អ្នកសេដ្ឋកិច្ចនៅក្នុងប្រទេសថៃកំពុងព្រមានថា ប្រាក់បាតនឹងធ្លាក់ចុះបន្ថែមទៀតពេញមួយខែនេះ ឬបន្តរដល់ខែក្រោយ ដោយសារតែការប្រែប្រួលខ្ពស់នៃប្រាក់ និងទីផ្សារមូលធនទូទាំងពិភពលោក បន្ទាប់ពីមតិយោបល់របស់ធនាគារកណ្តាលអាមេរិកដែលនិយាយអំពីអត្រាការប្រាក់គោលរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តកាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣។
លោក Poon Panitchpibun អ្នកយុទ្ធសាស្រ្តទីផ្សារហិរញ្ញវត្ថុនៅ Krungthai Global Markets ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវរបស់ធនាគារ Krungthai បាននិយាយថា ប្រាក់បាតបានបើកកាលពីថ្ងៃព្រហស្បតិ៍នៅតម្លៃ រូបិយវត្ថុលុយបាត 36.25 ទើបប្តូរបាន១ដុល្លារអាមេរិក អត្រាមួយនេះគឺបានបង្ហាញពីការធ្លាក់ចុះបើធៀបនឹងការបិទបញ្ជីមុនហ្នឹងគឺត្រឹម 36.07បាត/១ដុល្លាតែប៉ុណ្ណោះ។
បន្ទាប់មក ប្រាក់បាតបានធ្លាក់ចុះជាបន្តបន្ទាប់ ខណៈដែលទាំងប្រាក់ដុល្លារ និងទិន្នផលសញ្ញាប័ណ្ណរយៈពេល 10 ឆ្នាំរបស់សហរដ្ឋអាមេរិកបានបន្តកើនឡើងតាមការណែនាំរបស់ សហព័ន្ធទុនបម្រុង (Fed) វាអាចនឹងដំឡើងអត្រាការប្រាក់សារជាថ្មីម្តងទៀតនៅឆ្នាំនេះ ខណៈដែលសញ្ញានៃការកាត់បន្ថយអត្រាការប្រាក់តិចជាងមុនគឺត្រូវបានអនុវត្តន៍នៅឆ្នាំក្រោយ។
បច្ចុប្បន្នទីផ្សារភាគហ៊ុនអាមេរិកកំពុងប្រឈមមុខនឹងសម្ពាធពីសញ្ញារបស់ Fed ដែលថាវានឹងបន្តដំឡើងអត្រាការប្រាក់បន្ថែមមួយត្រីមាសបន្ថែមទៀត ប្រសិនបើចាំបាច់ ដោយអ្នកវិនិយោគបារម្ភថាអត្រារឿងនេះវាអាចបន្តកើនឡើងយូរទៀត។
អង្គភាព Krungthai បាននិយាយថា ប្រាក់បាតអាចធ្លាក់ចុះច្រើនជាងការប៉ាន់ប្រមាណពីមុន ហើយអាចនឹងចុះខ្សោយជាងនេះបន្ថែមទៀត បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់ Fed ដែលត្រូវបានគាំទ្រដោយនិន្នាការនៃការរក្សាអត្រាការប្រាក់ខ្ពស់សម្រាប់រយៈពេលដ៏យូរ។
មជ្ឈមណ្ឌលបាននិយាយថា ប្រាក់បាតក៏អាចប្រឈមនឹងសម្ពាធពីការលក់ទ្រព្យសម្បត្តិរបស់ថៃ ដោយអ្នកវិនិយោគបរទេសផងដែរ គឺដោយសារតែទីផ្សារហិរញ្ញវត្ថុនៅតែស្ថិតក្នុងស្ថានភាព “ហានិភ័យ” ជាមួយនឹងការងើបឡើងវិញដែលមិនទំនងជាក្នុងរយៈពេលខ្លីនោះ។
ការធ្លាក់ថ្លៃនៃរូបិយប័ណ្ណថៃពីមុនស្ទើរតែឈានដល់កម្រិត Resistance ដែលបង្ហាញថាប្រាក់បាតអាចធ្លាក់ចុះដល់ចន្លោះពី 36.50-37 ក្នុង ១ ដុល្លារ ដែលត្រូវបានចាត់ទុកថាវាជាតម្លៃដែលទាបខ្លាំង។
Krungthai Global Markets បាននិយាយ ប្រាក់បាតអាចឡើងថ្លៃដល់ 35.80-36 ក្នុង១ដុល្លារ ប្រសិនបើមានការប្រែប្រួលណាមួយកើតឡើង។ ហើយទីផ្សារភាគហ៊ុនសកលនៅតែមានការប្រែប្រួលយ៉ាងខ្លាំង ដោយសារភាពមិនច្បាស់លាស់អំពីទិសដៅគោលនយោបាយរូបិយវត្ថុរបស់ Fed ក៏ដូចជាការព្រួយបារម្ភទាក់ទងនឹងការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន។
ឥឡូវនេះអាជីវកម្មក៏អាចកំណត់ការប្រឈមមុខនឹងការប្តូរប្រាក់បរទេស បើទោះជាពួកគេត្រូវធ្វើប្រតិបត្តិការជារូបិយប័ណ្ណក្នុងស្រុកក៏ដោយ។ ក្រុមហ៊ុន Krungthai Global Markets បាននិយាយទៀតថា ទោះជាយ៉ាងណាក៏ដោយ ប្រតិបត្តិករគួរតែប្រៀបធៀបតម្លៃប្រតិបត្តិការ និងរៀបចំផែនការការពារហានិភ័យដោយប្រយ័ត្នប្រយែង មុនពេលធ្វើការសម្រេចចិត្ត។ ក្នុងនោះមជ្ឈមណ្ឌលស្រាវជ្រាវបានប៉ាន់ប្រមាណថា ប្រាក់បាតនឹងស្ថិតនៅក្នុងចន្លោះពី 36.15-36.50 ក្នុង១ដុល្លារនៅចុងឆ្នាំនេះ។
ម្យ៉ាងវិញទៀតបញ្ហាជាក់ស្តែងដែលក្រុមអ្នកវិនិយោគិនមានការព្រួយបារម្ភអំពីបំណុលសាធារណៈ និងបន្ទុកសារពើពន្ធកាន់តែខ្ពស់របស់ប្រទេសថៃ គឺបន្ទាប់ពីគោលនយោបាយជំរុញទឹកចិត្តរបស់រដ្ឋាភិបាលថ្មី លោកស្រី Srettha Thavisin បានលើកឡើងពីផែនការបោះផ្សាយមូលបត្របំណុលបៃតង។
លោក ស្រេត ថា បាននិយាយនៅក្នុងកិច្ចប្រជុំកំពូលគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពឆ្នាំ 2023 នៅឯមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីថ្ងៃពុធថា ប្រទេសថៃបានចេញនូវសញ្ញាប័ណ្ណនិរន្តរភាពចំនួនពីរ ដែលបានរៃអង្គាសប្រាក់បានចំនួន 2.5 ពាន់លានដុល្លារតាមរយៈសញ្ញាប័ណ្ណបៃតង។
វាអាចជាមូលហេតុសម្រាប់ខែនេះ ដែលនាំឲ្យប្រាក់បាតបានធ្លាក់ចុះ 3.2% ដោយជាប់ចំណាត់ថ្នាក់ជាការធ្លាក់ចុះដ៏ធំបំផុតនៅក្នុងតំបន់ បន្ទាប់មកគឺប្រាក់វ៉ុនរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះ 1.4%។