ប្រទេសឥណ្ឌូណេស៊ីកំពុងបើកដំណើរការសាកល្បងរថភ្លើងល្បឿនលឿនដំបូងគេរបស់ខ្លួន នៅក្នុងអាស៊ីអាគ្នេយ៍ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ វាគឺជាខ្សែសេវារថភ្លើងល្បឿនលឿនដែលនឹងតភ្ជាប់ពីទីក្រុងធំជាងគេរបស់ប្រទេសមួយនេះ នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២៣។
ផ្នែកមួយនៃគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធ ខ្សែក្រវាត់ និងផ្លូវ របស់ប្រទេសចិន ហើយភាគច្រើនវាត្រូវបានផ្តល់ដោយមូលនិធិរបស់ក្រុមហ៊ុនរដ្ឋប្រទេសចិន ដែលមានតម្លៃប្រមាណ 7.3 ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយនាពេលនេះវាត្រូវបានបើកដំណើរការជាសាធារណៈកាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានការពន្យារពេលជាច្រើនលើក។
ប្រភពខាងលើបាននិយាយថា រថភ្លើងនេះនឹងធ្វើដំណើររវាងរដ្ឋធានីហ្សាកាតា និងទីក្រុង Bandung នៅកោះជ្វាខាងលិច ដែលជាទីក្រុងធំទីពីររបស់ប្រទេសឥណ្ឌូនេស៊ី និងជាមជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌ដ៏សំខាន់។
ប្រភពបានឲ្យដឹងទៀតថា ខ្សែរថភ្លើងល្បឿនលឿន គឺអាធ្វើដំណើរបានរហូតដល់២១៧ ម៉ាយ (138 គីឡូម៉ែត្រ)ក្នុងមួយម៉ោង។ ផ្លូវរថភ្លើងមួយខ្សែរនេះមានឈ្មោះជាផ្លូវការថា WHOOSH ដែលតំណាងឱ្យ “ការសន្សំសំចៃពេលវេលា ក្នុងប្រតិបត្តិការដ៏ល្អប្រសើរ ហើយវាក៏ជាប្រព័ន្ធដែលអាចទុកចិត្តបាន។ រថភ្លើងល្បឿនលឿនមួយនេះអាចដំណើរការទៅបាន គឺដោយសារតែថាមពលអគ្គិសនី ហើយវាក៏គ្មានការបំភាយកាបូនដោយផ្ទាល់ថែមទៀតផង ប្រភពបាននិយាយទៀតថា ការធ្វើដំណើររវាងទីក្រុងហ្សាកាតា និង Bandung គឺចំណាយពេលវេលាមិនដល់មួយម៉ោងផង បើធៀបនឹងពីមុនគឺចំណាយពេលរហូតដល់ ៣ ម៉ោងឯណោះ។
ចំពោះស្ថានីយ៍រថភ្លើងថ្មីមួយនេះផងដែរ គឺទទួលការគ្រប់គ្រងដោយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់រដ្ឋ PT Kereta Cepat Indonesia China (PT KCIC) រថភ្លើងធ្វើដំណើររវាងស្ថានីយ៍រថភ្លើង Halim នៅ East Jakarta និងស្ថានីយ៍រថភ្លើង Padalarang នៅ West Bandung ហើយត្រូវបានភ្ជាប់យ៉ាងល្អជាមួយប្រព័ន្ធដឹកជញ្ជូនសាធារណៈក្នុងតំបន់។
ក្រុមមន្ត្រីបានបន្ថែមថា រថភ្លើងដែលត្រូវបានកែប្រែសម្រាប់អាកាសធាតុត្រូពិចរបស់ប្រទេសឥណ្ឌូនេស៊ី ត្រូវបានបំពាក់ដោយប្រព័ន្ធសុវត្ថិភាពដែលអាចឆ្លើយតបទៅនឹងការរញ្ជួយដី ទឹកជំនន់ និងលក្ខខណ្ឌសង្គ្រោះបន្ទាន់ផ្សេងៗជាច្រើនទៀត។
យោងតាមព័ត៌មានដែលចេញផ្សាយដោយក្រុមហ៊ុន PT KCIC បាននិយាយថា ផ្លូវរថភ្លើងនេះគឺមានបំពាក់ដោយ Wi-Fi និងចំណុចសាក USB ហើយអាចផ្ទុកអ្នកដំណើរបាន 601 នាក់ ហើយវានឹងមានកៅអី បីជម្រើស គឺ ទីមួយ ទីពីរ និងវីអាយភី។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ី គឺជាប្រទេសធំជាងគេទី៤ របស់ពិភពលោក និងជាមហាសេដ្ឋីអាស៊ីអាគ្នេយ៍ ហើយប្រទេសមួយនេះក៏កំពុងតែទាក់ទាញការវិនិយោគយ៉ាងសកម្ម និងបើកចំហពីប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំបំផុតរបស់ខ្លួន។
នៅក្នុងកិច្ចប្រជុំដ៏ល្បីមួយកាលពីខែកក្កដា រវាងមេដឹកនាំឥណ្ឌូនេស៊ី និងចិន លោក Joko Widodo និង Xi Jinping បានបង្ហាញនូវគម្រោងជាបន្តបន្ទាប់ រួមទាំងផែនការសាងសង់រោងចក្រផលិតកញ្ចក់ចិនតម្លៃរាប់ពាន់លានដុល្លារនៅលើកោះ Rempang ក្នុងប្រជុំកោះ Riau Islands ប្រទេសឥណ្ឌូនេស៊ី។
សូមរំលឹកថា កិច្ចព្រមព្រៀងរថភ្លើងមួយនេះ គឺត្រូវបានចុះហត្ថលេខាជាលើកដំបូងនៅក្នុងឆ្នាំ 2015 ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន ហើយការសាងសង់បានចាប់ផ្តើមនៅពេលក្រោយក្នុងឆ្នាំនោះមក។
ដំបូងឡើយ វាត្រូវបានរំពឹងថានឹងបញ្ចប់នៅឆ្នាំ 2019 ប៉ុន្តែបានប្រឈមមុខនឹងការពន្យារពេលប្រតិបត្តិការជាច្រើន ដោយសារការរាតត្បាតនៃជំងឺកូវីដ-19 ក៏ដូចជាការចំណាយលើលទ្ធកម្មដីធ្លី ទើបធ្វើឲ្យគម្រោងត្រូវបានពន្យាពេល។
សម្រាប់បច្ចុប្បន្ន នាយកក្រុមហ៊ុន PT KCIC លោក Dwiyana បានសាទរចំពោះផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung ថាជា “គំរូដ៏លេចធ្លោនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងឥណ្ឌូនេស៊ី និងចិន”។ លោកបានបន្តថា វានឹងមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរបស់ឥណ្ឌូនេស៊ីប៉ុណ្ណោះទេ ប៉ុន្តែនឹង«លើកកម្ពស់ការអភិវឌ្ឍផ្លូវដែក និងឧស្សាហកម្មផលិតកម្មរបស់ឥណ្ឌូនេស៊ី»ផងដែរ។