មេធាវី William Bourdon និង Vincent Brengarth ដែលកំពុងតំណាងឱ្យអង្គការទាំងបួនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅពេលដែលអង្គការសហប្រជាជាតិមានការព្រួយបារម្ភអំពី “ការប្រែប្រួលនៃអាកាសធាតុ” ដែលកំពុងបន្តកើតឡើងមិនឈប់ឈរ ប៉ុន្តែក្រុមហ៊ុន TotalEnergies មិនត្រូវបន្តទង្វេលរបស់ខ្លួន បើទោះបីជាក្រុមហ៊ុនមួយនេះដឹងថា វានឹងមានផលប៉ះពាល់ដល់អាកាសធាតុក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់ rfi កាលពីថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២៣។ “
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមមេធាវីបាននិយាយបន្ថែមថា “ឥឡូវនេះ វាដល់ពេលដែលក្រុមហ៊ុន TotalEnergies ត្រូវទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួនហើយ” ។ បើតាមទស្សនៈរបស់ពួកគេបានគូសបញ្ជាក់ថា ក្រុមហ៊ុន TotalEnergies ត្រូវតែប្រឈមចំពោះមុខតុលាការព្រហ្មទណ្ឌ “សម្រាប់សកម្មភាពដែលនាំឲ្យមាន ការប្រែប្រួលអាកាសធាតុ។
ចំនែកឯ TotalEnergies បានឆ្លើយតបវិញ ថាខ្លួនមិនមានចំណេះដឹងគ្រប់គ្រាន់ អំពីផលប៉ះពាល់ដែលក្រុមមេធាវីទាំងនោះបានចោទប្រកាន់នោះទេ។ “ក្រុមហ៊ុនមួយនេះបានបញ្ជាក់ទៅវិញថា ការធ្វើប្រតិបត្តិការរបស់ខ្លួនគឺស្របតាមស្តង់ដារប្រតិបត្តិការតាមផ្លូវច្បាប់ និងបទប្បញ្ញត្តិ។ ហើយខាងយើងខ្ញុំនឹងមានការឆ្លើយតប ប្រសិនបើមានសំណើរពីខាងអាជ្ញាធរ ក្នុងករណីចាំបាច់” នេះបើយោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុនបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន ក្រុមហ៊ុន TotalEnergies បានប្រកាសនូវកិច្ចព្រមព្រៀងវិនិយោគចំនួន 10 ពាន់លានដុល្លារជាមួយប្រទេសអ៊ូហ្គង់ដា តង់ហ្សានី និង ក្រុមហ៊ុនចិន CNOOC រួមទាំងការសាងសង់បំពង់បង្ហូរប្រេងដែលមានប្រវែង 1,443 គីឡូម៉ែត្រ ( EACOP ) ដោយតភ្ជាប់ពីអណ្តូងប្រេង Lake Albert នៅភាគខាងលិចនៃប្រទេស Uganda ទៅឆ្នេរសមុទ្រ Tanzanian នៅលើមហាសមុទ្រឥណ្ឌា។ .
