យោងតាមរយៈទីភ្នាក់ងារហុងកុងរបស់ស៊ីអិនអិន កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា នៅពេលចាប់ផ្តើមនៃអាណត្តិទី 3 ដែលមិនធ្លាប់មានពីមុនមក លោក Xi Jinping បានដាក់ចំណាត់ថ្នាក់កំពូលនៃ ក្រុមរដ្ឋមន្ត្រីដែលស្មោះត្រង់ ព្រោះលោកសង្ឃឹមថា វានឹងជួយឲ្យផ្លូវដែលលោកដើរគឺកាន់តែរលូន ដើម្បីសម្រេចបាននូវចក្ខុវិស័យដ៏ធំរបស់លោកក្នុងការដឹកនាំប្រទេសចិន។
បើយោងតាមអ្នកជំនាញរបស់ស៊ីអិនអិនបានបង្ហាញថា តិចជាងមួយឆ្នាំមកនេះ ព្យុះនៃភាពចលាចលមួយកំពុងធ្វើឱ្យឥស្សរជនដែលកំពុងតែកាន់អំណាច ពោលគឺជារដ្ឋមន្ត្រីដែលជ្រើសរើសដោយដៃរបស់លោក Xi Jinping ផ្ទាល់ បានក្លាយទៅជាសំណួរអំពីការវិនិច្ឆ័យរបស់គាត់ និងធ្វើឱ្យមានទំនុកចិត្តជាអន្តរជាតិចំពោះអភិបាលកិច្ចរបស់គាត់ គឺនៅពេលដែលប្រទេសចិនកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចដ៏ធំនៅក្នុងផ្ទះ ហើយពិសេសជាងនេះទៅទៀតនោះ គឺការបង្កើនជាដៃគូរប្រកួតប្រជែងជាមួយនឹង សហរដ្ឋអាមេរិកនៅលើឆាកពិភពលោក។
បើយោងតាមអ្នកសង្កេតការណ៍ បាននិយាយប្រាប់ទីភ្នាក់ងារពត៌មានស៊ីអិនអិនថា ក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ សមាជិកជាន់ខ្ពស់ពីររូបនៃគណៈរដ្ឋមន្ត្រីរបស់ប្រទេសចិន ដែលបានបម្រើការជាដៃគូសន្ទនាដ៏សំខាន់របស់ប្រទេសជាមួយពិភពលោកគឺត្រូវបានបាត់ខ្លួន។ ជាសម្គាល់ដោយក្នុងនោះរួមមាន រដ្ឋមន្ត្រីការពារជាតិលោក Li Shangfu មិនត្រូវបានគេឃើញជាសាធារណៈអស់រយៈពេល 3 សប្តាហ៍ ហើយវាបានបង្កឱ្យមានអ្នកវិភាគនយោបាយមួយចំនួនធំរំពឹងទុកថាគាត់កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។ ហើយបន្ទាប់ពីររយៈប៉ុន្មានសប្តាហ៍មុននេះ រដ្ឋមន្ត្រីការបរទេសលោក Qin Gang ត្រូវបានរដ្ឋាភិបាលបណ្តេញចេញពីតំណែង។
ការអវត្តមានភ្លាមៗរបស់ពួកគេ បានកើតឡើងនៅពេលដែលលោក Xi កំពុងស្វែងរកការលុបបំបាត់ការគំរាមកំហែង និងភាពងាយរងគ្រោះណាមួយដែលត្រូវបានយល់ឃើញនៅក្នុងជំរុញមួយដើម្បីពង្រឹងសន្តិសុខជាតិ ស្របពេលដែលប្រទេសខ្លួនកំពុងមានភាពតានតឹងកាន់តែកើនឡើងជាមួយនឹងពួកលោកខាងលិច។
