សហជីពនៅហាង Apple (AAPL.O) ក្នុងប្រទេសបារាំងបានអំពាវនាវឱ្យមានការធ្វើកូដកម្មនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ឲ្យបានមុនការចេញលក់ iPhone 15 ដោយបុគ្គលិកទាំងអស់បានទាមទារឲ្យក្រុមហ៊ុនផ្តល់ប្រាក់បៀវត្តន៍ល្អសមរម្យជាងបច្ចុប្បន្ន និងលក្ខខណ្ឌការងារប្រសើរជាងមុន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣។
CGT Apple Retail បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់សហជីពនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “ការគ្រប់គ្រងដោយបានសម្រេចចិត្តមិនអើពើការទាមទារ និងកង្វល់ស្របច្បាប់របស់យើង សហជីពទាំងបួនរបស់ក្រុមហ៊ុន Apple Retail France សូមអំពាវនាវឱ្យមានកូដកម្មនៅថ្ងៃទី 22 និង 23 ខែកញ្ញានេះ។” សហជីពក៏បានអំពាវនាវឱ្យកម្មករធ្វើបាតុកម្មនៅព្រឹកថ្ងៃសុក្រនៅក្នុងទីក្រុង Paris Opera Garnier ដែលនៅជាប់នឹងហាងទំនើបៗរបស់ Apple ក្នុងទីក្រុងប៉ារីស។
សមាជិកសហជីព CGT Apple Retail លោក Karine Chouchane បាននិយាយប្រាប់សារព័ត៌មានបារាំង Liberation ប្រចាំថ្ងៃថា បុគ្គលិក Apple France អាចនឹងប្រមូលផ្តុំនៅក្នុងហាង Apple បីភាគបួននៅក្នុងប្រទេសបារាំង។
ជុំវិញការតវ៉ានេះ ខាងអ្នកយកព័ត៌មានរ៉យទ័រមិនអាចទទួលបាន ការអត្ថធិប្បាយពីតំណាងក្រុមហ៊ុន Apple France បានភ្លាមៗនោះទេ។
គួររំលឹកថា កាលពីសប្តាហ៍មុន Apple ក៏រាំងស្ទះដោយសារការសម្រេចចិត្តរបស់រដ្ឋាភិបាលបារាំងក្នុងការផ្អាកការលក់ ទូរស័ព្ទ iPhone 12 បន្ទាប់ពីការធ្វើតេស្ត ដែលមន្ត្រីជំនាញរបស់ខ្លួនបាននិយាយថា ពួកគេបានរកឃើញការរំលោភលើដែនកំណត់នៃការប៉ះពាល់នឹងវិទ្យុសកម្ម។
ហើយចំនែកកាលពីថ្ងៃសុក្រ ក្រុមហ៊ុន Apple បានសន្យាថានឹងធ្វើបច្ចុប្បន្នភាពកម្មវិធីនៅលើ iPhone 12s នៅប្រទេសបារាំង ដើម្បីដោះស្រាយវិវាទលើកម្រិតវិទ្យុសកម្ម ប៉ុន្តែការព្រួយបារម្ភនៅក្នុងប្រទេសអ៊ឺរ៉ុបផ្សេងទៀតបង្ហាញថា វាអាចនឹងត្រូវចាត់វិធានការស្រដៀងគ្នានៅកន្លែងផ្សេងទៀតផងដែរ។