ព្យុះទីហ្វុង Koinu បានបោកបក់កាត់ភាគខាងត្បូងនៃកោះតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍ ដោយបានបណ្តាលឲ្យមនុស្ស ១៩០នាក់បានរងរបួស ព្រមទាំងបង្ករឲ្យមានការខូចខាតមួយចំនួនបានកើតឡើងផងដែរ ប៉ុន្តែវាក៏មិនមានអ្នកស្លាប់ណាមួយនោះទេ។ ព្យុះទីហ្វុង Koinu បានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំង ទើបអាជ្ញាធរបង្ខំចិត្តត្រូវជម្លៀសប្រជាជនរាប់លាននាក់ចេញជាបណ្តោះអាសន្ន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២៣។.
Koinu ដែលមានន័យថា “កូនឆ្កែ” វាជាភាសាជប៉ុន វាគឺពាក្យដែលគេកំណត់ប្រភេទនៃព្យុះ បច្ចុប្បន្នព្យុះនេះវាបានបោកបក់លើឧបទ្វីប Hengchun របស់តៃវ៉ាន់។ គួរបញ្ជាក់ថានេះជាព្យុះទីហ្វុងប្រភេទទី 4 ដែលបង្ហាញពីខ្យល់បក់រហូតដល់ 252 គីឡូម៉ែត្រក្នុងមួយម៉ោង (156 ម៉ាយក្នុងមួយម៉ោង) ប៉ុន្តែវាបានចុះខ្សោយនៅពេលដែលវាបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ហើយឆ្ពោះទៅខេត្តក្វាងទុងរបស់ប្រទេសចិន។
ភ្លៀងធ្លាក់ខ្លាំងបំផុតបានធ្លាក់នៅតំបន់ភ្នំ និងមានប្រជាជនតិចតួចដែលរស់នៅក្នុងស្រុក Pingtung នៅភាគខាងត្បូង និងតំបន់ឆ្នេរសមុទ្រភាគខាងកើតនៃ Taitung និង Hualien ម្យ៉ាងវិញទៀតព្យុះទីហ្វុងមួយនេះ ក៏បានប៉ះពាល់ដល់ទីក្រុងកំពង់ផែដ៏សំខាន់មួយ Kaohsiung ភាគខាងត្បូងផងដែរ។
ចំនែកឯនៅទីក្រុង និងស្រុកភាគច្រើនបានប្រកាសឈប់សម្រាកពីការងារ និងសាលារៀន តែចំពោះរដ្ឋធានីតៃប៉ិវិញ ដែលជាកន្លែងទីផ្សារហិរញ្ញវត្ថុដ៏ធំ គឺមិនរងផលប៉ះពាល់នោះ និងបើកដំណើរការជាធម្មតា។
ក្រុមហ៊ុនផលិតបន្ទះឈីប TSMC (2330.TW) បាននិយាយថា រោងចក្ររបស់ខ្លួនក៏ដំណើរការជាធម្មតាដែរ។
ព្យុះទីហ្វុងបានចូលមកច្រកសមុទ្រតៃវ៉ាន់នារសៀលថ្ងៃព្រហស្បតិ៍ ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងត្រូវបានគេព្យាករណ៍ថានឹងបន្តដល់ថ្ងៃសុក្រ ដែលភាគច្រើននៅភាគខាងត្បូង និងខាងកើតរបស់កោះនេះ។
នាយកដ្ឋានពន្លត់អគ្គីភ័យរបស់តៃវ៉ាន់បានរាយការណ៍ថា នាពេលឥឡូវនេះគឺមានអ្នករងរបួសចំនួន 190 នាក់ ប៉ុន្តែមិនមានករណីស្លាប់នោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ការខូចខាតកាន់តែច្រើនត្រូវបានគេរាយការណ៍នៅលើកោះអ័រគីដ នៃឆ្នេរសមុទ្រ Taitung ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងជាជម្រករបស់មនុស្សប្រហែល 5,000 នាក់ ត្រូវបានបង្ហាញដោយរូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា រថយន្តបានខ្ទៀតចេញពីផ្លូវ និងទូកនេសាទបានលិចនៅក្នុងកំពង់ផែមួយកន្លែង។
ខាងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកសំខាន់ពីររបស់តៃវ៉ាន់គឺ UNI Air និង Mandarin Airlines បានលុបចោលជើងហោះហើរភាគច្រើនរបស់ពួកគេសម្រាប់ថ្ងៃព្រហស្បតិ៍ ខណៈដែលសាឡាងទៅកាន់កោះឆ្ងាយៗក៏ត្រូវបានបញ្ឈប់ផងដែរ។
ដឹកជញ្ជូនបាននិយាយថា ជើងហោះហើរអន្តរជាតិសរុបចំនួន 46 ជើងត្រូវបានលុបចោល ប៉ុន្តែរថភ្លើងល្បឿនលឿនដែលតភ្ជាប់ភាគខាងជើង និងភាគខាងត្បូងតៃវ៉ាន់មិនរងផលប៉ះពាល់នោះទេ។