មេទ័ពអ៊ុយក្រែនបាននិយាយថា អ្នកការពារដែនអាកាសអ៊ុយក្រែនបានបាញ់ទម្លាក់មីស៊ីលចំនួន ៣៦ ក្នុងចំណោម ៤៣ គ្រាប់ ដែលរុស្ស៊ីបានបាញ់កាលពីថ្ងៃព្រហស្បតិ៍ ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីនាពេលនេះគឺមានគោលបំណងដើម្បីវាយប្រហារទូទាំងប្រទេសអ៊ុយក្រែនតែម្តង នេះបើយោងតាមការចុះផ្សាយរបស់ ស៊ីអិនអិន កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣។
លោក Valerii Zaluzhnyi អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ុយក្រែន បាននិយាយនៅក្នុងសារ Telegram ថា កាំជ្រួចធ្វើដំណើរដែលបាញ់ចេញពីយន្តហោះដែលនៅភាគខាងត្បូងប្រទេសរុស្ស៊ី “ដោយវាបានធ្វើការផ្លាស់ប្តូរទិសដៅជាបន្តបន្ទាប់” ។
ហើយកាលពីថ្ងៃព្រហស្បតិ៍នោះផងដែរ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយបន្តមកទៀតថា កងកម្លាំងរុស្ស៊ីបានបើក “ការវាយប្រហារដោយមីស៊ីលដ៏ធំ” លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងតំបន់ជាច្រើន។
នៅក្នុងការវាយប្រហារនោះធ្វើឲ្យមនុស្សចំនួន 7 នាក់បានរងរបួសនៅទីក្រុង Kyiv និងមានមនុស្សពីរនាក់ផ្សេងទៀតបានរងរបួសនៅក្នុងទីក្រុង Kharkov ។
ទន្ទឹមនឹងនោះ ការបាញ់ផ្លោងរបស់រុស្ស៊ីបានសម្លាប់មនុស្សយ៉ាងតិចពីរនាក់នៅក្នុងទីក្រុង Kherson ភាគខាងត្បូង។
កងកម្លាំងទ័ពអាកាសរបស់អ៊ុយក្រែនបាននិយាយថា ការគំរាមកំហែងដោយមីស៊ីលកំពុងបន្តពាសពេញប្រទេសអ៊ុយក្រែនតែម្តង ខណៈរដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុង Ihor Klymenko បានជំរុញឱ្យប្រជាជនអ៊ុយក្រែន “អនុវត្តតាមច្បាប់សុវត្ថិភាពនៅក្នុងតំបន់ ដែលមានការប្រកាសអាសន្នម្តងហើយម្តងទៀត” ឱ្យរកជម្រកសុវត្តិភាព។
បើយោងតាមប្រភពមួយបានឲ្យដឹងថា តំបន់គោលដៅដែលជាការវាយប្រហាររបស់រុស្ស៊ីត្រូវបានគេរាយការណ៍ រួមមាន៖
- តំបន់ Kherson៖ មន្ត្រីអ៊ុយក្រែនបាននិយាយថា យ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់ និងប្រាំនាក់ផ្សេងទៀតបានរងរបួសនៅក្នុងទីក្រុងភាគខាងត្បូង បន្ទាប់ពីការបាញ់ផ្លោងរបស់រុស្ស៊ីពេញមួយយប់។ អ្នកដែលបានបាត់បង់ជីវិតនោះគឺជា បុរសពីរនាក់ដែលមានអាយុ 29 និង 41 ឆ្នាំបានស្លាប់នៅក្នុងការវាយប្រហាររបស់រុស្ស៊ីនៅលើអន្តេវាសិកដ្ឋានមួយ។
- ក្នុងទីក្រុងគៀវ៖ ក្មេងស្រីអាយុ ៩ឆ្នាំម្នាក់ ស្ថិតក្នុងចំណោមមនុស្ស ៧នាក់ ដែលរងរបួស បន្ទាប់ពីរុស្ស៊ី បើកការវាយប្រហារ តាមអាកាស លើរដ្ឋធានី អភិបាលក្រុង Vitalii Klitschko បាននិយាយ កាំជ្រួចរបស់រុស្ស៊ីបានគំរាមដល់កន្លែងជម្រកសុវត្តិភាព!” ក្រោយមកអភិបាលក្រុងបានព្រមាននៅក្នុងសារ Telegram ថា ស៊ីរ៉ែនវាយឆ្មក់តាមអាកាស ឥឡូវនេះបានបន្លឺឡើងជាង 1,000 ម៉ោងទៅហើយ។
- ក្នុងតំបន់ខាគីវ៖ មន្ត្រីអ៊ុយក្រែនម្នាក់បាននិយាយថា យ៉ាងហោចណាស់មនុស្សពីរនាក់បានរងរបួស បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីចំនួន ៦ លើកលើទីក្រុងនៃភាគឦសាន។ លោកបានបន្ថែម ថា ការវាយប្រហារគឺផ្តោតទៅលើ ស្រុក Slobidskyi ដោយនាំឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។
- Cherkasy: ការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ីបានបំផ្លាញសណ្ឋាគារមួយនៅកណ្តាលទីក្រុងដែលបណ្តាលឱ្យមានអគ្គីភ័យ វាបានបង្ករឲ្យមនុស្សប្រាំពីរនាក់បានរងរបួស។
- Lviv: យោងតាមក្រុមមន្ត្រីបាននិយាយថា ការខូចខាតរចនាសម្ព័ន្ធដល់តំបន់ឧស្សាហកម្មមួយត្រូវបានគេរាយការណ៍ថាមានភ្លើងឆេះបន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី តែមិនមានអ្នករងរបួសត្រូវបានគេរាយការណ៍ភ្លាមៗនោះទេ។