កងកម្លាំងពិសេសរបស់អ៊ុយក្រែនបាននិយាយកាលពីថ្ងៃច័ន្ទថា ពួកគេបានសម្លាប់ឧត្តមនាវីកំពូលរបស់ទីក្រុងម៉ូស្គូនៅក្នុងតំបន់ Crimea រួមជាមួយនឹងមន្ត្រី 33 នាក់ផ្សេងទៀត នៅក្នុងការវាយប្រហារដោយមីស៊ីលកាលពីសប្តាហ៍មុនលើទីស្នាក់ការកណ្តាលនៃកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ីនៅក្នុងកំពង់ផែ Sevastopol នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣។
ខាងក្រសួងការពារជាតិរុស្ស៊ី មិនបានឆ្លើយតបភ្លាមៗនោះទេ នៅពេលដែលមានការសាកសួរដោយក្រុមការងាររបស់ Reuters ឱ្យបញ្ជាក់ ឬបដិសេធថា តើឧត្តមនាវីឯក Viktor Sokolov មេបញ្ជាការកងនាវាចរសមុទ្រខ្មៅ និងជាមន្ត្រីកងទ័ពជើងទឹកជាន់ខ្ពស់បំផុតម្នាក់របស់រុស្ស៊ី ត្រូវបានសម្លាប់។
បើទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរដែលតំឡើងដោយទីក្រុងម៉ូស្គូនៅទីក្រុង Sevastopol កំពុងចាត់វិធានការបន្ថែម ដើម្បីដោះស្រាយការវាយប្រហារដែលចេះតែមានការកើនឡើងពីខាងទីក្រុងគីវមកលើតំបន់គ្រីមៀ ដែលជាតំបន់សំខាន់មួយ ឬអាចនិយាយបានថាវាជាវេទិកាមួយនៃសង្គ្រាមរវាងប្រទេសទាំងពីរ ហើយការវាយបកនេះមួយរយៈចុងក្រោយនេះគឺកាន់តែខ្លាំងក្លាឡើង បើគិតចាប់តាំងពីប្រទេសរុស្ស៊ីបានបើកការវាយប្រហារតាមអាកាសជាច្រើនដងរបស់ខ្លួនទៅលើអ៊ុយក្រែនក្នុងសង្រ្គាមរយៈពេល 19 ខែកន្លងមក។
ប្រសិនបើមានការបញ្ជាក់ដូចដែលទាហ៊ានអ៊ុយក្រែននិយាយពិតមែននោះ ការសម្លាប់របស់លោក Viktor Sokolov វានឹងក្លាយជាការវាយប្រហារដ៏សំខាន់បំផុតមួយរបស់ទីក្រុង Kyiv លើតំបន់គ្រីមៀ ដោយសារតែរុស្ស៊ីបានដណ្តើមយក និងដាក់បញ្ចូលពីអ៊ុយក្រែនក្នុងឆ្នាំ 2014 ។
កងកម្លាំងពិសេសរបស់អ៊ុយក្រែនបាននិយាយនៅលើសារ Telegram ថា “បន្ទាប់ពីការវាយប្រហារលើទីស្នាក់ការកណ្តាលនៃកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី មន្រ្តីចំនួន 34 នាក់ ត្រូវបានបាត់បង់ជីវិតទាំងអស់ រួមទាំងមេបញ្ជាការកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ីផងដែរ។ ក្នុងនោះផងដែរអ្នកកាន់កាប់ចំនួន 105 នាក់ផ្សេងទៀត បានរងរបួសធ្ងន់។
តែសម្រាប់ទីភ្នាក់ងារអ្នកយកព័ត៌មានរ៉យទ័រភ្លាមៗនោះគេមិនទាន់ដឹងច្បាស់ថា តើកងកម្លាំងពិសេសរបស់អ៊ុយក្រែនអាចរាប់ចំនួនអ្នកស្លាប់ និងរបួសក្នុងការវាយប្រហារនោះដោយរបៀបណានោះទេ។
បើយោងតាមទីភ្នាក់ងាររ៉យទ័រផ្ទាល់ពិតជាមិនអាចផ្ទៀងផ្ទាត់របាយការណ៍ដោយឯករាជ្យបានទេ។ ព្រោះភាគីនីមួយៗ មានពេលខ្លះក៏និយាយបំផ្លើសនៃការបាត់បង់សត្រូវក្នុងសង្គ្រាម ហើយបែរជានិយាយតិចតួចអំពីការខាតបង់របស់ខ្លួន។