អ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងរុស្ស៊ីបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកចំនួន ៣៨ គ្រឿងដើម្បីវាយប្រហារប្រទេសរបស់ខ្លួនពេញមួយយប់ ហើយការក្នុងការវាយប្រហារនោះ ក៏មានដ្រុនខ្លះបានធ្វើឱ្យវាហួសពីការការពារដែនអាកាសរបស់អ៊ុយក្រែនទៅទៀត បន្ទាប់មកវាបានបង្កឲ្យមានការខូចខាតនៅឯកំពង់ផែក្នុងតំបន់ Odesa នេះបើយោងតាមការចេញរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣។
លោក Oleh Kiper អភិបាលក្រុង Odesa បាននិយាយនៅលើ Telegram ថា ការវាយប្រហាររបស់រុស្ស៊ីបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅក្នុងតំបន់ Izmail ដែលជាផ្នែកសំខាន់នៃការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែននៅលើទន្លេ Danube ។ លោក បានបន្តទៀតថា នៅក្នុងការវាយប្រហារនេះបានធ្វើឲ្យមនុស្សពីរនាក់រងរបួស និងខូចខាតរថយន្តជាង ៣០ គ្រឿង។
ចំនែកឯកងទ័ពអាកាសរបស់អ៊ុយក្រែនបាននិយាយថា ខ្លួនបានបំផ្លាញយន្តហោះគ្មានមនុស្សបើក Shahed ផលិតដោយអ៊ីរ៉ង់ចំនួន 26 គ្រឿង ក្នុងចំណោម 38 គ្រឿង ដែលដាក់ពង្រាយដោយរុស្ស៊ី។
រីឯនៅតំបន់ Kherson ភាគខាងត្បូងនៃអ៊ុយក្រែនវិញ ក្រុមមន្ត្រីបាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីពេញមួយយប់បានធ្វើឱ្យមនុស្សយ៉ាងតិចបួននាក់រងរបួស។
តែទន្ទឹមនឹងនោះ អភិបាលនៃតំបន់ Kursk របស់រុស្ស៊ី ដែលមានព្រំប្រទល់ជាប់នឹងប្រទេសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានទម្លាក់គ្រឿងផ្ទុះនៅលើស្ថានីយអគ្គិសនី ដោយផ្តាច់ចរន្តអគ្គិសនីទៅកាន់ភូមិជាច្រើន ប៉ុន្តែក៏មិនមានជនស៊ីវិលណាមួយបានរងរបួសពីការវាយប្រហារនោះទេ។