាំកំពូលគណបក្សប្រឆាំង ប៉ុន្តែខ្ញុំនៅតែមិនអាចបំពេញតួនាទីរបស់ខ្ញុំនៅក្នុងសភាតំណាងរាស្រ្ត ហើយនឹងមិនអាចទទួលយកតួនាទីជាមេបក្សប្រឆាំងក្នុងពេលដ៏ខ្លីខាងមុខបាន។
«បន្ទាប់ពីលោក Pita បានពិគ្រោះជាមួយគណៈកម្មាធិការប្រតិបត្តិ និងសមាជិកសភាបក្សរួចមក យើងបានសម្រេចចិត្តថា មុខតំណែងជា ‘មេបក្សប្រឆាំង’ ពិតជាមានសារៈសំខាន់បំផុតនៅក្នុងប្រព័ន្ធសភា ហើយតំណែងគួរតែត្រូវបានអនុវត្តដោយគណបក្សប្រឆាំងដ៏សំខាន់នៅក្នុងសភាតំណាងរាស្រ្ត។
«ម្យ៉ាងទៀត MFP គួរតែដឹកនាំគណបក្សប្រឆាំង ដែលទទួលខុសត្រូវក្នុងការរក្សារដ្ឋាភិបាលឱ្យស្ថិតក្រោមការត្រួតពិនិត្យ និងជំរុញឱ្យមានការផ្លាស់ប្តូរដែលមិនរួមបញ្ចូលនៅក្នុងគោលនយោបាយរបស់រដ្ឋាភិបាល។
“ខ្ញុំបានសម្រេចចិត្តចុះចេញពីតំណែងរបស់ខ្ញុំជាប្រធាន MFP ដោយអនុញ្ញាតឱ្យគណបក្សជ្រើសរើសសមាជិកសភា ដែលមានសមត្ថភាពអាចទទួលយកតួនាទីជា “មេដឹកនាំគណបក្សប្រឆាំង” ដើម្បីជំនួសទួនាទីរបស់ខ្ញុំជាមេដឹកនាំគណបក្ស។
គួរបញ្ជាក់ថា អតីតនិស្សិតនៃសាកលវិទ្យាល័យ Harvard Kennedy ដែលមានអាយុ 43 ឆ្នាំបាននិយាយថា ទោះបីជារូបគាត់លាលែងពីតំណែងក៏ដោយ តែរូបលោកនៅតែធ្វើការឱ្យ MFP និងប្រជាជនឱ្យអស់ពីសមត្ថភាពដដែល។
ក្នុងនោះផងដែរ លោកបានអំពាវនាវឱ្យសមាជិក MFP ទាំងអស់ប្រមូលផ្តុំគ្នានៅអគារ Keelawes 1 ក្នុងតំបន់ Din Daeng នៃទីក្រុងបាងកក នៅថ្ងៃទី 24 ខែកញ្ញា ដើម្បីជ្រើសរើសមេដឹកនាំគណបក្សថ្មីថែមទៀតផង។
ចំពោះក្រុមអ្នកសង្កេតការណ៍បានទស្សទាយមេដឹកនាំបក្សប្រឆាំងបន្ទាប់ ថាជា លោក Chaithawat Tulaton អគ្គលេខាធិការគណបក្ស គឺជាមនុស្សម្នាក់ដែលមានសមត្ថភាពនឹងសក្តិសមជាស្នងតំណែងពីលោក Pita Limjaroenrat។