ព្រះរាជអាជ្ញាបានដាក់ពាក្យសុំដីកាចាប់ខ្លួនតារាសម្ដែង Yoo Ah-in កាលពីថ្ងៃច័ន្ទ នេះវាជាលើកទី២ ហើយ ដែលបន្ទាប់ពីប៉ូលីបានរកឃើញភស្តតាងថា លោក Yoo ពិតជាមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។
បើយោងតាមការចុះផ្សាយរបស់ យ៉ុនហាប់បានឲ្យដឹងថា ប៉ូលីសបានបញ្ជូនលោក Yoo ទៅកាន់អយ្យការកាលពីខែមិថុនាម្តងរួចហើយ សម្រាប់ការស៊ើបអង្កេតបន្ថែមលើការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀនច្រើនជាងប្រាំបីប្រភេទ ដោយក្នុងនោះរួមមានកញ្ឆា៖ ប្រូផូហ្វូល កូកាអ៊ីន កេតាមីន ហ្សូលភីឌឹម មីដាហ្សូឡាម និងអាល់ប្រាហ្សូឡាម។ ចាប់តាំងពីពេលនោះមក ការិយាល័យរដ្ឋអាជ្ញាកណ្តាលក្រុងសេអ៊ូល ដែលទទួលបន្ទុកលើសំណុំរឿងរបស់លោក Yoo បានចាប់ផ្តើមការចោទប្រកាន់បន្ថែម ពីបទបទប៉ុនប៉ងបំផ្លាញភស្តុតាង ទន្ទឹមនឹងនោះរដ្ឋអាជ្ញាបានរកឃើញទៀតថា លោក Yoo បានធ្វើការបង្ខិតបង្ខំឲ្យមនុស្សជុំវិញខ្លួនជក់កញ្ឆាតាមខ្លួនផងដែរ។
គួរបញ្ជាក់ថា ចំពោះដីការចាប់ខ្លួនជាលើកទីពីរនៅពេលនេះ គឺធ្វើឡើងបន្ទាប់ពី តារាសម្តែងលោក Yoo Ah-in បានបដិសេធសំណើដីកាលើកទីមួយដែលបានដាក់ដោយប៉ូលិសក្នុងខែឧសភា។
បើយោងតាមប្រភពខាងលើឲ្យដឹងថា ខាងរដ្ឋអាជ្ញាបានចោទប្រកាន់ លោក Yoo ពីការទទួលការចាក់ថ្នាំ propofol ក្នុងគោលបំណងព្យាបាលខុសពីវិជ្ជបញ្ជា ប្រហែល 200 ដង ដោយធ្វើឡើងនៅគ្លីនីកផ្សេងៗគ្នា នៅទូទាំងទីក្រុងសេអ៊ូលចាប់តាំងពីឆ្នាំ 2020 មកម្ល៉េះ ដោយលោកបានលើកយកហេតុផលមួយថា ព្រោះលោកស្ថិតនៅក្រោមនីតិវិធីកែសម្ផស្ស។
ប្រភពដដែលបាននិយាយទៀតថា បើយើងបូកសរុបការចំណាយនៃការចាក់ថ្នាំរបស់តារាសម្តែងប្រុសរូបនេះ គឺមានតម្លៃប្រហែល 500 លានវ៉ុន (377,500 ដុល្លារសហរដ្ឋអាមេរិក) នេះបើយោងតាមព្រះរាជអាជ្ញា។
គួររំលឹកថា តារាសម្តែង Yoo Ah-in ក៏ធ្លាប់បានប្រើឈ្មោះអ្នកដ៏ទៃ ដើម្បីទិញថ្នាំងងុយដេកដោយខុសច្បាប់ចំនួន 1,000 គ្រាប់ ខណៈដែលលោកប្រើប្រាស់កូកាអ៊ីន កញ្ឆា និងថ្នាំដទៃទៀតរួមគ្នាជាមួយមនុស្ស 4 នាក់ផ្សេងទៀត ក្នុងកំឡុងពេលដែលពួកគេស្នាក់នៅសហរដ្ឋអាមេរិកកាលពីខែមករា។