មន្ត្រីអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកនឹងផ្ទេរ អាវុធ និងគ្រាប់រំសេវរាប់ពាន់គ្រាប់ ដែលខ្លួនបានរឹបអូសពីអ៊ីរ៉ង់ ប្រគល់ទៅឲ្យប្រទេសអ៊ុយក្រែន ដើម្បីជួយសម្រាលភាពខ្វះខាតដ៏សំខាន់មួយចំនួន ខណៈដែលទាហ៊ានអ៊ុយក្រែនកំពុងតែរង់ជំនួយជាថវិកា និងសម្ភារៈជាច្រើនទៀត ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តពួកលោកខាងលិច នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ២០២៣។
ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបានផ្ទេរគ្រាប់រំសេវរបស់អ៊ីរ៉ង់ ដែលបានមកពីការរឹបអូស គឺមានប្រហែលជាងមួយលានគ្រាប់ ត្រូវបានបញ្ជូនទៅឱ្យកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនរួចរាល់។ បើយោងតាមCENTCOM(ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ការផ្ទេរនេះត្រូវបានធ្វើឡើងកាលពីថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ។
បើយោងតាមសេចក្តីថ្លែងការណ៍របស់មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា “រដ្ឋាភិបាលខ្លួនបានទទួលសិទ្ធិនៃការកាន់កាប់គ្រាប់បែកទាំងនេះនៅថ្ងៃទី 20 ខែកក្កដាឆ្នាំ 2023 គឺតាមរយៈពាក្យបណ្តឹងទាមទារសំណងរដ្ឋប្បវេណីរបស់នាយកដ្ឋានយុត្តិធម៌ប្រឆាំងនឹងកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC)” ។
ដោយកាលណោះ ក្រសួងយុត្តិធម៌បានប្រកាសកាលពីខែមីនាថា ខ្លួនកំពុងស្វែងរកការរឹបអូសគ្រាប់រំសេវរបស់អ៊ីរ៉ង់ចំនួនមួយលានគ្រាប់ ហ្វុយហ្ស៊ីបជិតរាប់ពាន់សម្រាប់គ្រាប់បែកដៃបាញ់រ៉ុក្កែត និងអាវុធបាញ់រាប់ពាន់ផោនសម្រាប់គ្រាប់បែកដៃរ៉ុក្កែត ដែលកងទ័ពជើងទឹករឹបអូសបានពីប្រទេសអ៊ីរ៉ង់ ក្នុងដំណើរឆ្លងកាត់មួយដើម្បីបញ្ជូនទៅកាន់ប្រទេសយេម៉ែន។
ខាងរដ្ឋបាលរបស់លោក Joe Biden បានធ្វើការថ្លឹងថ្លែងជាច្រើនខែកន្លងមកនេះ ដើម្បីសិក្សាអំពីរបៀបបញ្ជូនអាវុធដែលរឹបអូសទាំនោះដោយស្របច្បាប់ ដែលអាចរក្សាទុកក្នុងបរិក្ខារ CENTCOM នៅទូទាំងមជ្ឈិមបូព៌ា បន្ទាប់មកទើបប្រគល់ទៅឲ្យអ៊ុយក្រែន។
សូមរំលឹកថានៅពីពាក់កណ្តាលខែមករា សហរដ្ឋអាមេរិកក៏ធ្លាប់បានជួយកងកម្លាំងបារាំងក្នុងការរឹបអូសកាំចំនួន 3,000 ដើម កាំជ្រួចប្រឆាំងរថក្រោះចំនួន 23 ដើមផងដែរ។ ដោយនាពេលនោះ កប៉ាលដឹកអាវុធរបស់ប្រទេសអ៊ីរ៉ង់ គឺបានធ្វើដំណើរទៅកាន់ប្រទេសយេម៉ែនដូចគ្នា។
បើយោងតាមការរៀបរាប់របស់មេបញ្ជាការកណ្តាលបានឱ្យដឹងថា ការហាមឃាត់អាវុធខុសច្បាប់នោះបានបិទក្នុងរយៈពេលពីរខែ ដែលសហរដ្ឋអាមេរិក និងដៃគូបានធ្វើការរឹបអូសអាវុធជាសរុបប្រមាណ 5,000 គ្រឿង និងគ្រាប់កាំភ្លើងចំនួន 1,6 លានគ្រាប់។
ចំនែកឯក្រុមមន្ត្រីបាននិយាយថា ក្រសួងយុត្តិធម៌ និងមន្ត្រីការពារជាតិបានធ្វើការរួមគ្នាដើម្បីស្វែងរកផ្លូវច្បាប់ក្នុងការបញ្ជូនអាវុធទាំងនោះទៅកាន់ប្រទេសអ៊ុយក្រែនទាំងអស់ ហើយចំពោះមធ្យោបាយមួយដែលអាចធ្វើទៅបានគឺធ្វើតាមរយៈអាជ្ញាធររឹបអូសស៊ីវិលរបស់សហរដ្ឋអាមេរិកតែម្តង។
គួរបញ្ជាក់ថាក្រសួងយុត្តិធម៌ បានដាក់ពាក្យបណ្តឹងរឹបអូសយ៉ាងហោចណាស់ចំនួនពីរករណី ដើម្បីប្រឆាំងនឹងការដឹកជញ្ជូនគ្រាប់រំសេវ និងអាវុធរបស់អ៊ីរ៉ង់នៅឆ្នាំនេះ។ ម្យ៉ាងវិញទៀត ក្រៅពីការប្រកាសកាលពីខែមីនា ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (DOJ) ក៏បានប្រកាសកាលពីខែកក្កដាថា ខ្លួនកំពុងតែស្វែងរកការរឹបអូសបន្ថែមទៀតទៅលើការដឹកអញ្ជូនអាវុធដោយខុសច្បាប់ ដោយក្នុងនោះរួមមាន “កាំភ្លើងជាង 9,000 ដើម កាំភ្លើងធំ284 ដើម គ្រាប់រ៉ុក្កែតប្រហែល 194 គ្រាប់ កាំជ្រួចប្រឆាំងរថក្រោះជាង 70 គ្រាប់ និងគ្រាប់រំសេវជាង 700,000 គ្រាប់” ដែលត្រូវរឹបអូសពី អ៊ីរ៉ង់ យកមករក្សាទុកផងដែរ។
សហរដ្ឋអាមេរិក នឹងផ្ទេរអាវុធ ដែលរឹបអូសពីអ៊ីរ៉ង់ យកទៅឲ្យអ៊ុយក្រែន
តាមដានយើងតាមរយៈ Telegram CPN Daily