ការវិនិយោគរបស់ក្រុមខាងលើនេះ គឺគ្រោងនឹងខួងអណ្តូងប្រេងជិត 400កន្លែង នៅក្នុង ឧទ្យានធម្មជាតិ Murchison Falls ដែលរួមមានទឹកជ្រោះ White Nile ដែលជាឧទ្យានជាតិដ៏ធំបំផុតរបស់អ៊ូហ្គង់ដា។
កាលពីដើមខែកក្កដា អង្គការឃ្លាំមើលសិទិ្ធមនុស្សបានអំពាវនាវឱ្យបញ្ឈប់គម្រោងនេះ ដោយ បញ្ជាក់នៅក្នុងរបាយការណ៍ ថា ខ្លួនបាន “បំផ្លិចបំផ្លាញដល់ជីវភាពរស់នៅរបស់ប្រជាជនរាប់ពាន់នាក់” រួចហើយ។
សម្រាប់មេធាវី HRW គម្រោងនេះនឹងនាំទៅដល់ “ការផ្លាស់ទីលំនៅរបស់ប្រជាជនដ៏ធំ” និង “ភាពក្រីក្រដ៏ធំនៃប្រជាជនក្នុងតំបន់” ជាពិសេសវាក៏មានផលប៉ះពាល់យ៉ាងសំខាន់លើ “តំបន់ធម្មជាតិជាច្រើន” ដែលពួកគេបានគូសបញ្ជាក់។
អ្នកតវ៉ាបានចោទប្រកាន់ក្រុមហ៊ុន TotalEnergies ថាមិនបានចាត់វិធានការណាមួយដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយដែលកំពុងប៉ះពាល់ដល់ចំនួនប្រជាជនពាក់កណ្តាលពិភពលោករួចទៅហើយ។
ពួកគេក៏បានរិះគន់យុទ្ធសាស្ត្រទំនាក់ទំនងរបស់ក្រុមហ៊ុននេះផងដែរ ដែលត្រូវបានរៀបចំឡើងដើម្បីផ្តល់នូវការបំភាន់នៃយុទ្ធសាស្ត្របរិស្ថានប្រកបដោយមហិច្ឆតា ដើម្បីលាក់បាំងអវត្តមានជាក់ស្តែង និងសកម្មភាពសមស្រប ដើម្បីប្រយុទ្ធប្រឆាំងនឹងការឡើងកំដៅផែនដី។
ករណី របស់ពួកគេ ត្រូវបានច្រានចោល កាលពីខែកុម្ភៈកន្លងទៅដោយតុលាការទីក្រុងប៉ារីស ដែលបានរិះគន់អង្គការក្រៅរដ្ឋាភិបាលថា មិនបានស្វែងយល់ឱ្យបានគ្រប់គ្រាន់នូវលទ្ធភាពនៃការសន្ទនាជាមួយក្រុមហ៊ុនយក្សប្រេងមុនពេលចាត់វិធានការផ្លូវច្បាប់។
ទន្ទឹមនឹងនេះ មេធាវី Bourdon និង Brengarth ក៏បានចង្អុលបង្ហាញថា យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ ដើម្បីអនុលោមតាមកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស និង “ជៀសវាងអនាគតដ៏អាប់អួរ” ចាំបាច់ត្រូវ “បោះបង់ចោលជាបន្ទាន់” គម្រោងប្រេងថ្មីទាំងអស់។
តែចំពោះមេធាវី របស់ក្រុមហ៊ុន TotalEnergies បានពន្យល់ថា នេះគឺជាក្រុមហ៊ុនប្រេង ឯកជន ដែលបានអនុម័ត “គម្រោងប្រេងថ្មីបំផុតសម្រាប់រយៈពេលពី 2022 ដល់ 2025 ។ ប៉ុន្តែឥឡូវក្រុមដែលដាក់ពាក្យបណ្តឹងបានសង្ឃឹមថា តុលាការបារាំងនឹងចាត់វិធានការឲ្យក្រុមហ៊ុន TotalEnergies ផ្លាស់ប្តូរយុទ្ធសាស្រ្តវិនិយោគរបស់ខ្លួន ដើម្បីកាត់បន្ថយនូវការវិនិយោគឥន្ធនៈហ្វូស៊ីល និងអភិវឌ្ឍថាមពលកកើតឡើងវិញឲ្យបានច្រើន ដោយពួកគេបានចង្អុលបង្ហាញថា នៅក្នុងប្រទេសហូឡង់ តុលាការបានបង្ខំឱ្យក្រុម Shell កាត់បន្ថយការបំភាយឧស្ម័ន CO² របស់ខ្លួនឲ្យបាន ៤៥ ភាគរយនៅឆ្នាំ ២០៣០។