គួរបញ្ជាក់ថា ទាំងលោក Li Shangfu និង Qin Gang គឺបានចូលបម្រើការក្នុងចំណោមទីប្រឹក្សារដ្ឋទាំងប្រាំរបស់ប្រទេសចិន ដែលជាតំណែងជាន់ខ្ពស់នៅក្នុងគណៈរដ្ឋមន្ត្រីលើសពីរដ្ឋមន្ត្រីធម្មតា។ សម្រាប់លោក Li បានអង្គុយលើគណៈកម្មាការយោធាកណ្តាល ដែលជាស្ថាប័នដ៏មានឥទ្ធិពលមួយ ស្ថិតក្រោមការដឹកនាំរបស់លោក Xi ដែលបញ្ជាកងកម្លាំងប្រដាប់អាវុធ។
ទន្ទឹមនឹងនេះ ការដកតំណែងឧត្តមសេនីយកំពូលពីររូបខាងលើនេះ វាបានធ្វើឱ្យកក្រើកដល់កងកម្លាំងរ៉ុក្កែតរបស់កងទ័ពរំដោះប្រជាជនចិន ដែលជាអង្គភាពវរជនដែលបង្កើតឡើងដោយលោក Xi ដើម្បីធ្វើទំនើបកម្មសមត្ថភាពកាំជ្រួចធម្មតា និងនុយក្លេអ៊ែររបស់ប្រទេសចិន វាបានបង្កឱ្យមានការព្រួយបារម្ភអំពីការបោសសម្អាតយ៉ាងទូលំទូលាយនៅក្នុងវិស័យយោធា។
បច្ចុប្បន្នរដ្ឋមន្ត្រីចិនជាច្រើន កាន់តែមានភាពស្រពិចស្រពិល ក្រោមការដឹកនាំរបស់លោក Xi ដោយលោកបានផ្តល់ការពន្យល់ជាសាធារណៈតិចតួចបំផុតសម្រាប់ការរុះរើបុគ្គលិកជាបន្តបន្ទាប់ ហើយក៏មិនបានបង្ហាញពីចំណាប់អារម្មណ៍ណាមួយរបស់លោក ក្នុងការលុបបំបាត់មន្ទិលមន្ត្រីជាន់ខ្ពស់ដែលនៅក្បែរលោកនោះដែរ។
ក្នុងករណីលោក Qin Gang កាលពីថ្ងៃអង្គារ បើយោតាមកាសែត Wall Street Journal បានរាយការណ៍ថា លោក Qin Gang ត្រូវបានគេរកឃើញដោយអ្នកស៊ើបអង្កេតរបស់បក្សកុម្មុយនិស្តអន្តរជាតិថា លោកមានជាប់ពាក់ព័ន្ធក្នុងរឿងទំនាក់ទំនងក្រៅផ្លូវការ ខណៈពេលដែលលោកកំពុងបម្រើការជាបេសកជនរបស់ប្រទេសចិនប្រចាំនៅក្នុងទីក្រុងវ៉ាស៊ីនតោន ។ ប៉ុន្តែរឿងនេះត្រូវបានក្រសួងការបរទេសចិនបានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ។
ហើយចំពោះលោក Li Shangfu វិញ លោកត្រូវបានពិភពលោកធ្វើកំណត់សម្គាល់ គឺបន្ទាប់ពីលោក Li ត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មនៅឆ្នាំ 2018 ជុំវិញការទិញអាវុធពីរុស្ស៊ី ហើយបន្ទាប់មកទីក្រុងប៉េកាំងបានស្នើម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកនឹងមិនជួបជាមួយលោក Li ទេ លុះត្រាតែទណ្ឌកម្មត្រូវបានលុបចោល។
ក្រុមអ្នកវិភាគនយោបាយបាននិយាយថា ប្រសិនបើលោក Li ត្រូវបានដកចេញពីតំណែងជារដ្ឋមន្ត្រីការពារជាតិពិតមែននោះ វាអាចបើកឱកាសសម្រាប់ការបន្តកិច្ចចរចាយោធាកម្រិតខ្ពស់រវាងមហាអំណាចទាំងពីរឡើងវិញ។