កាលពីថ្ងៃទី ១៧ ខែកញ្ញា ប្រទេសរុស្ស៊ីបាននិយាយថា ខ្លួនបានរារាំងការវាយប្រហាររបស់អ៊ុយក្រែន ដែលកំពុងតែមានភាពជឿនលឿននៅក្នុងតំបន់គ្រីមៀកាលពីព្រឹកថ្ងៃអាទិត្យ ខណៈដែលយន្តហោះគ្មានមនុស្សបើកក៏បានកំណត់គោលដៅទៅលើទីក្រុងមូស្គូ ហើយវាបានរំខានដល់ចរាចរណ៍ផ្លូវអាកាសក្នុងរដ្ឋធានី ក៏ដូចជាការបង្ករឱ្យមានអគ្គីភ័យនៅឃ្លាំងស្តុកប្រេងមួយនៅភាគនិរតីនៃប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
បើយោងតាមប្រភពខាងលើបានឲ្យដឹងថា ប្រទេសអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះបានបើក ការវាយប្រហារ ជាបន្តបន្ទាប់លើគោលដៅយោធារបស់រុស្ស៊ីនៅតំបន់គ្រីមៀដែលកាន់កាប់ រួមទាំងគ្រឿងបរិក្ខាររបស់កងនាវាចររុស្សីនៅក្នុងសមុទ្រខ្មៅ( Black Sea Fleet) ដែលកំពុងស្វែងរកការជួសជុល ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់ទីក្រុងម៉ូស្គូ។
ប្រភពដដែលបានឲ្យដឹងថា អ៊ុយក្រែនបានបើកការវាយប្រហារយ៉ាងជ្រៅនៅក្នុងប្រទេសរុស្ស៊ី បើយើងសម្លឹងមើលទៅ គឺវាហាក់ដូចជានៅឆ្ងាយពីសមរភូមិជួរមុខ តែអភិបាលក្រុងម៉ូស្គូបែរជានិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទំលាក់យន្តហោះគ្មានមនុស្សបើកចំនួនពីរគ្រឿង នៅក្នុងតំបន់នៃរដ្ឋធានីកាលពីព្រឹកថ្ងៃអាទិត្យ។
ដោយឡែកចំពោះករណីខាងលើនេះ ខាងអ្នកយកព័ត៌មានរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវរបាយការណ៍កាលពីថ្ងៃអាទិត្យបាននោះទេ ហើយម្យ៉ាងវិញទៀតវាក៏មិនមានការអត្ថាធិប្បាយភ្លាមៗពីទីក្រុង Kyiv នោះដែរ។
ចំនែកឯកាលពីល្ងាចថ្ងៃសៅរ៍វិញ លោក Oleksiy Danilov ដែលលេខាធិការក្រុមប្រឹក្សាសន្តិសុខអ៊ុយក្រែន បានជំរុញឱ្យសម្ព័ន្ធមិត្តរបស់ទីក្រុង Kyiv ឲ្យពន្លឿនការចែកចាយសព្វាវុធ ដោយលោកបាននិយាយថា នេះជាមធ្យោបាយតែមួយគត់ដើម្បីបញ្ចប់សង្គ្រាម។
លោក Oleksiy Danilov បានសរសេរនៅលើគេហទំព័រព័ត៌មាន Ukrainska Pravda បានបង្ហាញដោយលើជា “ឧទាហរណ៍ ថា ការលុបបំបាត់ទាំងស្រុង ឬដោយផ្នែកនៃកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី វាគឺជាកិច្ចការដែលយើងអាចធ្វើបាន ហើយយើងគួរតែពន្លឿនដំណើរការស្វែងរកផ្លូវរបស់រុស្ស៊ីសម្រាប់ផ្លូវចេញពីសង្រ្គាមដែលកំពុងបន្ត”។
ទន្ទឹមនឹងនោះក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបានបំផ្លាញយន្តហោះគ្មានមនុស្សបើកយ៉ាងហោចណាស់ប្រាំមួយគ្រឿង ដែលតម្រង់ទៅកាន់តំបន់គ្រីមៀ ជាមួយនឹងទិសដៅផ្សេងៗគ្នា។
បើទោះជាយ៉ាងណាក្តី បើយោងតាមរបាយការណ៍នៅលើកម្មវិធីផ្ញើសារ Telegram មិនមានការបកស្រាយថា តើការខូចខាត ឬជនរងគ្រោះត្រូវបានបង្កឡើងនៅលើឧបទ្វីបគ្រីមៀ ដែលទីក្រុងមូស្គូបានបញ្ចូលពីទីក្រុងគៀវ ក្នុងការផ្លាស់ប្តូរដែលត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយនៅក្នុងឆ្នាំ 2014 គឺ 8 ឆ្នាំមុនពេលការឈ្លានពានពេញលេញរបស់រុស្ស៊ី។